ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកម្ពុជា​ ​កាត់​ទោស​ផលិត​ករ​កុន​ជនជាតិ​អូស្ត្រាលី​លោក​ ​James Ricketson​ ​ដាក់ពន្ធនា​គារ​៦ឆ្នាំ​ពី​បទ​«ចារកម្ម»


រូបភាព​ឯកសារ៖ ផលិត​ករ​កុន​ជនជាតិ​អូស្ត្រាលី​លោក​ ​James Ricketson​ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​តុលាការកំពូលក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ ២០១៨។
រូបភាព​ឯកសារ៖ ផលិត​ករ​កុន​ជនជាតិ​អូស្ត្រាលី​លោក​ ​James Ricketson​ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​តុលាការកំពូលក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ ២០១៨។

ក្រោយពី​ត្រូវ​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជាង​១៤​ខែ​ ​និង​ឆ្លងកាត់​សវនាការ​នា​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ លោក ​James Ricketson​ ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​​​ ត្រូវ​បាន​ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ពី​បទ​«ធ្វើ​ចារកម្ម»។​ ​អង្គការ​អន្តរ​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​កាត់​ទោស​នេះ​​ថា​ មាន​ចរិត​នយោបាយ​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​​​ការ​កាត់ទោស​នេះ​ដោយ​ឥត​លក្ខខណ្ឌ។

លោក​ ​James Ricketson​ ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នៅ​ថ្ងៃសុក្រ​នេះ​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦ឆ្នាំពី​បទ​«ចារកម្ម»​ពាក់ព័ន្ធ​នឹង​ការងារ​ផលិត​កុន​ ​និង​សកម្មភាព​របស់​លោកក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា។​

ក្នុង​ការ​ប្រកាស​សាលក្រម​ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​១០​ព្រឹក​ ​ថ្ងៃសុក្រ​នេះ​ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ចៅក្រម​សេង លៀង​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ​បាន​ឡើង​អាន​សាលក្រម​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«វិនិច្ឆ័យ​សេចក្តី​ ​តុលាការ​សម្រេចផ្ដន្ទាទោស​ជនជាប់​ចោទ​ឈ្មោះ​ James Staniforth Ricketson​ ​ភេទ​ប្រុស​ ​អាយុ៦៨​ឆ្នាំ​ …​ ​ឲ្យ​ជាប់​ពន្ធនាគារ​កំណត់​រយៈពេល​៦ឆ្នាំ​ ​ពី​បទ​ធ្វើ​ចារកម្ម និង​ប្រមូល​ព័ត៌មាន​ជា​អាទិ៍​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ ​កាល​ពី​អំឡុង​ខែធ្នូ​ឆ្នាំ​២០១០​ដល់​ថ្ងៃទី​៣​ ​ខែ​មិថុនា ​ឆ្នាំ​២០១៧»។

នៅ​ពេល​ការ​ប្រកាស​សាលក្រម​បាន​បញ្ចប់​ភ្លាមៗ​ ​លោក​ ​Ricketson​ ​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​អ្នក​ជាប់​ឃុំ​ អាវដៃ​វែង​ ​និង​ខោជើង​វែង​ ​ពណ៌​ទឹកក្រូច​ ​មាន​សភាព​បែកញើស​លើ​រាងកាយ​ផង​ ​បាន​បែរ​មក​ខាង​ក្រុម​អ្នកសារ​ព័ត៌មាន​ ​និង​ក្រុម​គ្រួសារ ​ដែល​មាន​វត្តមានក្នុង​សាលា​ជម្រះ​ក្ដី​ ​ដោយ​បាន​លើក​ត្រដាង​ដៃ​ទាំងពីរ​ ​ហើយ​បាន​ស្រែក​ថា៖

«មិន​គួរ​ឲ្យ​ជឿ​សោះ!​ ​តើ​ប្រទេស​ណា​មួយ​ដែល​ខ្ញុំ​ធ្វើ​ចារកម្ម​ [ហើយ​បញ្ជូន​ព័ត៌មាន​ទៅ]ឲ្យ?»

រំពេច​នោះ​ ​ក្រុម​មន្ត្រី​នគរបាល​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​បន្ទប់​សវនាការ​លេខ១​របស់​សាលា​ដំបូង​រាជធានី​ ​បាន​បង្គាប់​ឲ្យ​ក្រុម​គ្រួសារ​លោក​ ​Ricketson​ ​និង​ក្រុម​អ្នក​សារព័ត៌មាន​ចេញ​ពី​សាលា​ដំបូង​ភ្លាមៗ​ ​ហើយ​លោក​ ​Ricketson​ ​ក៏​ត្រូវ​បាន​ក្រៀក​ចូល​រថយន្ត​ពណ៌​ត្រេអ៊ី​របស់​សមត្ថកិច្ច​ ​បញ្ជូន​ចេញ​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​ភ្លាមៗ​ ​ដោយ​ឥត​បង្អង់។​

លោក​ ​Jesse Ricketson​ ​កូន​ប្រុស​របស់​លោក​ ​James Ricketson​ ​ដែល​បាន​ចូលរួម​ស្តាប់ការ​ប្រកាស​សាលក្រម​នោះ​ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាល​សវនាការ​ថា​ ​ការ​សម្រេច​នេះ​ធ្វើឲ្យ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់ឪពុក​របស់​ខ្លួន​ ​និង​ក្រុមគ្រួសារ​ ​ព្រមទាំង​មិត្ត​ភក្តិ​របស់​លោក​ ​James Ricketson​ ​ផងដែរ។​ លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​លទ្ធផល​ថ្មីៗ​នា​ពេល​ខាងមុខ​នឹង​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ឪពុក​របស់​លោក។

លោក Jesse Ricketson កូនប្រុសរបស់លោក James Ricketson ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ក្រោយចេញពីស្តាប់ការប្រកាសសាលក្រម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។(កាន់ វិច្ឆិកា/VOA)
លោក Jesse Ricketson កូនប្រុសរបស់លោក James Ricketson ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ក្រោយចេញពីស្តាប់ការប្រកាសសាលក្រម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។(កាន់ វិច្ឆិកា/VOA)

លោក​បញ្ជាក់​ថា៖​

«វា​ពិត​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​ ​និង​លំបាក​លំបិន​ ​ទម្រាំ​តែ​បាន​មក​ដល់​ចំណុច​នេះ​ ​ហើយ​ការណ៍​ដែល​ទទួល​បាន​លទ្ធផល​បែបនេះ​ ​នៅ​ពេល​នេះ​ ​វា​ពិត​ជា​ធ្វើ​ឲ្យ​ខូចចិត្ត​ណាស់។​ ​ខ្ញុំ​ពិត​ជា​ទទួល​យល់នូវ​អារម្មណ៍​ឈឺចាប់​ដែល​លោក​ឪពុក​ខ្ញុំកំពុង​ជួប​ប្រទះ​នៅ​នេះ។​ ​គាត់​មុខ​ជា​កំពុង​តែខកចិត្ត​យ៉ាង​ខ្លាំង​ ​ហើយ​គ្មាន​នរណា​អាច​ដឹងទេ​ថា ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។​ ​ហើយ​នេះ​គឺ​ពិត​ជា​ការ​ខូច​ខាត​ដ៏​ធ្ងន់ធ្ងរ​មួយ»។​

លោក​ ​គង់ សំអុន​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​James Ricketson​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា ​ក្នុងសវនាការ​រយៈពេល៧​ថ្ងៃ​កន្លង​ទៅ​នេះ​ ​តុលាការ​មាន​ភស្តុតាង​តិច​តួច​បំផុត​ដើម្បី​ដាក់​បន្ទុក​លើ​កូនក្តី​របស់​លោក។ ​លោក​បន្ថែម​ថា​ ​តុលាការ​ក៏​មិនមានភស្តុតាងណា​មួយបាន​បញ្ជាក់ថា លោក​ James Ricketson​ ធ្វើ​ជា​ចារកម្ម​ឲ្យ​ប្រទេសណាមួយនោះ​ទេ។​

លោក​មេធាវី​ ​គង់ សំអុន​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ដើម្បីស្នើ​សុំឲ្យ​មាន​ការ​លើក​លែង​ទោស​ ​មុន​នឹង​ប្តឹង​ទៅ​ឧទ្ធរណ៍​ជាបន្ត។

លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក James Ricketson ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។(កាន់ វិច្ឆិកា/VOA)
លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក James Ricketson ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។(កាន់ វិច្ឆិកា/VOA)

លោក​បញ្ជាក់​ថា៖​

«បើ​ថា​ យើង​បាន​ការ​លើកលែង​ទោស​ពីព្រះ​មហាក្សត្រ​ ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​វាត្រូវ​បោះបង់​ចោល​ហើយ​ ​យើង​អត់ចាំបាច់​ប្តឹង​អី​បន្ត​ទៀត​ទេ។​ ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ​យើង​អាច​សង្ឃឹម​បាន​ច្រើន។ ​យើង​ឃើញ​មាន​ការ​អនុគ្រោះ​ច្រើន​ពី​រាជ​រដ្ឋាភិបាល​ចំពោះ​ប្រភេទអ្នក​ទោស​មនសិកា​បែប​នេះ»។​

ការ​ប្រកាស​សាលក្រម​នៅព្រឹក​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សវនាការ​ដែល​ត្រូវ​បាន​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃពុធ​សប្ដាហ៍​នេះ​ ​ជាមួយ​នឹង​ការ​ជជែក​គ្នា​តឹង​សរសៃ​ក​រវាង​តំណាង​អយ្យការ ​និង​ភាគី​ចុងច​ម្លើយ​ទាក់ទិន​នឹង​ការ​បកស្រាយ​ទាញ​សេចក្ដី​សន្និដ្ឋាន​ពី​សកម្មភាព​ផលិត​កុន ​និង​សកម្មភាព​របស់​លោក​ Ricketson ​មក​ដាក់​បន្ទុក​លើ​រូប​លោក។​

ការ​ធ្វើ​សវនាការ​ស្ដាប់​អង្គហេតុបាន​ឡើង​កម្ដៅ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​នៅ​ពេល​ដែល​មាន​ការ​ជជែក​ដេញ​ដោល​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​លោក​ Ricketson​ និង​បណ្ដា​មេដឹកនាំ​សំខាន់ៗ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បូករួម​នឹង​ការ​ព្រាង​លិខិត​របស់​ផលិតករ​ភាពយន្ត​រូបនេះ​ទៅ​កាន់​រដ្ឋា​ភិបាល​អូស្រ្តាលី​កាល​ពី​ឆ្នាំ​២០១៦​ ​កុំ​ឲ្យ​អញ្ជើញ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្ត្រាលី។​

ក្រុម​ចៅក្រម​ ​និង​តំណាង​អយ្យការ​បាន​ចោមរោម​សួរ​អំពី​គោល​ជំហរ​នយោបាយ​របស់​លោក​ ​James Ricketson​ ​ថា ​មាន​សមានចិត្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឬ​យ៉ាងណា​ ​ហើយ​ថា​ ​តើ​លោក​មាន​ចេតនា​ប៉ុនប៉ង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ ​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មាន​សភាព​ល្អក់​កករ​ ឬ​យ៉ាងណា។​

លោក​ព្រះរាជ​អាជ្ញារងសៀង សុខ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ធ្លាប់​ទទួល​កាន់​សំណុំ​រឿង​ក្ដី ប្រឆាំង​នឹង​បណ្ដា​សកម្មជន​នយោបាយ​ល្បី​ឈ្មោះ​ជាច្រើន​ ​ក៏​ជា​តំណាង​អយ្យការ​ក្នុង​រឿង​ក្ដី​ប្រឆាំង​នឹង​លោក​ ​James Ricketson​ ​ផង​ដែរ។​

ក្នុង​ការទាញ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ ​ក្នុង​នាម​ជា​តំណាង​អយ្យការ​កាល​ពី​ថ្ងៃពុធ​ ​លោក​សៀង សុខបាន​ប្រមូល​អង្គ​សេចក្ដី​ចោទ​ដាក់​បន្ទុក​លើ​លោក​ ​James Ricketson​ ​ថា​ ​បាន​ប្រើប្រាស់​ការងារ​មនុស្ស​ធម៌​ ​និង​ផលិត​កុន​គ្រាន់​តែ​ជា​លេស​ដើម្បី​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ចាំ​ឈ្លប​យក​ការណ៍​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា។​

តែ​ទាំង​សហមេធាវី​ការពារ​ក្ដី​ ​និង​លោក​ ​James Ricketson​ ​ផ្ទាល់​ ​បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ​ និង​ថា​ ការចាប់ទោស​អូស​ដំណើរ​រូបលោក​ពី​បទ​ឈ្លប​យកការណ៍នេះ​គ្រាន់តែ​ជា​ការផ្ញើ​សារ​ដល់​បណ្ដា​អ្នកសារ​ព័ត៌មាន​ខ្មែរ​ ​និង​បរទេស​ដទៃទៀត​ ​ដែល​តែង​ធ្វើ​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ពី​ជ្រុង​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ។

ក្នុង​សវនាការ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​លោក​ ​James Ricketson​ ​បាន​ឡើង​ថ្លែង​ចោទ​លោក​តំណាង​អយ្យការ​សៀង សុខថា​ បាន​ប្រព្រឹត្ត​ខុស​នីតិវិធី​ ​ហើយ​លោក​ថា​ ​លោក​ក៏​កំពុង​ពិចារណា​ប្ដឹង​លោក​ព្រះ​អាជ្ញា​រង​ល្បី​ឈ្មោះ​រូប​នេះ​ទៀត​ផង។

កន្លង​មក​រដ្ឋាភិបាល​អូស្ត្រាលី​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ ​Malcolm Turnbull​ ​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​James Ricketson​ ​ដែល​ជា​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​ ​តាម​រយៈ​ការ​ថ្លែង​អន្តរាគមន៍​របស់​អតីត​រដ្ឋមន្ត្រី​ការបរទេស​ ​Julie Bishop​ ​ក្នុង​ជំនួប​របស់​អ្នកស្រី​នៅ​ប្រទេស​សិង្ហបុរី​កាល​ពីដើម​ខែ​នេះ​ជាមួយ​នឹង​សមភាគី​កម្ពុជា​របស់​អ្នកស្រី​គឺ​លោក​ទេស​រដ្ឋមន្ត្រី​ ​ប្រាក់ សុខុន។​

តែ​នៅ​ខណៈ​ដែល​លោក​ ​James Ricketson​ ​ត្រូវ​បាន​កាត់​ទោស​នៅ​ថ្ងៃសុក្រ​នេះ​ ​រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ាកំពុង​តែ​ឆ្លងកាត់​នូវ​អន្តរកាល​នយោបាយ​ ​ឆ្លង​ចូល​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​ ​ក្រោយ​ពី​ព្រឹត្តិ​ការណ៍​ធ្វើ​បក្ស​ប្រហារ​ផ្ទៃក្នុង​គណបក្ស​សេរីនិយម​ ​(Liberal Party)​ ​កំពុង​កាន់​អំណាច​ ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ​Scott Morrison​ ​មិន​ទាន់​នឹង​បាន​ចូល​កាន់​តំណែង​បាន​ក្ដៅ​កៅអី​ស្រួលបួល​នៅ​ឡើយ។​

ពី​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​ ​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទីមួយ​ ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ​លោក​ ​Scott Morrison​ ​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្ដល់​ជំនួយ​ចាំ​បាច់​នា​នា​ជា​បន្ត​ដល់​លោក​ ​James Ricketson។​

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលីបាន​ថ្លែង​កាល​ពី​ថ្ងៃសុក្រ​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«គាត់​ ​[James Ricketson]​ ​អាច​នឹង​រំពឹង​ទទួល​បាន​រាល់​ជំនួយ​ផ្នែក​កុងស៊ុល​ ​និង​ជំនួយ​ផ្សេង​ទៀត​ពី​រដ្ឋា​ភិបាល​អូស្ត្រាលី​ ​ដូច​ដែល​អស់​លោក​អាច​រំពឹង​ទទួល​បាន​ក្នុង​កាលៈទេសៈ​បែប​នេះ។​ ​ហើយ​ខ្ញុំ​យល់​ថា ​ដូច​សព្វ​មួយ​ដង​ក្នុង​ព្រឹត្តិការណ៍​របៀប​នេះ​ ​ខ្ញុំ​យល់​ថា​ ​វា​ល្អ​បំផុត​ដែល​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ស្ងប់ស្ងៀម ​និង​ដោយ​ចំពោះ​ចំៗ​តែ​ម្ដង​ ​នៅ​ក្នុង​វិធី​សាស្ត្រ​មួយ​ដែល​អាច​ផ្ដល់​ជំនួយ​ដែល​ប្រសើរ​បំផុត​ដល់​ពលរដ្ឋ​របស់​យើង»។​

កម្ពុជា​កំពុងព្យាយាម​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​ ​តាមរយៈ​ការធ្វើ​អន្តរាគមន៍ដោះលែង​ ​និង​លើក​លែង​ទោស​ដល់​សកម្មជន​នយោបាយ​ ​សិទ្ធិ​មនុស្ស​ ​ដីធ្លី​ ​និង​អ្នក​សារព័ត៌មាន​ដែល​ជាប់​ទោស​ ​ក្នុង​ពន្ធនាគារ​នា​ពេល​កន្លង​មក។

លោក​ ​Phil Robertson​ ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​Human Rights Watch ​បាន​ថ្លែង​នៅ​ថ្ងៃសុក្រ​នេះ​ ដោយ​បរិហារ​ការកាត់​ទោស​លោក ​James Ricketson ​ថា ​ធ្វើ​ឡើង​មាន​ចរិត​នយោបាយ ​និង​បាន​បន្ទោស​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ការ​បណ្ដោយ​ឲ្យ​មាន​ការកាត់​ទោស​លោក​ Ricketson ​បែប​នេះ។​

សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិរូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិក ​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​យ៉ាង​ដូច្នេះ​ថា៖​

«រឿង​ដែល​គួរ​ស្រងាក​ចិត្ត​នោះ​គឺថា​ រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ឈរ​ស្ងៀម​ឲ្យ​ភាគី​កម្ពុជា​ដើរ​ជាន់​ឈ្លី​លើ​ខ្លួន ​ដោយ​មិន​អាច​សម្ដែង​ការ​ជំទាស់​ជា​សាធារណៈ ​និង​ជា​ខ្លាំងក្លា​នោះ​ទេ ​នៅ​ចំពោះ​មុខ​ការ​សម្ដែង​យក​គួរ ​ដ៏​គ្មាន​ហេតុផល​នេះ ​ហើយ​សូម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ Ricketson ​ជា​បន្ទាន់ ​និង​គ្មាន​លក្ខខណ្ឌ​ឡើយ»។

យ៉ាងណាក្តី​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​លើក​ឡើង​ថា ​តុលាការ​កម្ពុជាកាត់​សេចក្តី​ដោយ​យោង​លើ​អង្គហេតុ​ ​និង​អង្គ​ច្បាប់ ​មិនមែន​ដូច​ការ​ចោទ​ប្រ​កាន់​របស់​អង្គការ​ ​Human Rights Watch ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«Human Rights Watch ​បាន​លាប​ពណ៌​ទៅ​លើ​តុលាការ​ខ្មែរ ​ស្អី​ក៏​ជា​រឿងនយោបាយ​ដែរ ​ក៏​ប៉ុន្តែ​គាត់​ភ្លេច​គិត​ពី​មូលដ្ឋាន​គ្រឹះ​របស់​តុលាការ​ គឺ​អង្គហេតុ​ ​និង​អង្គច្បាប់​នេះ​ឯង។ ​ដូច្នេះ​អ្វី​ដែល​គាត់​និយាយ​ ​យើង​មិនយក​ចិត្ត​ទុក​ដាក់​ទេ​ ​ពីព្រោះ​គាត់​មិនមាន​សភាវៈល្អ​ក្នុង​ន័យ​ជា​មនុស្ស​សុច្ចរិត ​និង​ស៊ីវិល័យ»។​

លោក​ ​James Ricketson​ ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែមិថុនា ​ឆ្នាំ​២០១៧​ ​ក្រោយ​ពី​លោក​បាន​ថត​ពី​លើ​អាកាស​ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ថត​រូប ​ដែល​ហៅ​ថា​ ​Drone​ ​ផ្ដិត​យក​ទិដ្ឋភាព​ក្បួន​ដង្ហែ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ដឹកនាំ​ដោយ​លោកកឹម សុខា។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​ ​James Ricketson​ ​ការចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​រិះគន់ ​និង​គណ​បក្ស​ជំទាស់​នៅ​កម្ពុជា​ក៏​ចាប់​កក្រើក​ឡើង​ជា​បន្តបន្ទាប់។​ ​ចំណែក​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មិន​ចំណុះ​នឹង​រដ្ឋ​អំណាច​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បិទ​ទ្វារ។​

លោក​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ទទួល​ការ​ចោទប្រកាន់​ពី​បទចូល​ដៃ​ចូល​ជើង​នឹង​បរទេស ប្រុង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​រីឯ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​កឹម សុខា​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​ទៅមិញ ​បូករួម​នឹង​ការ​ដាក់​បម្រាម​លើ​លោក ​កឹម សុខា ​និង​សហការី​សរុប​១១៨​រូប ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ប្រាំ​ឆ្នាំ។​

ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ប្រជែង​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៩​ខែ​កក្កដា​កន្លង​ទៅ​ ​ដោយ​បាន​ប្រមូល​អាសនៈ​អស់​គ្មាន​សល់​ ​ទាំង​១២៥​កៅអី​ក្នុង​សភា។

បណ្ដា​ប្រទេស​បស្ចិម​លោក​ រួមមាន​ប្រទេស​អូស្ត្រាលី​ផង​ ​បាន​ព្រួតគ្នា​ថ្កោលទោស​ដំណើរការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែកក្កដា​ ដោយ​និយាយថា ​មិនមាន​លក្ខណៈ​សេរី ​និង​មិន​យុត្តិធម៌​នោះ​ទេ៕

XS
SM
MD
LG