ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី ​លោក ​Shinzo Abe


នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida និង​បណ្ដា​មន្ត្រី​នានា​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Shinzo Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida និង​បណ្ដា​មន្ត្រី​នានា​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Shinzo Abe នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។

ជនជាតិ​ជប៉ុន​ដែល​កំពុង​សោកសៅ​បាន​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​Shinzo Abe ​នៅ​ថ្ងៃ​អង្គារ​នេះ។​ រៀងរាល់​ថ្ងៃ​ប្រជាជន​ជាច្រើន​នាក់​បាន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​ Zojoji ​ក្នុង​ទីក្រុង​តូក្យូ​ដើម្បី​ដាក់​ផ្កា​ និង​និមិត្ត​សញ្ញា​ផ្សេង​ទៀត​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ​Abe ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង ​Nara​ ភាគខាង​លិច​ អំឡុង​ពេល​យុទ្ធនាការ។​ អ្នក​កាន់​ទុក្ខ​ជា​ច្រើន​នាក់​បាន​យំ​ខណៈ​ពួកគេ​ឱន​ក្បាល​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​មុខ​ព្រះវិហារ។​

ព្រះ​វិហារ​ Zojoji​ គឺ​ជា​កន្លែង​ប្រារព្ធ​ពិធី​សម្រាប់​សព​លោក ​Abe​អាយុ​៦៧​ឆ្នាំ​ ហើយ​អនុញ្ញាត​សម្រាប់​តែ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ និង​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។ ​បន្ទាប់​មក ​មឈូស​របស់​លោក ​Abe ​ត្រូវ​បាន​ដង្ហែ​យ៉ាង​វែង​ចេញ​ពី​ព្រះវិហារ​ឆ្លងកាត់​ទីក្រុង​តូក្យូ​ទៅ​កាន់​សាល​ពិធី​បុណ្យសព​ Kirigaya ​សម្រាប់​ការ​បូជា​ដោយ​មាន​អ្នក​ស្រុក​រាប់​ពាន់នាក់​តម្រង់​ជួរ​តាម​ផ្លូវ​ និង​លើក​ដៃ​លា​លោក​ជា​ចុង​ក្រោយ។​

ការ​ដង្ហែ​នេះ​កំណត់​ធ្វើ​ឆ្លង​កាត់​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ការិយាល័យ​នាយក​រដ្ឋមន្ត្រី ​របស់​លោក​ ​អគារ​សភា ​និង​ទីស្នាក់ការ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​របស់​លោក។ ​ខ្មាន់​កាំភ្លើង​ ឈ្មោះ​ Tetsuya Yamagami ​អាយុ ​៤១​ ឆ្នាំ​ដែល​ធ្វើ​ឃាត​លោក​ Abe ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​បាន​បាញ់​អតីត​នាយក​រដ្ឋមន្ត្រីហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង។​

សារ​ព័ត៌មាន​ជប៉ុន​និយាយ​ថា ​លោក​ Yamagami​ អតីត​សមាជិក​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​របស់​ប្រទេស​នេះ​ ចង់​សម្លាប់​លោក ​Abe​ ដោយ​សារ​តែ​ជឿថា​ លោក​ Abe ​រួម​ចំណែក​ក្នុង​ក្រុម​សាសនា​ដែល​គាត់​បន្ទោស​ថា​ បាន​បំផ្លាញ​ហិរញ្ញ​វត្ថុ​របស់​ម្តាយ​គាត់។ ​វិហារ​ Unification Church ​ដែល​ជា​ចលនា​សាសនា​សាកល​បង្កើត​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ទសវត្សរ៍​១៩៥០​ដោយ​ព្រះ​តេជគុណ​ Sun Myung Moon ​នោះ​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ​ម្តាយ​របស់ ​លោក​Yamagami ​គឺ​ជា​សមាជិក ​ប៉ុន្តែ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​បរិច្ចាគ​របស់​អ្នកស្រី​ទេ៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Reuters និង​ Agence France-Presse)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG