ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លក់​ទំនិញ​នៅ​អាមេរិក​ក្នុង​ខែ​មេសា​ធ្លាក់​ចុះ​ខ្លាំង​បំផុត​​មិន​ធ្លាប់​មាន


រូបឯកសារ៖ ទិដ្ឋភាពស្ងាត់ជ្រងំ ខណៈហាងលក់ទំនិញជាច្រើនបានបិទទ្វារលែងដំណើរការជាបណ្តោះអាសន្ន នៅទីក្រុង Whitestown រដ្ឋ Indiana កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

បរិមាណ​នៃ​ការ​លក់​រាយ​ទំនិញ​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ខ្លាំង ​ជាងការ​រំពឹង​ទុក​កាល​ពី​ខែ​មេសា ខណៈ​ដែល​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩ ​បាន​បង្ខំ​ឲ្យ​អាជីវកម្ម​នានា​បិទ​នៅ​ទូទាំង​ប្រទេស នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ដែល​ត្រូវ​បាន​ផ្សាយ ​កាល​ពី​ថ្ងៃ​សុក្រ។

ការ​លក់​ទំនិញ​រាយ​បាន​ធ្លាក់​ចុះ ​១៦,៤% កាល​ពី​ខែ​មេសា​ ដែល​នេះជា​ការ​ធ្លាក់​ចុះខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​ខ្លាំង​ជាង​ការ​ទស្សន៍ទាយ​របស់​សេដ្ឋវិទូ​ ដែល​បាន​ទស្សន៍ទាយ​ការ​ធ្លាក់​ចុះ​ត្រឹម​ ១២%។

ការ​ធ្លាក់​ចុះ​ការ​ចំណាយ​របស់​ពលរដ្ឋ​ប៉ះពាល់​ខ្លាំង​ជាង​គេ​មាន​ចំពោះវិស័យ​លក់សម្លៀកបំពាក់ ហាង​លក់​គ្រឿង​អេឡិកត្រូនិក និង​ភោជនីយដ្ឋាន​ ដោយ​ពលរដ្ឋ​ត្រូវនៅ​ផ្ទះ។

និន្នាការ​ទិញ​ទំនិញ​តាម​អនឡាញ​កាន់​តែ​ច្រើន ក៏​បាន​នាំ​អាជីវកម្ម​ខ្លះ​ត្រូវ​បិទ​ទ្វារ ​និង​ក្ស័យ​ធន។

ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​ជា​កត្តា​ចម្បង ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​នៅ​ពេល​នេះ ដោយ​សារកន្លង​មក កម្លាំង​នៃ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នេះ​រួម​ចំណែក​រហូត​ដល់​ ៧០%​ ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG