ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ជប៉ុន​ត្រៀម​បើក​ឲ្យ​សាធារណជន​​ចូលរួម​រំលែក​ទុក្ខ​មរណភាព​លោក Abe


អ្នក​កាន់​ទុក្ខ​គោរពវិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។
អ្នក​កាន់​ទុក្ខ​គោរពវិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាបនឹង​បើក​ទទួល​សាធារណ​ជន​ចូលរួម​សរសេរ​សារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe (ស៊ីនហ្សូ អាបេ) ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ការ​បើក​ទទួលសារ​មរណទុក្ខ​នេះ​នឹង​ធ្វើ​ឡើង​រវាង​ថ្ងៃ​ពុធ ទី​១៣ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​កក្កដា ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​ថ្ងៃ​ត្រង់​ និង​ចាប់​ពី​ម៉ោង ២ ដល់​៤​ល្ងាច នៅ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ។ រីឯ នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្ត​សៀមរាប​វិញ ការ​បើក​ទទួលសារ​មរណទុក្ខ​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ចន្ទ​និង​អង្គារ​ទី​១១​និង​ទី​១២ ខែ​កក្កដា​ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​ថ្ងៃ​ត្រង់​ និង​ចាប់​ពី​ម៉ោង ២ ដល់​៤​ល្ងាច។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២២។

អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe អាយុ​៦៧​ឆ្នាំ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​២​គ្រាប់​ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​មួយ នៅ​ទីក្រុង​ Nara ប្រទេស​ជប៉ុន។ សព​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​រៀបចំ​ពិធីបុណ្យ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Fresh News ដែល​ស្នឹទ្ធ​នឹង​រដ្ឋាភិបាល នៅ​ថ្ងៃ​ចន្ទ​ ទី​១១ ខែ​កក្កដា​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក Fumio​ Kishida (ហ្វឺមីអូ គីស៊ីដា) ដើម្បី​រំលែកមរណ​ទុក្ខ​សម្រាប់​លោក​ Shinzo Abe ផង​ដែរ។ ​នេះ​បើ​តាម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​នាយក​រដ្ឋមន្រ្តី។

ហើយ​នៅ​ក្នុង​សារ​សំឡេង​មួយស្តី​ពី​ការ​ចូលរួម​មរណ​ទុក្ខ​អតីត​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា លោក​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យើង​ពិត​ជា​មាន​ការ​រន្ធត់​ជាមួយ​នឹង​ប្រជាជន​ជប៉ុន​ចំពោះការ​បាត់បង់​នូវ​អ្នក​ស្នេហា​ជាតិ​ និង​អ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប។ គាត់​បាន​បំពេញ​ភារកិច្ច​ដ៏​ធំ​សម្រាប់​ការ​កសាង​មិត្តភាព​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ដំណាក់​កាលដែល​ឯកឧត្តម​ Shinzo Abe ដឹកនាំ​ទាំង​ពីរ​ដំណាក់កាល»។ ​

ក្នុង​សារ​សំឡេង​ខាងលើ​ លោកហ៊ុន សែន បាន​កត់​សម្គាល់​ពីការ​ពង្រីក​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ជប៉ុន​តាមរយៈ​ការ​ចូលរួម​របស់​លោក​ Abe ក្នុង​ការ​«លើក​កម្រិត​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ឲ្យ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្រ្ត» ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។

កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​១០ ខែ​កក្កដា លោក​ ហ៊ុន សែន​ ក៏​បាន​ប្រកាស​ឲ្យ​មាន​ការ​ចូលរួម​កាន់ទុក្ខ​ទូទាំង​ប្រទេស​ចំពោះ​មរណភាព​លោក​ Shinzo Abeផង​ដែរ ដោយ​តម្រូវ​ឲ្យ​មាន​ការ​បង្ហូត​ទង់​ជាតិនៅ​ពាក់​កណ្តាល​ដង​នៅ​តាម​សាលា​រៀន​ និង​តាម​ក្រសួង​ ស្ថាប័ន​នានា​របស់​ជាតិ។

ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហមុនី​ បាន​ថ្វាយ​ព្រះរាជ​សារ​ជូន​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ណារូហ៊ីតូ (Naruhito) ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​អាបេ​។ នេះ​បើ​តាម​ព្រះរាជ​សារ​ផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​ Fresh News នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា។

នា​ថ្ងៃចន្ទ​នេះ គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា​ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ​ ឈុំ ក៏​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក Shinzo Abe នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រឹទ្ធសភា។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​បញ្ជាក់​ពី​ស្មារតី​ចូលរួម​រំលែក​ទុក្ខ​ពី​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ចំពោះ​មរណភាព​លោក អាបេ ដោយ​លើក​ឡើង​ពី​ជំនួយ​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ឲ្យ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក។

លោក​ថ្លែង​ថា៖ «មិន​ថា​តែ​រដ្ឋាភិបាល​ទេ យើង​ជា​អង្គការ​សង្គមស៊ីវិល​ក៏ដូចជា ប្រជា​ពលរដ្ឋ​នេះ​ចូលរួម​ក្នុង​ការ​កាន់​មរណទុក្ខ​សោក​សង្រេង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ជប៉ុន​ផង​ដែរ ពីព្រោះ​បើ​យើង​មើល​ទៅ​លោក​អតីត​នាយក​រដ្ឋមន្រ្តី​អាបេ​នេះ​បាន​ជួយ​កម្ពុជា​ច្រើន ហើយ​ក៏​ជា​មិត្ត​ល្អ ដែល​បាន​ជួយ​កម្ពុជា​យើង​ ជា​ពិសេស​រវាង​ប្រជា​ពលរដ្ឋ​ជប៉ុន និង​ប្រជា​ពលរដ្ឋ​កម្ពុជា»។

ចំណែក​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ខេមបូចា ​លោក ណុប វី ​និយាយថា​អង្គការ​ខេមបូចា គ្រោង​ចូលរួម​សរសេរ​សារ​រំលែក​ទុក្ខមរណភាព​របស់​អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន លោក អាបេ នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ស្រប​ពេល​សង្កត់​ធ្ងន់​ពីការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្នែករបស់​រដ្ឋាភិបាល​ជប៉ុនជុំវិញការងារ​ការពារ​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «កន្លង​មក​យើង​មាន​ទំនាក់ទំនង​ល្អ​ យើង​តែង​តែ​ចាប់​អារម្មណ៍​លើ​កិច្ច​ការងារ​នៅ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​ ហើយ​និង​លើ​ផ្នែក​អ្នក​សារព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ផង​ដែរ។ អ៊ីចឹង​ ខេមបូចា​រីករាយ​នៅ​ក្នុង​ការ​ចូលរួម ដើម្បី​សរសេរ​សារ​រំលែក​ទុក្ខ​ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​អតីត​នាយករដ្ឋ​មន្រ្តីជប៉ុន​លោក Shinzo Abe»។

ក្រៅ​ពី​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល គេ​ក៏​សង្កេត​ឃើញ​មាន​ការ​សរសេរ​សារ​បង្ហោះ​ការ​រំលែក​ទុក្ខ​តាម​បណ្តាញ​សង្គមពី​សំណាក់​ពលរដ្ឋ​កម្ពុជា​ជុំវិញ​មរណភាព​របស់​លោកShinzo Abe ផង​ដែរ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​ប្រហារ ប៉ូលិស​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ Tetsuya Yamagami (តេតស៊ូយ៉ា យ៉ាម៉ាហ្គាមិ) ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ប៉ូលិស​ថា ​ខ្លួន​ជឿ​ថា ​អតីត​មេដឹកនាំ​ជប៉ុន​រូប​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​សាសនា​មួយ ដែល​រូប​គេ​ស្តី​បន្ទោស​ថា​ ធ្វើ​ឲ្យ​ម្តាយ​ខ្លួន​បាត់​បង់​ថវិកា​ផ្ទាល់​ខ្លួន ហើយ​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​រៀបចំ​គម្រោង​វាយ​ប្រហារ​ដោយ​កាំភ្លើង​ផលិត​ដោយ​ខ្លួន​ឯង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

លោក Shinzo Abe បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចំនួន​ពីរ​អាណត្តិ ​អស់​រយៈ​ពេល​៩​ឆ្នាំ។ លោក​គឺ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​ក្នុង​ប្រទេស​ជប៉ុន នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ៕

XS
SM
MD
LG