ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​សេអ៊ូល​ ខណៈ​ចំណងទាក់ទង​ប្រសើរ​ឡើង​ដោយសារ​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង


រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ប្រទេស​ទាំង​ពីរ​ព្យាយាម​កប់​ចោល​នូវ​ប្រវត្តិ​ជូរចត់​រវាង​គ្នា​នឹង​គ្នា ហើយ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​ពួកគេ​ នៅ​ចំ​ពេល​ដែល​មាន​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​កូរ៉េ​ខាង​ជើង។

ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ គឺ​ជា​ទស្សនកិច្ច​ទ្វេភាគី​លក្ខណៈ​ផ្លូវការ​ដំបូង​បង្អស់​របស់​មេដឹកនាំ​ជប៉ុន​ទៅ​កាន់​ទីក្រុង​សេអ៊ូល ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

លោក Kishida នឹង​ជួប​ជាមួយ​នឹងប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងត្បូង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូក្យូ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ។ លោក Yoon យក​ការ​រឹតចំណង​ទាក់ទង​ជាមួយ​នឹង​ជប៉ុន​ជា​អាទិភាព​កំពូល។

លោក Yoon ទើប​តែ​ត្រឡប់​មក​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ ដែល​នៅ​ទីនោះ​លោក​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ ដែល​មាន​គោលបំណង​បង្កើន​ការ​ការពារ​នុយក្លេអ៊ែរ ដែល​ផ្ដល់​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ដោយ​សហរដ្ឋ​អាមេរិក។

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ ដែល​ប្រទេស​ទាំង​ពីរ​នេះ​គឺ​សម្ព័ន្ធមិត្ត​សន្ដិសុខ​ក្នុង​តំបន់​របស់​សហរដ្ឋ​អាមេរិក បាន​កក​ស្ទះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​សារតែការដាក់​អាណានិគម​ដ៏​សាហាវ​យង់ឃ្នង​របស់​ជប៉ុន​នៅ​ចន្លោះ​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥ ទៅ​លើ​ឧបទ្វីប​កូរ៉េ ដោយ​រួម​មាន​ទាំង​ការបង្ខំ​កម្លាំង​ពលកម្ម​និង​ទាសករ​ផ្លូវ​ភេទ​ផង​ដែរ។

ប៉ុន្តែ​លោកYoonដែល​បាន​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន​បាន​ព្យាយាម​កប់ចោល​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ ហើយ​កាល​ពី​ពេល​មុន​នេះ​បាន​ប្រកាស​ពី​ផែនការ​មួយ​ក្នុង​ការ​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​កូរ៉េ​ពី​ការ​បង្ខំ​កម្លាំង​ពលកម្ម​របស់​ជប៉ុន បើ​ទោះ​បី​ជា​មិនមាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​ក៏​ដោយ។

ការ​ផ្លាស់ប្ដូរ​របស់​លោក​កំពុង​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សន្ដិសុខ​ថ្នាក់​តំបន់​ ដើម្បី​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េខាងជើង។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​ជំនាញ។

លោក Choi Eunmi អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន Asan សម្រាប់​ការ​សិក្សា​គោលនយោបាយ​ក្នុង​ទីក្រុង​សេអ៊ូល​ បាន​ថ្លែង​ថា៖ «ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​ចំណង​ទាក់ទង​ដ៏​ខ្សោយ​បំផុត​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ដូច្នេះ​នៅ​ពេល​ដែល​ចំណុច​នេះ​ត្រូវ​បាន​ពង្រឹង​នៅ​ទីបំផុត​ទំនាក់ទំនង​នេះ​អាច​ឈាន​ទៅ​ដល់​កិច្ចសហប្រតិបត្តិការ​កូរ៉េ​ខាងត្បូង-សហរដ្ឋ​អាមេរិក-ជប៉ុន»៕

XS
SM
MD
LG