លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារការរាលដាលនៃមេរោគកូរ៉ូណារហូតទាល់ចុងខែឧសភានេះ។
លោកនាយករដ្ឋមន្រ្តីអាបេ បានធ្វើការប្រកាសកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីជួបជាមួយក្រុមការងារមេរោគកូរ៉ូណារបស់រដ្ឋាភិបាល។ ក្រឹត្យច្បាប់កាលពីដំបូងមានចំនួន៣០ថ្ងៃដែលបានធ្វើឡើងដោយលោកអាបេកាលពីថ្ងៃទី៧ ខែមសា ដែលត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខ បានគ្របដណ្តប់រាជធានីតូក្យូ និងខេត្តចំនួន៦ផ្សេងទៀត ក៏ប៉ុន្តែក្រោយមកបានបន្តទូទាំងប្រទេសនៅពេលដែលចំនួនឆ្លងបានបន្តកើនឡើង។ លោកនាយករដ្ឋមន្រ្តី បាននិយាយថា ចំនួនឆ្លងថ្មីបានធ្លាក់ចុះកាលពីពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក៏ប៉ុន្តែមិនល្មមគ្រប់គ្រាន់ដើម្បីលុបចោលស្ថានភាពដាក់ប្រទេសក្នុងភាពអាសន្ននោះទេ។
ជប៉ុនឥឡូវនេះ បានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ១៩ចំនួន១ម៉ឺន៥ពាន់ករណី ដោយមានចំនួនមនុស្សស្លាប់១៥០នាក់ ជាស្ថានភាពមួយដែលបានដាក់បន្ទុកយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពធ្វើឲ្យជាប់គាំងសេដ្ឋកិច្ច និងបានបង្ខំឲ្យពន្យារពេលកីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូរយៈពេលមួយឆ្នាំ។
ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាននូវអំណាចផ្លូវច្បាប់ដើម្បីអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងផ្ទះ ហើយនិងសុំឲ្យបិទសាលារៀន និងកន្លែងពាណិជ្ជកម្ម ក៏ប៉ុន្តែមិនតម្រូវឲ្យធ្វើតាមការដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅទូទាំងប្រទេសនោះទេ។ រដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី២របស់ជប៉ុន បានឲ្យអំណាចយ៉ាងខ្លាំងទៅលើសិទ្ធិពលរដ្ឋ មិនផ្តល់អំណាចដល់រដ្ឋាភិបាលឲ្យតម្រូវដាក់ពលរដ្ឋនៅដាច់ពីគ្នានោះទេ។
ការបន្តនោះនឹងរក្សាការរឹតត្បិតកាលពីដំបូងនៅជាធរមាននៅរាជធានីតូក្យូ និងខេត្ត៦ផ្សេងទៀត ខណៈដែលខេត្តផ្សេងៗទៀត នឹងត្រូវបានអនុញ្ញាតឲ្យបន្ធូរបន្ថយការរឹត ត្បិតដោយសារតែខេត្តទាំងនោះមានអត្រាការឆ្លងទាប។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអាបេ បានទទួលរងការរិះគន់ចំពោះការឆ្លើយតបយឺតយ៉ាវហើយនិងការខកខានមិនបានបង្កើតកម្មវិធីធ្វើតេស្តឲ្យបានខ្លាំងក្លា៕