ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ព្រមាន​ថា ប្រទេស​ជប៉ុន​អាច​បង្កក​ជំនួយ​ទំាងអស់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​ព្រមាន​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​អាច​បង្កក​ជំនួយ​ទំាង​អស់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ស្របពេល​ដែល​ពួក​មេដឹកនាំយោធា​បន្ត​ប្រើកម្លាំង​យ៉ាង​សាហាវ​បង្ក្រាប​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​របស់​ខ្លួន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​ជប៉ុន​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​មួយ​ដល់​មីយ៉ាន់ម៉ា​ ហើយ​ជប៉ុន​បាន​ផ្អាក​ជំនួយ​ថ្មី​រួច​ហើយ​បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​លោកស្រី Aung San Suu Kyi មេដឹកនាំ​ស៊ីវិល។

ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក Toshimitsu Motegi បាន​ថ្លែង​ទៅ​កាន់​កាសែត Nikkei ថា ​អាច​មាន​ការ​ពង្រីក​ការ​បង្កក​ជំនួយ។

លោក​បាន​និយាយ​ថា៖ «យើង​មិន​ចង់​ធ្វើ​ដូច្នេះ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​តែ​បញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ថា វា​ពិបាក​ណាស់​ក្នុង​ការ​បន្ត [ផ្ដល់​ជំនួយ] ក្នុងកាលៈទេសៈបែប​នេះ»។

លោក​បាន​បញ្ជាក់​ថា «ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​គាំទ្រ​ការ​ធ្វើ​ប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា​តាម​វិធី​ផ្សេងៗ​ ហើយ​ក្នុង​នាម​ជា​មិត្ត យើង​ត្រូវ​តែ​ធ្វើ​ជា​តំណាង​សហគមន៍​អន្តរជាតិ​ និង​បញ្ជាក់​យ៉ាង​ច្បាស់ពី​បញ្ហា​នេះ» ។​

ប្រទេស​ជប៉ុន​បាន​ប្រកាស​កាល​ពី​ខែ​មីនា​ថា ខ្លួន​បាន​បញ្ឈប់​រាល់​ជំនួយ​ថ្មីៗទំាងអស់ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ឆ្លើយតប​នឹង​រដ្ឋប្រហារ​យោធា ទោះបី​ជាខ្លួន​មិន​មាន​ដាក់ទណ្ឌកម្ម​លក្ខណ:​បុគ្គល​ទៅ​លើ​មេដឹកនាំ​យោធា​ និង​ប៉ូលិស​ដូច​ប្រទេស​មួយ​ចំនួន​ទៀត​បានធ្វើ​ក៏ដោយ។

មនុស្ស​ជាង​៨០០​នាក់​ បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់តាំង​ពី​ពួក​យោធា​បាន​បណ្តេញ​លោក​ស្រី Aung San Suu Kyi នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ប្រាប់​សន្និសីទ​កាសែត​ថា «ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា រំពឹង​និង​សង្ឃឹម​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ចាត់វិធានការ​ដ៏​ជាក់លាក់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG