ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុនជំរុញឱ្យដោះលែងអ្នកកាសែតរបស់ខ្លួននៅមីយ៉ាន់ម៉ា ខណៈសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ នាក់


រូបឯកសារ៖ ក្រុម​បាតុករ​លើក​បដា​ពាក្យ​ស្លោក​ឡើង ដែល​ថ្កោលទោស​រដ្ឋាភិបាល​យោធា ខណៈ​ដែល​ពួកគេ​តវ៉ា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃ​ច័ន្ទ ​ប្រទេស​ជប៉ុន​បាន​ទទូច​ឲ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ាដោះលែង​អ្នកកាសែត​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។​ អ្នក​កាសែត​រូប​នោះ​គឺជា​អ្នក​យក​ព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​យកព័ត៌មាន​យ៉ាងហោច​ណាស់ចំនួន ​៦៥​ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​យោធា​លើ​អ្នក​ប្រឆាំង​រដ្ឋប្រហារ។​

លោក ​Yuki Kitazumi​ ដែល​ជា​អ្នក​កាសែត​ជនជាតិ​ជប៉ុន ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ ហើយ​អ្នកនាំពាក្យ​ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់​ថា​ លោក​ត្រូវបាន​គេ​បញ្ជូន​ក្នុងពេល​យប់​ពីកន្លែង​ឃាត់ខ្លួន​របស់​ប៉ូលិស​ទៅ​ពន្ធនាគារ ​Insein​ ដែល​មាន​ឈ្មោះ​អសោច​ក្នុងការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ។​

អ្នក​នាំពាក្យ​ស្ថានទូត​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP​ កាលពី​ថ្ងៃ​ចន្ទថា​ អ្នក​ការទូត​ជប៉ុន​បាន​សុំ​ការ​អនុញ្ញាត​ទៅ​សួរ​សុខទុក្ខ​លោកនៅក្នុង​ពន្ធនាគារ ​ប៉ុន្តែ​សំណើនោះ​មិនទាន់​ទទួល​បាន​ការយល់​ព្រម​ទេ។​ លោក​បាន​ប្រាប់ ​AFP​ ថា​ «ប៉ូលិស​បាន​ប្រាប់​យើង​ថា ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សង្ស័យ​ថាផ្សាយ​ព័ត៌មាន​ក្លែងក្លាយ»។​

អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​ប្រាប់​ស្ថានទូត​ជប៉ុន​ថា​ អ្នក​កាសែតរូប​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​រាងកាយ​ទេក្នុង​អំឡុង​ពេល​ចាប់ខ្លួន ​និង​មាន​សុខភាព​ល្អ។ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​លោក ​Katsunobu Kato​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ ​«យើង​កំពុង​ស្នើសុំ​ឲ្យប្រទេស​មីយ៉ាន់ម៉ា​ឆាប់​ដោះលែង​គាត់។ ​យើង​នឹង​ប្រឹងប្រែង​ឲ្យអស់​ពីសមត្ថភាព​ដើម្បី​ការពារ​ជនជាតិ​ជប៉ុន»។​

នេះជាលើកទី​២​ហើយ​ដែល​លោក​ Kitazumi​ ត្រូវបាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​មាន​រដ្ឋ​ប្រហារកាល​ពី​ដើម​ខែកុម្ភៈមក។​ កាលពី​ខែកុម្ភៈ​ លោក Kitazumi ​ត្រូវ​បានគេវាយ​ដំ​និង​ត្រូវបាន​ឃុំឃាំងរយៈពេលខ្លី​ក្នុងអំឡុង​ពេល​មាន​ការ​បង្ក្រាប​លើ​ក្រុម​អ្នកតវ៉ា​ប៉ុន្តែ​ក្រោយ​មក​លោក​ត្រូវបាន​ដោះលែង​វិញ។

នៅ​ថ្ងៃ​ច័ន្ទ​ដដែល​នោះ ​សហភាព​អឺរ៉ុបបាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ចំនួន ១០ នាក់ និងក្រុមហ៊ុន​ធំៗ​ចំនួន ២ ដែល​ជាប់​ពាក់ព័ន្ធ​នឹងមន្ត្រី​យោធា​មីយ៉ាន់ម៉ា​ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល និង​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ក្រុម​បាតុករ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប។ ​

យោធាបាន​បង្កើន​ការ​ព្យាយាម​បង្ក្រាប​ក្រុម​ប្រឆាំង​ បន្ទាប់ពី​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​ទម្លាក់​លោកស្រី​ Aung San Suu Kyi មេដឹក​នាំស៊ីវិល​ចេញ​ពី​តំណែង ​ដោយ​មាន​ជនស៊ីវិល​យ៉ាងហោច​ណាស់ចំនួន ​៧៣៧​ នាក់​ត្រូវបាន​សម្លាប់ ហើយសារ​ព័ត៌មាន​កំពុង​រងការ​វាយ​ប្រហារ​ខ្លាំងឡើងៗ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG