ក្រុមមន្ត្រីកូរ៉េខាងត្បូងកំពុងស្វះស្វែងកាត់បន្ថយការជំទាស់ប្រឆាំងនៅក្នុងស្រុកដល់ផែនការបញ្ចេញទឹកកខ្វក់ដែលត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima របស់ជប៉ុន។
ការបញ្ចេញទឹកកខ្វក់នេះអាចធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងកក់ក្តៅជាងមុនកាលពីថ្មីៗនេះរវាងប្រទេសទាំងពីរ នៅក្នុងការប្រឈមនឹងភាពគឃ្លើនកើនឡើងរបស់ចិន ហើយអ្នកវិភាគខ្លះព្រួយបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងអាចប្រើបញ្ហាការបញ្ចេញទឹកកខ្វក់នេះ ដើម្បីព្យាយាមធ្វើការបំបែកបំបាក់ប្រទេសទាំងពីរ។
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ត្រូវគេរំពឹងថា នឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ ដើម្បីពន្យល់អំពីការយល់ព្រមរបស់លោកឱ្យរោងចក្រជប៉ុនបញ្ចេញទឹក ដែលត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លោកGrossiបានចេញសេចក្តីយល់ព្រមនេះកាលពីថ្ងៃអង្គារក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ជាទីកន្លែងដែលលោកបានប្រគល់របាយការណ៍ ១៤០ ទំព័ររបស់ទីភ្នាក់ងារ IAEA ជូននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។
លោក Grossi បានបញ្ជាក់នៅក្នុងរបាយការណ៍នោះថា ការបញ្ចេញទឹកចូលក្នុងមហាសមុទ្រនឹងមាន «ផលប៉ះពាល់នៃវិទ្យុសកម្មស្តួចស្តើងលើមនុស្សនិងបរិស្ថាន»។
ទោះជាយ៉ាងណាក៏ដោយ ផែនការដើម្បីបញ្ចេញទឹកនោះបានធ្វើឱ្យមានការតវ៉ាប្រឆាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ទាមទារឱ្យរដ្ឋាភិបាលលោក Yoon រាំងខ្ទប់ការបញ្ចេញទឹកនេះ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងកូរ៉េខាងត្បូងលោកLee Jae-myung បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯការតវ៉ាប្រឆាំងមួយយប់ពេញនៅសភាថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Yoon Suk Yeol «កំពុងបង្ខំឱ្យប្រជាពលរដ្ឋជឿរបាយការណ៍របស់ជប៉ុននិងទីភ្នាក់ងារ IAEA»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Yoon បានប្រកាសថា ខ្លួនពេញចិត្តនឹងដំណើរការពិនិត្យសើរើឡើងវិញពីសុវត្ថិភាពរបស់ទីភ្នាក់ងារ IAEA។
ក្នុងអំឡុងនៃសន្និសីទកាសែតមួយកាលពីថ្ងៃពុធ លោក Park Ku-yeon អនុប្រធានទី ១ នៃការិយាល័យសម្រាប់ការសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលបាននិយាយថា៖ «រដ្ឋាភិបាលទទួលស្គាល់ IAEA ជាទីភ្នាក់ងារមួយដែលមានកិត្យានុភាពនៅអន្តរជាតិ ហើយយើងគោរពការរកឃើញរបស់ទីភ្នាក់ងារនេះ»។
ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងអាចប្រើការតវ៉ាប្រឆាំងនឹងការបញ្ចេញទឹកកខ្វក់ចូលក្នុងមហាសមុទ្រនេះជាឧបករណ៍នយោបាយ ដើម្បីបំបែកចំណងទាក់ទងរវាងរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងតូក្យូ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកចំណងទាក់ទងទ្វេភាគីរវាងសម្ពន្ធមិត្តដ៏សំខាន់ទាំងពីររបស់ខ្លួន ជាការសំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងភាពគឃ្លើនរបស់ចិន នៅក្នុងតំបន់៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន