ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បុគ្គលិក​សាកលវិទ្យាល័យ​​​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ផ្អាក​ពី​ការងារ ខណៈ​របប​យោធា​​ដាក់​សម្ពាធ​លើ​វិស័យ​អប់រំ


និស្សិត​នាំ​គ្នា​កាន់​បដា​មួយ និង​លើក​ម្រាម​ដៃ​បី​ឡើង​ ខណៈ​ដែល​ពួកគេ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា នៅ​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​និង​បុគ្គលិក​សិក្សាជាង​១១.០០០​នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ ដែលប្រឆាំង​នឹង​របប​យោធា ត្រូវបានផ្អាក​ពី​ការងារ​របស់​ពួកគេ​ បន្ទាប់​ពី​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ការ​ដឹកនាំ​នៃ​របប​យោធាមក។ នេះ​បើ​តាមមន្ត្រី​សហជីព​សហព័ន្ធ​អប់រំ​មីយ៉ាន់ម៉ាមួយ​រូប​ ដែលបាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​ពី​ការសង​សឹក​របស់​អាជ្ញាធរ។

ការផ្អាក​ការងារ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ​ បន្ទាប់​ពី​ត្រូវបិទ​ទ្វារ​មួយ​ឆ្នាំ​មក ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​ជា​ថ្មី​មួយ​ទៀត​រវាង​និស្សិតនិង​បុគ្គលិក​សិក្សា​ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ពហិការជុំវិញ​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​កន្លង​ទៅ​នោះ។​ ​

សាកលវិទ្យាធិការ​មួយ​រូបអាយុ​៣៧​ឆ្នាំ​ ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​អ្នកស្រីថា​ Thandar ព្រោះ​ខ្លាច​ការសងសឹក​ពី​អាជ្ញាធរ​នោះ​ បាន​ថ្លែង​ថា៖​ «ខ្ញុំសោកស្តាយ​ដែល​ត្រូវ​បោះ​បង់​ការងារ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្តបំផុត​ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​ ដែល​បាន​ងើប​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​នេះ»។​

សាស្ត្រាចារ្យ​មីយ៉ាន់ម៉ា​មួយ​រូប​ដែល​កំពុង​ធ្វើ​កម្មសិក្សាក្នុង​សហរដ្ឋ​អាមេរិក​នោះ​និយាយ​ថា​ អ្នក​ស្រី​ត្រូវ​បាន​បង្គាប់ឱ្យ​ប្រកាស​ពីការ​ប្រឆាំង​របស់អ្នកស្រីចំពោះ​ការ​ធ្វើកូដកម្មរបស់​ក្រុម​និស្សិត​និង​បុគ្គលិក​សិក្សា​ទាំង​នោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ស្រី​ត្រូវ​បាត់បង់​ការងារ។ អ្នក​ស្រី​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ថា​ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាន​ប្រាប់​អ្នកស្រី​ថា​ សាស្ត្រាចារ្យទាំង​អស់​ នឹង​ត្រូវ​គេ​តាម​រក ហើយ​បង្ខំ​ឲ្យ​ជ្រើសរើស​រវាងកត្តា​ទាំង​ពីរ​ តើ​ពួក​គេគាំទ្រ​ឬ​ប្រឆាំង​នឹង​កូដកម្មសិក្សា​នោះ។

ក្រុម​សិស្ស ​និស្សិត ​និង​គ្រូ​បង្រៀន​មីយ៉ាន់ម៉ា​កន្លង​មក​បាន​ដឹកនាំ​ចលនា​ប្រឆាំង​ខាង​នយោបាយទល់​នឹង​ការ​គ្រប់គ្រង​យោធាអស់​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ និង​ដើរ​តួ​ជា​ថ្មី​ក្នុង​ការ​ប្រឆាំង​ចាប់​តាំង​ពី​ការ​ធ្វើរដ្ឋប្រហារ​យោធា​ទម្លាក់​អ្នកស្រី Aung San Suu Kyi នៅ​ដើម​ឆ្នាំ​នេះ​មក៕

XS
SM
MD
LG