ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ធ្វើ​ដំណើរ​ដល់​ជប៉ុន ស្រប​ពេល​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ឆ្លង​ទ្វីប


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol (កណ្តាល) និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចាកចេញទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធមួយ មុនពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Seok Yeol បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​ជាមួយ​នឹង​សមភាគី​ជប៉ុន​របស់​លោក ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ព្រួយ​បារម្ភ​ជា​រួម​ផ្នែក​សន្តិសុខ។

លោក Yoon បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​តូក្យូ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នៅ​ទីនោះ​លោក​នឹង​មាន​ជំនួប​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida។

ដំណើរ​ទស្សនកិច្ច​របស់​លោក Yoon ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សម្រាប់​ជំនួប​ទ្វេភាគី​នៅ​ក្នុង​រយៈពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​បំណង​បង្កើន​ទំនាក់ទំនង​ដែល​បាន​រង​ការ​ប៉ះពាល់​ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការ​ត្រួតត្រា​របស់​ប្រទេស​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។

កាលពី​សប្ដាហ៍​មុន លោក Yoon បាន​បង្ហាញ​នូវ​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េ​ខាងត្បូង ដែល​នោះ​គឺ​វិធី​ដែល​ត្រូវ​សង​ជន​រងគ្រោះ​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ជប៉ុន​កេណ្ឌ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ។

នៅ​ក្រោម​ផែនការ​របស់​លោក Yoon ជន​រងគ្រោះ​នឹង​ទទួល​សំណង​តាម​រយៈ​មូលនិធិ​សាធារណៈ​ដែល​ឧបត្ថម្ភ​ដោយ​ការ​បរិច្ចាគ​ពី​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​អាជីវកម្ម​ជប៉ុន​នោះ​ទេ។

ផែនការ​នេះ​ត្រូវ​បាន​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង។ ការ​ស្ទង់​មតិ​ជា​ច្រើន​បាន​បង្ហាញ​ថា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ប្រហែល ៦០% ប្រឆាំង​នឹង​ផែនការ​នេះ។

លោក Yoon បាន​ការពារ​ផែនការ​នេះ ដោយ​និយាយ​ថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ត្រូវការ​ទំនាក់ទំនង​ផ្ដោត​ទៅ​មុខ​ជាង​មុន ដែល​ដោះស្រាយ​ជាមួយ​នឹង​ការ​ប្រឈម​រួម​ដូចជា​បញ្ហា​ចិន​និង​បញ្ហា​កូរ៉េ​ខាង​ជើង​ជាដើម។

ទាក់ទិន​នឹង​ការ​ប្រឈម​រួម​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​មួយ​ដែល​ធ្លាក់​នៅ​ចម្ងាយ​តែ ២៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភាគ​ខាង​លិច​នៃ​កោះ Oshima របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​អាណាខេត្ត Hokkaido។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជប៉ុន។

មីស៊ីល​ដែល​ធ្លាក់​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន​នេះ​មិន​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ណា​មួយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ជប៉ុន៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG