ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​លា​លោក Abe ជា​លើក​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​នេះ

រូបថត​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ក្នុង​ពិធី​បុណ្សសព​ផ្លូវ​រដ្ឋ​របស់​លោក កាល​ពី​ថ្ងៃអង្គារ ទី ២៧ ខែកញ្ញា​ ឆ្នាំ២០២២។
រូបថត​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ក្នុង​ពិធី​បុណ្សសព​ផ្លូវ​រដ្ឋ​របស់​លោក កាល​ពី​ថ្ងៃអង្គារ ទី ២៧ ខែកញ្ញា​ ឆ្នាំ២០២២។

ប្រទេស​ជប៉ុន​បាន​លា​ជា​លើក​ចុងក្រោយ​ប្រកប​ដោយ​ក្ដី​រំជួលចិត្ត​នៅ​ថ្ងៃ​អង្គារ​នេះ​ដល់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​សម័យ​ទំនើប​នេះ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាលពី​ខែ​កក្កដា។

ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីលាន Nippon Budokan កណ្តាល​រាជធានី​តូក្យូ​បាន​ទាក់ទាញ​ពលរដ្ឋ​ជប៉ុន​រាប់​ពាក់​នាក់​និង​ឥស្សរជន​បរទេស​ឱ្យ​ចូល​មក​គោរព​ធាតុ​របស់​លោក ថ្វីបើ​មាន​ការ​រិះគន់​នៅ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​ពិធី​បុណ្យ​នេះ​ក៏ដោយ។

ធាតុ​របស់​លោក Abe ត្រូវ​បាន​ភរិយា​របស់​លោក​នាំ​យក​ចូល​ទៅ​ក្នុង​សាល​នៃ​ទីលាន​នោះ​ហើយ​ដាក់​នៅ​ឯ​ទីកន្លែង​តែង​លម្អ​ដែល​មាន​ផ្កា​និង​ទង់ជាតិ​ជប៉ុន។

ដោយ​បែរ​មុខ​ទៅកាន់​ធាតុ​របស់​លោក Abe និង​បែរ​ខ្នង​ទៅ​រក​ហ្វូង​មនុស្ស នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ធ្វើ​សុន្ទរកថា​អំពី​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ចំពោះ​លោក Abe ដែល​ជា​មិត្តភក្តិ​និង​ជា​អ្នក​ផ្ដល់​ឱវាទ​របស់​លោក។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យសព​ផ្លូវ​រដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។

លោក Kishida បាន​និយាយ​ថា៖ «លោក Abe! លោក​គឺជា​មនុស្ស​ម្នាក់​ដែល​យើង​ត្រូវការ​ឱ្យ​ស្ថិត​នៅ​ជាមួយ​យើង​ឱ្យ​បាន​យូរ​អង្វែង​ជាង​នេះ»។

ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពិធី​នោះ​ចាប់ផ្ដើម ពលរដ្ឋ​ជប៉ុន​បាន​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ខាង​ក្រៅ​កន្លែង​រៀបចំ​ពិធី​បុណ្យ​ដើម្បី​ដាក់​ផ្កា​និង​គោរព។

មេដឹកនាំ​បរទេស​នានា​ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ ដែល​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ប្រជាប្រិយភាព​ដ៏​ទូលំទូលាយ​របស់​លោក Abe នៅ​បរទេស។ លោក Abe បាន​ទទួល​ការ​សរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​និង​មិត្តភាព​របស់​លោក ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris (ឆ្វេង) អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris (ស្ដាំ) ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ដើម្បី​សម្ដែង​មរណ:ទុក្ខ​ចំពោះ​សព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ដែល​ដឹកនាំ​គណ:ប្រតិភូ​សហរដ្ឋ​អាមេរិក​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​នោះ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Abe បាន​បន្សល់​ទុក​កេរដំណែល​នៃ «មិត្តភាព​ដ៏​ស្ថិតស្ថេរ​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក»។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ដែរ បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ថា​លោក Abe ជា​«មិត្តភក្តិ​ដ៏​ស្និទ្ធ​ម្នាក់ និង​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​មិត្តិភាព​ឥណ្ឌា-ជប៉ុន‍»។

​ចំណែក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក៏​បាន​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​នេះ​ដែរ ដោយ​លោក ហ៊ុន សែន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ Abe «‍ជាមិត្តភ័ក្រ​ដ៏ល្អ​ពិតប្រាកដ និង​ជា​អ្នកគាំទ្រ​ដ៏ស្មោះត្រង់​របស់​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​ជ្រាលជ្រៅ​ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា។»

ក៏​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ កេរដំណែល​របស់​លោក Abe មាន​ភាព​ស្មុគស្មាញ។ ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋរបស់​លោក Abe ត្រូវ​បាន​រៀបចំយ៉ាងធំធេង​និង​មាន​កិត្តិយស​ដូច​ពិធី​សម្រាប់អធិរាជ​និង​គ្រួសារ​អធិរាជ​ដែរ ដែល​នេះ​បាន​នាំ​ឱ្យ​មាន​ប្រតិកម្មប្រឆាំង​ខ្លាំង​ពី​សាធារណជន។
ការ​ស្ទង់​មតិបង្ហាញ​ថា ជនជាតិ​ជប៉ុន​ភាគច្រើន​ប្រឆាំង​នឹង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​សម្រាប់​លោក Abe ដោយ​ពួក​គេ​ជា​ច្រើន​ថា​ពិធី​នេះត្រូវ​ចំណាយ​ថវិកា​ច្រើន​ពេក។ មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ប៉ាន់​ស្មាញ​ថា​ពិធី​នេះ​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​១២​លាន​ដុល្លារ។​

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពិធី​បុណ្យ​នេះ ហើយ​កាល​ពី​សប្តាហ៍​មុន បុរស​ម្នាក់​បាន​ដុត​ខ្លួន​នៅ​ជិត​ការិយាល័យ​នាយករដ្ឋមន្ត្រី ដែល​នេះ​ទំនងជាដើម្បី​សម្តែង​ការ​ប្រឆាំង។

អ្នក​ក្រុង​តូក្យូ​ម្នាក់​ដែល​សុំ​ត្រឹម​ប្រើ​ត្រកូល​ Sasaki និយាយ​ថា ​ទោះ​បី​អ្នកស្រី​សរសើរ​ពី​កេរដំណែល​លោក Abe ក្តី ក៏​អ្នកស្រី​យល់​ថា​ពីធី​នេះត្រូវ​ចំណាយ​ថវិកា​ច្រើន​ពេក។ ចំណែក​លោក Mario Ito ថា​លោក​ហួសចិត្ត​ដែល​រដ្ឋាភិបាល​នៅ​តែ​រៀបចំ​ពិធី​បុណ្យ​សព​នេះ ថ្វី​បើ​មាន​ជនជាតិ​ជប៉ុន​រហូត​៧០%​បាន​ប្រឆាំង​ក្តី៕

XS
SM
MD
LG