ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Abe បាន​ធ្វើ​​ឱ្យ​មាន​​ការ​​ផ្លាស់ប្ដូរ​យូរ​អង្វែង​នូវ​វិធីសាស្ត្រ​ការពារ​ជាតិ​របស់​ជប៉ុន


រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧។

ទាំង​នៅ​ពេល​លោក​កាន់​តំណែង​នាយករដ្ឋមន្ត្រីនៃប្រទេស​ជប៉ុននិងក្រោយពេល​លោក​ឈប់​កាន់តំណែង​នេះ លោក Shinzo Abe ដែលត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពីថ្ងៃ​សុក្រ ទី៨ ខែ​កក្កដា​នៅក្នុង​ការ​ឃោសនាបោះឆ្នោត​មួយ​នៅ​ប៉ែក​ខាង​លិចប្រទេស​ជប៉ុន មានឥទ្ធិពល​ខ្លាំងលើ​វិស័យ​នយោបាយ​និង​សន្តិសុខរបស់ប្រទេស​នេះ។

លោក Abe បាន​កាន់​តំណែងជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចំនួន​ពីរ​អាណត្តិ ​អស់រយៈពេល​៩​ឆ្នាំ។ ​លោកគឺ​ជានាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាង​គេ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ក្រោយ​សង្គ្រាមលោក​លើក​ទី​ពីរ។

ជា​វរជន​នយោបាយ​សំខាន់​ម្នាក់ លោក​ Abe បាន​មើល​ការ​ខុស​ត្រូវ​លើការផ្លាស់ប្តូរ​ធំៗ​នៃ​ទម្រង់ការពារ​ជាតិបែប​សន្តិភាពនិយម​របស់​ប្រទេស​ជប៉ុន ​ដោយ​លោក​មានជំនឿ​ថាប្រទេស​ជាតិ​គួរ​ចាត់​វិធានការ​ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​កម្លាំងខ្លាំង​ជាង​មុន​នៃ​ប្រទេសចិន។

លោក Abe មានជោគជ័យ​តិចតួចក្នុងគោលនយោបាយ​សេដ្ឋកិច្ច។ ផែនការ​សេដ្ឋកិច្ចសំខាន់​របស់​លោក ដែល​មាន​ឈ្មោះ​ថា « Abenomics» មាន​គោលដៅ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជប៉ុនលូត​លាស់​ឡើង​វិញ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។ សេដ្ឋកិច្ច​ប្រទេស​នេះ​មានដំណើរ​ការ​យឺតយ៉ាវក្នុង​ទសវត្សរ៍​១៩៩០។

បុគ្គលិក​ម្នាក់​ចែកចាយ​កាសែត Yomiuri Shimbun ដែល​ចេញ​ផ្សាយ​ព័ត៌មាន​ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។
បុគ្គលិក​ម្នាក់​ចែកចាយ​កាសែត Yomiuri Shimbun ដែល​ចេញ​ផ្សាយ​ព័ត៌មាន​ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។

លោក​ Abe ជាចៅរបស់​រដ្ឋមន្ត្រី​ជប៉ុន​ម្នាក់ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយលោកកើត​នៅ​ក្នុង​គ្រួសារមួយមានធនធាន​ច្រើន ​និងមានទំនាក់ទំនងល្អខាង​នយោបាយ​ថែម​ទៀត​ផង។ លោកបានជាប់​ឆ្នោតជា​សមាជិក​សភា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣​ក្នុង​អាយុ៣៩​ឆ្នាំ។

នៅក្រោយឡើង​ឋានៈ​ក្នុង​ជួរ​គណបក្សប្រជាធិបតេយ្យ​សេរីនិយម​របស់​ប្រទេស​ជប៉ុន នៅ​ឆ្នាំ២០០៦ លោក Abe បានក្លាយជានាយករដ្ឋមន្ត្រី​ក្មេង​ជាង​គេបង្អស់​របស់​ជប៉ុន​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏លោក​បាន​លាលែងពីតំណែង​នេះ​ក្រោយ​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​ដោយសារ​លោក​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ។

ក្នុង​រយៈពេល​ប្រាំឆ្នាំ​បន្ទាប់​មក លោក Abe ​បាន​វិលមក​កាន់​ឆាក​នយោបាយ​វិញ ដោយ​ចាប់ផ្តើម​អាណត្តិ​រយៈពេល​៨ឆ្នាំ​ជា​នាយក​រដ្ឋមន្ត្រី ដែល​បាន​ធ្វើ​ឱ្យ​យុគសម័យ​មួយ​នៃ​អស្ថិរភាព​នយោបាយ​បញ្ចប់និង​នាំ​ឱ្យ​មានការ​ផ្លាស់ប្តូររយៈពេល​យូរក្នុ​ងប្រទេស​នេះ​ទៀត​ផង។

ក្នុងពេល​នោះ លោក Abe បានបង្កើន​ចំណាយ​ខាង​ការពារជាតិ​របស់​ប្រទេស​ជប៉ុន ដោយបាន​ពង្រីកសម្ពន្ធភាព​របស់​ប្រទេស​លោក​ជា​មួយសហរដ្ឋ​អាមេរិក​និង​អនុវត្ត​កំណែទម្រង់​ស្ថាប័ន​ធំៗ​ក្នុង​វិស័យ​សន្តិសុខរបស់​ប្រទេស​ផង​ដែរ។

នៅឆ្នាំ២០១៤ ​រដ្ឋាភិបាលលោក Abe បានបក​ស្រាយ​ជា​ថ្មីនូវ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយមរបស់​ប្រទេស​ជប៉ុន តាម​វិធី​មួយដែល​អនុញ្ញាត​ឱ្យក្រុមទាហាន​ជប៉ុនទៅជួយ​សម្ពន្ធមិត្ត​ដែល​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​បាន។

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump និយាយ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ខណៈ​ពេល​ដែល​ពួកគេ​លេង​ golf នៅ​ប្រទេស​ជប៉ុន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump និយាយ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ខណៈ​ពេល​ដែល​ពួកគេ​លេង​ golf នៅ​ប្រទេស​ជប៉ុន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩។

ក្នុង​ឆ្នាំ​២០១៨ លោក Abe បាន​បង្កើត​ក្រុមប្រឹក្សាសន្តិសុខជាតិ​មួយ ដែល​បាន​ពង្រឹងមុខ​នាទី​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​កិច្ចការ​សន្តិសុខ។ ពួក​អ្នក​ជំនាញហៅ​វិធានការនេះ​ថា​ជា«ការ​ចាត់ចែងឡើង​វិញ​ដ៏​មាន​មហិច្ឆតា​បំផុត​នៃ​គោលនយោបាយការបរទេសនិង​គោលនយោបាយ​សន្តិសុខរបស់​ប្រទេស​ជប៉ុនចាប់​តាំង​ពីការបញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ​មក។

បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហាធំៗ​របស់លោក Abe គឺ​ភាព​សាំញ៉ាំរបស់អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ដែលបានគំរាម​កំហែង​ដកក្រុមទាហានសហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​ជប៉ុន ​និង​បានត្អូញត្អែរថា​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ទាញយក​ប្រយោជន៍ពី​រដ្ឋាភិបាល​ក្រុង Washington។

លោក​បានដោះស្រាយ​បញ្ហា​នេះតាម​របៀប​ការទូត​ផ្ទាល់​ខ្លួន។ លោក Abe និង លោក Trump បាន​លេង​កីឡា golf ជា​មួយ​គ្នា​ចំនួន​៥​ដង ដោយ​ជួនកាល​លោក Abe បាន​បង្ហោះ​រូបថត selfies នៅពេលលោក​ទាំង​ពីរ​លេង​កីឡា​នេះ​ជា​មួយ​គ្នា។

លោក Abe បាន​ចុះចេញពីតំណែង​ជា​នាយករដ្ឋមន្ត្រីជា​លើក​ទី​ពីរ​នៅ​ឆ្នាំ២០២០​ ដោយ​លើកឡើង​ហេតុផល​ជា​ថ្មី​ទៀត​ថា​ដោយសារ​ជំងឺ​ក្រពះ។

ទោះជា​ភាព​ជា​មេដឹកនាំ​របស់​លោកបាន​កែប្រែ​ប្រទេសជប៉ុនក៏​ដោយ ក៏លោក Abe មិន​អាចសម្រេចបំណង​លោកក្នុង​ការ​សើរើ​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយមរបស់​ប្រទេស​ជប៉ុន​បាន​នោះ​ទេ។ រដ្ឋធម្មនុញ្ញនេះ​មិន​បានកែ​ប្រែ​ឡើយតាំង​ពីបានចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ១៩៤៧មក។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៨ខែកក្កដា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ៨ខែកក្កដា ឆ្នាំ២០២២។

លោក Abe ជាសំឡេងនាំ​មុខ​មួយក្នុង​គណបក្សប្រជាធិបតេយ្យ​សេរី​និយមដែលគាំទ្រការ​សើរើរដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ព្រាងឡើង​ដោយ​កង​កម្លាំងដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​កាន់កាប់​ប្រទេស​ជប៉ុនក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ។

មាត្រា​ទី​៩​នៃ​រដ្ឋធម្មនុញ្ញ​នេះ​បាន​លះបង់​ការ​ធ្វើ​សង្គ្រាមនិងហាមប្រាមការ​រក្សា​ទុក​កងទ័ពដែល​មាននៅ​ពេល​នោះ ទោះជាជប៉ុនមានកងយោធា​តាម​ព្រឹត្តិន័យ ដែល​ជា​កង​កម្លាំងស្វ័យការពារជប៉ុន​ក៏​ដោយ។

លោក​ Abe បាន​លើក​ហេតុផលថារដ្ឋធម្មនុញ្ញគួរ​ត្រូវសើរើតាម​វិធីមួយដែល​ដាក់​កងកម្លាំងស្វ័យការពារឱ្យ​ឋិត​លើ​បរិបទ​ផ្លូវ​ការ​ជាង​មុន។

នៅ​ទី​បញ្ចប់ ការស្អប់​សង្គ្រាមខ្លាំង​ដោយ​ប្រជារាស្ត្រជប៉ុន និង​ការ​ជំទាស់​ពី​សម្ពន្ធមិត្ត​នយោបាយ​ខ្លះ​របស់​លោកAbe បាន​រារាំងមិន​ឱ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

មាន​ភ័ស្តុតាងថា​សាធារណជន​ជប៉ុនប្រហែល​ជា​ទទួល​ស្វាគមន៍គោលជំហរ​ការពារ​ជាតិ​ធម្មតា​ជាង​មុន​ ​ជាពិសេសនៅ​ក្រោយ​ការលុកលុយរបស់រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន។

នៅ​ក្រោមការ​គ្រប់គ្រង​ប្រទេស​ដោយ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ គឺ​លោក Fumio Kishida ដែលបាន​ទទួល​ការ​គាំទ្រ​ពី​លោក Abe ប្រទេសជប៉ុន​ឋិត​នៅ​ជួរ​មុខ​ក្នុង​កិច្ច​ប្រឹងប្រែង​ដឹកនាំ​ដោយលោក​ខាងលិចដើម្បី​ដាក់​សម្ពាធលើ​រុស្ស៊ី។

សេចក្តីសម្រេច​របស់លោក​ Kishida ក្នុង​ការ​បញ្ជូនជំនួយយោធា​ដែលមិនមាន​សមត្ថភាព​អាច​សម្លាប់មនុស្ស​បាន​ទៅ​ឱ្យ​អ៊ុយក្រែន​អាចធ្វើ​ទៅ​បាន ​ពីព្រោះកាល​ពី​ឆ្នាំ២០១៤​លោក Abe បាន​បន្ធូរ​បន្ថយ​ការ​ហាមប្រាម​ការ​ដឹក​អាវុធ​ទៅ​ប្រទេស​ក្រៅ ដោយ​អនុញ្ញាត​ឱ្យ​មានការ​ដឹកជញ្ជូន​បែប​នេះ ប្រសិន​បើ«ជា​ការ​រួម​ចំណែកក្នុងការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​សាកល»។

គោល​នយោបាយការបរទេស​វិជ្ជមាន​ជាង​មុនរបស់ជប៉ុនមាន​ប្រជាប្រិយភាពខ្លាំង​ជា​មួយក្រុមអ្នក​បោះឆ្នោត​ ដែល​ខ្វល់ខ្វាយ​អំពី​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ ដូចជា​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេស​ចិន​ ដែលនៅ​ជិត​ខាង។

ប្រជារាស្ត្រ​ជប៉ុន​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់​ស្លាប់​ នៅ​ក្រុង Nara ប៉ែក​ខាង​លិច​ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
ប្រជារាស្ត្រ​ជប៉ុន​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​បាន​គេ​បាញ់​ស្លាប់​ នៅ​ក្រុង Nara ប៉ែក​ខាង​លិច​ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

រហូត​ដល់​ពេល​លោកទទួល​អនិច្ចកម្ម​ លោក Abe ដែល​មានទំនាក់ទំនងល្អ​ច្រើន​បាន​ប្រើ​ឥទ្ធិពលរបស់​លោកក្នុង​គណបក្ស​លោក​ដើម្បីលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សើរើ​រដ្ឋធម្មនុញ្ញ។ លោកក៏​បានគាំទ្រ​ផង​ដែរ​ដល់សំណើរបស់​គណបក្ស​លោក​ឱ្យបង្កើន​ចំណាយ​ខាង​ការពារ​ជាតិ​ដល់​ចំនួន​២%ឬលើស​ពីនេះនៃផលិតផល​សរុបក្នុង​ប្រទេសនៅ​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ។​

ពួក​អ្នក​ជំនាញ​ថ្លែង​ថាមានឱកាស​ច្រើន​ជាង​មុន​ដែល​ថា​បំណង​របស់​លោក Abe នឹងក្លាយជា​ការពិត បើក្រុម​ចម្រុះ​គ្រប់គ្រង​ប្រទេស​ឈ្នះ​ឆ្នោតទទួលអាសនៈ​គ្រប់គ្រាន់ក្នុងការ​បោះឆ្នោត​សភា​ជាន់ខ្ពស់​នៅ​ថ្ងៃ​អាទិត្យ ទី៩ ខែកក្កដា​នោះ។

នៅ​ពេល​មាន​ឃាតកម្ម​លើ​រូប​លោក លោក​ Abe បាន​ថ្លែង​សុន្ទរកថា​នៅ​ពេល​ឃោសនាបោះឆ្នោត ដើម្បី​គាំទ្រ​បេក្ខជនដែល​លោក​ពេញ​ចិត្ត​ក្នុង​ការបោះឆ្នោត​នេះ។

ទោះជាមាន​ការ​ធ្វើ​ឃាត​លោក Abe ក៏ដោយ​ ក៏​លោក Kishida បាន​មាន​ប្រសាសន៍​ថាការបោះឆ្នោត​នេះ​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ បើ​ទោះជា​គេ​មិនដឹង​ច្បាស់លាស់​ថា​មរណភាព​របស់​លោកនឹង​មានផល​ប៉ះ​ពាល់​បែប​ណា​ក៏​ដោយ​នោះ។

ការកែ​ប្រែណាមួយក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវ​មាន​ការយល់​ព្រម​ពីរភាគបី​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់ ហើយក្រុម​លម្អៀងទៅខាង​ការ​សើរើមាន​ចំនួនពីរ​ភាគបី​ក្នុង​សភា​ជាន់​ទាបរួច​ទៅ​ហើយ។ ការសើរើ​ណា​មួយត្រូវ​មានការ​យល់ព្រម​ពី​អ្នក​បោះឆ្នោតភាគ​ច្រើនក្នុងការ​បោះឆ្នោត​ប្រជាមតិមួយ។

លោកស្រី Lully Miura ជា​អ្នក​វិទ្យាសាស្ត្រនយោបាយនៅ​វិទ្យាស្ថានស្រាវជ្រាវ​ Yamaneko ក្នុងក្រុង​តុក្យូ។ លោក​ស្រី​បាន​និយាយ​ថា​មរណភាព​របស់​លោក Abe នឹងមាន​ផល​ប៉ះពាល់យូរ​អង្វែង​លើការ​ជជែកដេញ​ដោលគ្នា​អំពី​គោលជំហររបស់​ជប៉ុនក្នុង​ពិភពលោក។

នៅ​ពេល​ដែល​អ្នក​វិភាគជាច្រើន​នាក់​នៅ​ក្រៅប្រទេសសន្មតថាឃាតកម្ម​លោក Abe នឹង​ពន្លឿន​ចលនា​នៃ​ប្រទេស​ជប៉ុនទៅ​កាន់គោលជំហរ​ការពារ​ជាតិបែបធម្មតា​ជាងមុន​ ​លោកស្រី​ Miura មិន​ប្រាកដ​ថាដូច្នេះ​ទេ។

លោកស្រីបាននិយាយ​ថា«នៅ​ពេល​គ្មាន​លោក​ Shinzo យើង​មិនឃើញ​មាន​ឥស្សរជន​ណាម្នាក់​ដែល​ជ្រោមជ្រែងរបៀបវារៈ​នេះ​ទេ។ មិន​មាន​មនុស្ស​ច្រើន​នាក់ទេ​ដែល​ដូច​នឹង​លោក Abe នោះ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG