ក្រុមអ្នកវិភាគបាននិយាយ កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានធ្វើឃាត នឹងចូលក្នុងទំព័រប្រវត្តិសាស្ត្រថាជាសម្ព័ន្ធមិត្តដ៏ខ្ជាប់ខ្ជួនមួយរបស់សហរដ្ឋអាមេរិក ដែលគាំទ្រកម្លាំងរបស់ប្រទេសលោកខាងលិចនៅក្នុងតំបន់អាស៊ីខាងកើត ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏កើនឡើងរបស់ប្រទេសចិន។
លោក Abe ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេនៅប្រទេសជប៉ុន បានទទួលអនិច្ចកម្ម នៅពេលលោកត្រូវបានបាញ់សម្លាប់ នៅពេលលោកឃោសនាបោះឆ្នោតក្នុងទីក្រុង Nara នៃប្រទេសជប៉ុន។
លោក Abe ដែលជាមេដឹកនាំអភិរក្សនិយមជប៉ុន បានលាលែងពីតំណែងនៅខែសីហា ឆ្នាំ ២០២០ ដោយបានបម្រើការងារ រយៈពេល ៩ ឆ្នាំ។ ក៏ប៉ុន្តែ លោកនៅតែសកម្មក្នុងវិស័យនយោបាយ ជាពិសេសជាសំឡេងមួយរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលគ្រប់គ្រងប្រទេស។
ក្រុមអ្នកវិភាគលើកឡើងថា ពិភពលោកបានស្គាល់លោក Abe ដោយសារគោលនយោបាយការបរទេសរបស់លោក បានផ្សារភ្ជាប់រដ្ឋាភិបាលក្រុងតូក្យូឱ្យជិតស្និទ្ធជាងមុនជាមួយរដ្ឋាភិបាលអាមេរិក និងប្រទេសជាសម្ព័ន្ឋមិត្តរបស់អាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រី Akiko Horiba ជាមន្ត្រីជាន់ខ្ពស់គ្រប់គ្រងគម្រោងនៅអង្គការស្រាវជ្រាវមូលនិធិសន្តិភាព Sasakawa នៅក្រុងតូក្យូ។ លោកស្រីបាននិយាយថា៖ «លោក Abe សកម្មណាស់ខាងគោលនយោបាយការបរទេស ខាងការទូតបរទេស។ នេះជាសេចក្តីត្រូវការពិតប្រាកដ ដើម្បីធ្វើឱ្យមានវត្តមានជប៉ុនច្រើនជាងមុន»។
លោកស្រី Horiba បានថ្លែងថា លោក Abe បានពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តាមរយៈសន្ធិសញ្ញាសម្ព័ន្ធភាពជប៉ុនជាមួយអាមេរិក កាលពីឆ្នាំ ១៩៥១ ដោយមានរួមបញ្ចូលជំនួបមួយជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្រោយពេលលោកបានចូលកាន់តំណែងភ្លាមៗកាលពីឆ្នាំ ២០១៧។
លោក Jeffrey Kingston ជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Temple នៅប្រទេសជប៉ុន។ លោកបាននិយាយថា លោក Abe បានបណ្តុះបណ្តាលចំណងទាក់ទងរវាងជប៉ុននិងសហរដ្ឋអាមេរិក ជាមួយប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌា ដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន។ លោកបានគាំទ្រការប្រើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាយុទ្ធសាស្ត្រអន្តរជាតិសេរី មួយផ្នែកដោយប្រុងប្រៀបនាំចេញអាវុធទៅលក់ឱ្យប្រទេសវៀតណាម និងប្រទេសហ្វីលិពីន។ ប្រទេសទាំងពីរនេះនៅតំបន់អាស៊ីអាគ្នេយ៍មានជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសចិនដែលជាអតីតសត្រូវរបស់សហរដ្ឋអាមេរិក នៅពេលសង្គ្រាមត្រជាក់ បានពង្រីកកងនាវាចម្បាំងខ្លួន កាលពីទសវត្សរ៍មុន ដោយពង្រីកកិច្ចប្រតិបត្តិការនៅក្នុងដែនសមុទ្រនានាជាប់ប្រទេសចិន និងនៅតាមតំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិកថែមទៀតផង។
លោក Kingston បានថ្លែងថា៖ «អ្វីដែលលោក Abe បានធ្វើ គឺលោកបានពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបង្កើនសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ លោកបានបង្ហាញទស្សនៈវិស័យរបស់លោកអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងចំហ។ លោកបានគាំទ្រកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ លោកក៏បានពង្រឹងភាពជាដៃគូខាងសន្តិសុខនៅទូទាំងតំបន់ផងដែរ។ កិច្ចការទាំងអស់នេះ គឺជាការឆ្លើយតបនឹងក្តីបារម្ភអំពីមហិច្ឆតាអនុត្តរភាពរបស់ប្រទេសចិននៅក្នុងតំបន់»។
លោក Wang Wei-chieh ជានិស្សិតម្នាក់នៅសាកលវិទ្យាល័យកោះតៃវ៉ាន់ និងជាសហស្ថាបនិកនៃទំព័រហ្វេសប៊ុកស្តីពីកិច្ចការអន្តរជាតិដែលមានឈ្មោះថា FBC2E។ លោកបាននិយាយថា លោក Abe បានក្លាយជាសំឡេងដ៏ខ្លាំងក្លាមួយ ដែលអ្នកបន្តតំណែងពីលោក គឺលោក Fumio Kishida ត្រូវតែជ្រោមជ្រែងគោលនយោបាយគាំទ្រអាមេរិករបស់ប្រទេសជប៉ុន។
លោក Wang បានថ្លែងថា៖ «ខ្ញុំយល់ថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ពួកគេគ្មានកែប្រែច្រើនទេ ពីព្រោះខ្ញុំយល់ថា ពួកគេបានកំណត់គោលដៅមួយស្រេចហើយ។ ពួកគេបានចាប់ផ្តើមយុទ្ធសាស្ត្រមួយនេះរួចទៅហើយ»។ លោក Wang បានថ្លែងដូច្នេះ មុនពេលការប្រកាសថា លោក Abe បានស្លាប់។
លោក Wang បានបន្ថែមថា មរណភាពរបស់លោក Abe ក៏អាចបំបិទសំឡេងគាំទ្រកោះតៃវ៉ាន់ដ៏ខ្លាំងក្លាមួយ ហើយលោក Kishida បានគាំទ្រដោយចំហដល់សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក អំពីការគាំទ្រខាងយោធាដល់តៃវ៉ាន់ ដែលជាកោះមួយគ្រប់គ្រងដោយខ្លួនឯង និងដែលចិនទាមទារកាន់កាប់។
ឧបសគ្គក្នុងគោលនយោបាយការបរទេស
លោក Kingston បាននិយាយថា ទោះជាលោកបានជួបពិភាក្សាជាមួយក្រុមមន្ត្រីបរទេសក៏ដោយ ក៏លោក Abe បានទទួលជោគជ័យតែបន្តិចបន្តួចប៉ុណ្ណោះ ក្នុងការកែលម្អទំនាក់ទំនងជាមួយប្រទេសចិន រុស្ស៊ី ឬប្រទេសកូរ៉េខាងត្បូង។ លោកបានពោលទៀតថា ប្រទេសជប៉ុននិងប្រទេសរុស្ស៊ីនៅមានជម្លោះអំពីអធិបតេយ្យភាពលើកោះខ្លះ នៅក្នុងតំបន់ប្រជុំកោះ Kuril ទោះជាលោក Abe បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ច្រើនជាងដងក៏ដោយ។
ប្រទេសចិននិងប្រទេសកូរ៉េខាងត្បូងនៅតែខឹងសម្បារនឹងក្រុមមេដឹកនាំជប៉ុន ដោយមានរួមទាំងលោក Abe ផង ដែលបានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដល់ក្រុមមេដឹកនាំជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី ២ ដែលនាំឱ្យមានការរកាំចិត្តនៅក្នុងប្រទេសអាស៊ីនានា នៅជុំវិញប្រទេសជប៉ុន។
លោក Abe ក៏បានគាំពារមតិឱ្យជប៉ុនសើរើរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន ដែលត្រូវបានព្រាងដោយកងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ដែលបានកាន់កាប់ប្រទេសនេះក្រោយសង្គ្រាមលោកលើកទី ២។ មហិច្ឆតានេះបាននាំឱ្យប្រទេសនានានៅតំបន់អាស៊ី ដែលនៅជិតប្រទេសជប៉ុន និងប្រជាជនជប៉ុនដែលស្អប់សង្គ្រាម ខឹងសម្បារ។ ការប្រឆាំងជំទាស់នឹងការសើរើរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសជប៉ុន បានធ្វើឲ្យគំនិតនេះចុះថមថយនៅឆ្នាំ ២០១៩។
លោក Kingston បាននិយាយថា យុទ្ធសាស្ត្រសេដ្ឋកិច្ចហៅ « Abenomics» របស់លោក Abe ក្នុងការបង្កើនសន្ទុះសេដ្ឋកិច្ចដោយចំណាយច្រើនជាងមុន និងដោយការផ្តល់ប្រាក់កាសច្រើនជាងមុន បានទទួលផលនៅពេលអនុវត្តដំបូង ក៏ប៉ុន្តែក្រោយមក យុទ្ធសាស្ត្រនេះបង្កឱ្យមានបំណុលច្រើនខ្លាំង។
លោកស្រី Akiko Horiba បានថ្លែងថា ជាការជៀសមិនរួច លោក Abe ក៏ប្រឈមនឹង «រឿងចម្រូងចម្រាស» ពីព្រោះលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីយូរពេក៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ