អង្គការសង្គមស៊ីវិល និងសិទ្ធិមនុស្សជាង ២០០ មកពីជុំវិញពិភពលោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មដោយហាមឃាត់ការលក់អាវុធទៅឱ្យមីយ៉ាន់ម៉ា ក្នុងក្តីសង្ឃឹមការពារកុំឱ្យយោធាសម្លាប់មនុស្ស និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើន។
លោក Louis Charbonneau នាយកដែលតែងតាំងដោយអង្គការសហប្រជាជាតិប្រចាំនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៥ ខែឧសភា នៅក្នុងការអំពាវនាវមួយជាមួយនឹងក្រុមអង្គការផ្សេងទៀតដែលបានចុះហត្ថលេខាលើលិខិតដែលអំពាវនាវថា «បរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការពិភាក្សាលើការហាមឃាត់ការលក់អាវុធទៅឱ្យរបបយោធាគឺជាបរាជ័យដ៏អាក្រក់មួយចំពោះការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រជាជនមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍ពីក្តីបារម្ភដែលយូរៗធ្វើឡើងម្តងរបស់ក្រុមប្រឹក្សានេះក្នុងការឆ្លើយតបចំពោះការបង្ក្រាបហិង្សាទៅលើអ្នកតវ៉ាដែលភាគច្រើនជាអ្នកតវ៉ាដោយសន្តិវិធីគឺជាយន្តការការទូតដែលគ្រាន់តែមានន័យថា ញាក់ស្មារបស់ពួកគេ និងដើរចេញតែប៉ុណ្ណោះ»។
ក្រុមប្រឹក្សានេះបានចេញសេចក្តីថ្លែងការណ៍ពីក្តីបារម្ភចំនួន ៤ ចាប់តាំងពីពេលយោធាបានធ្វើរដ្ឋប្រហារមកកាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាលដឹកនាំដោយក្រុមស៊ីវិលចេញពី តំណែង និងបានចាប់ខ្លួនសមាជិកមួយចំនួនរបស់រដ្ឋាភិបាល។ កាលពីថ្ងៃទី២៤ ខែមេសា សមាគមអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលមួយស្តីពីស្ថានភាពនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ស្តីពីផែនការប្រាំចំណុច។
ប៉ុន្តែក្រុមឧត្តមសេនីយ៍នៅមីយ៉ាន់ម៉ាបានព្រងើយកន្តើយចំពោះចំណាត់ការរបស់ស្ថាប័នទាំងពីរ និងបន្តប្រើប្រាស់ហិង្សាដើម្បីព្យាយាមបង្ក្រាបការតវ៉ា ព្រមទាំងបានធ្វើការវាយប្រហារ រួមទាំងការវាយប្រហារតាមអាកាសទៅលើក្រុមជាតិសាសន៍ប្រដាប់ដោយអាវុធផងដែរ។ អ្នកតាមដានសិទ្ធិមនុស្សថា ជនស៊ីវិលជាង ៧៦០ នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានក្មេងៗចំនួន ៥១ នាក់ និងមនុស្សជាង ៤.៦០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាប។
អ្នកស្រី Myra Dahgaypaw នាយកគ្រប់គ្រងយុទ្ធនាការសហរដ្ឋអាមេរិកសម្រាប់មីយ៉ាន់ម៉ាថា «យោធាមីយ៉ាន់ម៉ាបានបង្ហាញឱ្យឃើញថា ពួកគេមិនខ្លាចការថ្កោលទោសនោះទេ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ មានតែសកម្មភាពជាក់ស្តែងទេដែលអាចជួយបាន»។
អ្នកការទូត និងអ្នកតស៊ូមតិលើកឡើងថា ចក្រភពអង់គ្លេសមានបំណងស្នើឲ្យមានដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ានៅក្នុងក្រុមប្រឹក្សាទាំង១៥ប្រទេសនេះ ប៉ុន្តែស្ទាក់ស្ទើរមិនបញ្ចេញសេចក្តីព្រាងនៃសេចក្តីសម្រេចនោះជាមួយនឹងសមាជិកផ្សេងទៀត ដោយសារខ្លាច ចិន និងរុស្ស៊ីប្រើប្រាស់សិទ្ធិវ៉េតូ។ ផ្ទុយទៅវិញ ពួកគេបានព្យាយាមបង្រួបបង្រួមក្រុមប្រឹក្សានេះដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍ដែលត្រូវការមូលមតិគ្នា ប៉ុន្តែការណ៍នេះមិនបានជួយអ្វីនោះទេ។
លោក Lawrence Moss អ្នកតស៊ូមតិជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅអង្គការ Amnesty International ថា «បើស្ថានភាពនេះនៅតែបន្ត គឺស្ថានភាពដែលក្រុមប្រឹក្សានេះមិនមានឆន្ទៈក្នុងការអនុម័តសេចក្តីសម្រេច ឬមិនសូម្បីតែជជែកដេញដោលលើសេចក្តីសម្រេចនេះដោយសារតែខ្លាចការប្រើប្រាស់សិទ្ធិវ៉េតូ វានឹងផ្ញើសារពីនិទណ្ឌភាព។ នៅចំណុចនេះ យោធាមីយ៉ាន់ម៉ាច្បាស់ជាដឹងថា មិនមានសេចក្តីសម្រេចណាមួយនោះទេ ដោយសារតែចក្រភពអង់គ្លេសមិនមានឆន្ទៈផ្តួចផ្តើមនោះទេ»។
នៅក្នុងសវនាការសភាកាលពីថ្ងៃទី០៤ ខែឧសភា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ដែលតំណាងឱ្យរដ្ឋាភិបាលស៊ីវិល នៅតែទទូចអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធជាសាកលភ្លាមៗ ព្រមទាំងចំណាត់ការផ្សេងៗទៀតប្រឆាំងនឹងយោធា។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun បានថ្លែងប្រាប់តំណាងរាស្ត្រសហរដ្ឋអាមេរិកថា «យើងទាំងអស់គ្នាកំពុងរស់នៅក្រោមភាពភ័យខ្លាច»។
លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធ ចាប់តាំងពីពេលចាប់ផ្តើមនៃវិបត្តិនេះ ហើយអ្នកស្រី Christine Schraner ប្រេសិតពិសេសអង្គការសហប្រជាជាតិក៏បានជំរុញឱ្យមានការដាក់ទណ្ឌកម្មនេះផងដែរ។
ប្រទេសចិនមានផលប្រយោជន៍ច្រើននៅមីយ៉ាន់ម៉ា។ ប្រទេសនេះមានព្រំប្រទល់ជាមួយនឹងមីយ៉ាន់ម៉ាប្រវែង ១.៨០០ គ.ម. និងមានការវិនិយោគជាច្រើននៅទីនោះ។ ស្ថិរភាពនៅមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែប្រទេសនេះស្ទាក់ស្ទើរក្នុងការប្រឈមជាមួយនឹងឧត្តមសេនីយ៍ទាំងនោះ ដោយបានអំពាវនាវឱ្យមានយន្តការការទូតកាន់តែច្រើន ទោះបីជាមានក្តីបារម្ភកាន់តែច្រើនឡើងៗក្តី។
លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា «ជាមួយនឹងមានភាពតានតឹងកាន់តែខ្លាំង នឹងមានការប្រឈមមុខដាក់គ្នាកាន់តែច្រើន។ ជាមួយនឹងការប្រឈមមុខដាក់គ្នាកាន់តែច្រើន នឹងមានអំពើហិង្សាកាន់តែច្រើន។ ជាមួយនឹងអំពើហិង្សាកាន់តែច្រើន នឹងមានមនុស្សស្លាប់កាន់តែច្រើន។ ហើយយើងអាចនឹងដើរផ្លូវខុស។ វាក៏អាចមានន័យថា មីយ៉ាន់ម៉ាធ្លាក់ក្នុងស្ថានភាពចលាចល ឬអាចឈានដល់សង្គ្រាមស៊ីវិលផង»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា