គ្រួសារផលិតករភាពយន្តជនជាតិអូស្រ្តាលី ដែលត្រូវបានលើកលែងទោស បន្ទាប់ពីបានជាប់គុកពីបទចារកម្ម បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេសប្បាយណាស់ដែល«សុបិន្តអាក្រក់»បានបញ្ចប់ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានអរគុណរដ្ឋាភិបាលក្រុងភ្នំពេញចំពោះការដោះលែងនេះ។
លោក James Ricketson អាយុ៦៩ឆ្នាំត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រ បន្ទាប់ពីតុលាការបានកាត់ទោសលោកកាលពីខែសីហាឱ្យជាប់ពន្ធនាគារ៦ឆ្នាំ។ លោកត្រូវចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ ២០១៧ បន្ទាប់ពីលោកបានបង្ហោះដ្រូនថតក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយតាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
លោក Jesse Ricketson កូនប្រុសលោក Ricketson បានធ្វើសេចក្តីថ្លែងការណ៍តាមអ៊ីមេលថា «យើងពិតជាធូរស្បើយ ហើយរំភើបចំពោះដំណឹងនេះ តែនៅមិនទាន់អស់ចិត្តទេ។ ជាប់ឃុំឃាំង១៦ខែពិតជាលំបាកណាស់ ហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលឥឡូវនេះ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះករុណាបរមនាថនរោត្តមសីហមុនីដែលបង្ហាញក្តីអាណិតអាសូរនិងបញ្ចប់សុបិន្តអាក្រក់នេះ»។
លោកស្រី Marise Payne រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី បានអរគុណសមភាគីកម្ពុជារបស់លោកស្រីចំពោះការដោះលែងនេះ។ លោកស្រី Payne បានសរសេរតាមអ៊ីមេលថា «ការលើកលែងទោសនេះបញ្ចប់ការលំបាកសម្រាប់លោក Ricketson និងគ្រួសារ»។
លោក Jesse Ricketson បាននិយាយថា គ្រួសាររបស់លោកមានការព្រួយបារម្ភអំពីសុខភាពរបស់ឪពុកលោកនៅពេលគាត់ចូលដល់អាយុ៧០ឆ្នាំ។ លោកនិយាយថា៖ «យើងមិនប្រាកដថា តើគាត់អាចបន្តទ្រាំទ្រនឹងការលំបាកក្នុងគុកព្រៃសដ៏អសោចន៍នេះយូរប៉ុណ្ណា?»
លោកបានបន្ថែមថា ក្រុមគ្រួសាររំពឹងថា លោក Ricketson នឹងបានទៅដល់អូស្ត្រាលីឆាប់ៗនេះ។
អ្នកផលិតភាពយន្តនេះបានមកប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយដោយបានផលិតខ្សែភាពយន្តឯកសារអំពីប្រទេសកម្ពុជានិងប្រជាជន៕