ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ពន្យារ​​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ខណៈ​មាន​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា


រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្លែងអំឡុងពេលកិច្ចប្រជុំមួយ។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថ្លែងអំឡុងពេលកិច្ចប្រជុំមួយ។

ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ពន្យារ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មេសា​ខាង​មុខ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុងជួប​ប្រទះ​នូវ​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា Covid-19 ដែល​មក​ទល់​ពេល​នេះ​បាន​ចម្លង​ដល់​មនុស្ស​ប្រមាណ​៩៥.០០០​នាក់​នៅ​ជាង​៧៥​ប្រទេស។

មន្ត្រី​ចិន​និង​ជប៉ុន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទស្សនកិច្ច​របស់​លោក Xi នឹង​ត្រូវ​ពន្យារពេល​រហូត​ដល់​ពេល​វេលា​សមស្រប​មួយ។

ប្រទេស​ចិន​ដែល​ជា​ប្រភព​នៃ​ការ​រាតត្បាត​ដំបូង​នៃ​មេរោគ​ Covid-19 និង​មាន​ការ​ថយ​ចុះ​ករណី​ឆ្លង​ថ្មី​ ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ពី​មេរោគ​នេះ​ច្រើន​ជាង​គេ​រហូត​ដល់​៣.០០០​នាក់ ហើយ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ដោយ​អាជ្ញាធរ​បាន​បិទ​ទី​ក្រុងនិង​ទី​ប្រជុំជន​ជា​ច្រើន។

ប្រទេស​ជប៉ុន​មាន​ការ​ឆ្លង​ជាង​១.០០០​ករណី ដែល​ភាគ​ច្រើន​ទាក់ទង​នឹង​នាវា​កម្សាន្ត​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​សំចត​ដាច់​ដោយ​ឡែក​ពី​គេនៅ​ទី​ក្រុង​ Yokohama។

ខណៈ​ដែល​មេរោគ​នេះ​កាន់​តែ​រាលដាល​ដល់​ប្រទេស​កាន់​តែ​ច្រើន រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ ស្រវាស្រទេញ​ចាត់​វិធានការ​នានា​ ដូច​ជា​ការ​បិទ​សាលារៀន បិទ​ព្រឹត្តិការណ៍​ជួប​ប្រជុំ​ធំៗ និង​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពី​ប្រទេស​មួយ​ចំនួន។

ប្រទេស​អ៊ីតាលី​បាន​បិទ​សាលារៀន​ដល់​ថ្ងៃ​ទី​១៥​ខែ​មីនា ខណៈ​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​កើន​ឡើង​ដល់ជាង​៣.០០០​នាក់។

ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​បានពង្រីក​ការ​ដាក់​បម្រាមមិន​ឲ្យធ្វើ​ធម្មយាត្រា​ទៅ​ទី​ក្រុង​ពិសិដ្ឋ Mecca ដែល​ខ្លួន​បានដាក់​ចំពោះ​ជន​ប្រទេស​ ទៅ​ជា​បម្រាម​ដល់​ពលរដ្ឋ​ខ្លួន​ទៀត។​

នៅ​សហរដ្ឋ​អាមេរិក ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​មាន​ខ្លាំង​ជាង​គេ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​និង​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​នៅជាប់​ឆ្នេរ​សមុទ្រ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG