ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក James Ricketson ផលិតករ​ភាពយន្តជន​ជាតិ​អូស្រ្តាលី​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស


រូបឯកសារ៖ លោក​ ​James Ricketson​ ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី។
រូបឯកសារ៖ លោក​ ​James Ricketson​ ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី។

បន្ទាប់ពី​លោក​ ​James Ricketson​ ​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្រ្តាលី​​ត្រូវ​បាន​​​តុលាការ​​កាត់​ទោស​​​កាលពី​ចុង​ខែសីហា​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ​ ​ដោយ​ចោទ​ពីបទ​ចារកម្ម​នោះ លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើកលែង​ទោស​​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ក្រោយ​ការ​កាត់​ទោស​បាន​បី​សប្តាហ៍​ ​និង​ជាប់​ឃុំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

នៅ​ល្ងាច​ថ្ងៃសុក្រ​នេះ​ ​ព្រះ​មហា​ក្សត្រព្រះបាទ​ ​នរោត្តម សីហមុនី​ ​ព្រះ​រាជទាន​លើកលែង​ទោស​ ​លោក​ ​James Ricketson​ ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ ​បន្ទាប់​ពី​លោក​ត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៦ឆ្នាំ​ ​ពី​បទ «ចារ​កម្ម»។​ ​នេះ​បើ​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ចុះ​ហត្ថ​លេខា​ ​ដោយ​លោកសាយ ឈុំ​ ​ប្រមុខ​រដ្ឋ​ស្តីទី​ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជា​ជនកម្ពុជា។​

ក្នុង​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​ចេញ​ថ្ងៃទី​២១​ខែ​កញ្ញាឆ្នាំ​២០១៨​ ​ព្រះ​មហាក្សត្រត្រាស់​បង្គាប់​លើកលែង​ទោស​លោក​ ​James Ricketson​ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​៣​សប្តាហ៍​មុន។

ព្រះ​រាជក្រឹត្យ​ ដែល​ចុះ​ហត្ថលេខា​ដោយលោកសាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី ជំនួស​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដែល​កំពុង​គង់នៅប្រទេស​ចិន​នោះ​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​បាន​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ​JAMES STANIFORTH RICKETSON​ ​ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ ​សញ្ជាតិ​អូស្រ្តាលី​ ​ដែល​ត្រូ​វបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ​ពី​បទ​ចារកម្ម ​និង​ប្រមូល​ផ្តុំ​ព័ត៌មានជាអាទិ៍​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​ ​តាម​អំណាច​សាល​ក្រម​ព្រហ្ម​ទណ្ឌ[...] ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ»។​

លោក​ James Ricketson​ ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ដើម​ខែ​មិថុនាឆ្នាំ​២០១៧​ ​ក្រោយ​ពី​លោក​បាន​ថត​ពី​លើ​អាកាស​ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ថត​រូប ​ដែល​ហៅ​ថា​ ​Drone​ ​ផ្ដិត​យក​ទិដ្ឋភាព​ក្បួន​ដង្ហែ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ដឹកនាំ​ដោយ​លោកកឹម សុខា។​

ក្រោយ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១៤​ខែ​ ​លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញកាត់​ទោស​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​សីហា​ឆ្នាំ​២០១៨ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ ​បន្ទាប់​ពី​ឆ្លងកាត់សវនាការ​អស់​រយៈ​ពេល៧​លើក។​

លោក គង់ សំអុន​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​James Ricketson​ ​ប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​ ​James Ricketson​ ​នឹង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារក្នុង​ពេល​ឆាប់ៗខាង​មុខ​ ​ក៏​ប៉ុន្តែ​លោក​ថា ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៅ​ឡើយ​ទេ។​ ​លោក​មេធាវី​គង់ សំអុនបន្ថែម​ថា​ ក្រោយ​ការ​ដោះលែង​ លោក​ ​James Ricketson​ ​នឹង​ត្រឡប់​ទៅ​ប្រទេស​អូស្រ្តាលី​វិញ​ ​ប៉ុន្តែ​នឹង​ត្រឡប់​មក​កម្ពុជា​ ដើម្បី​បន្ត​ការងារ​ជា​អ្នក​ផលិតវីដេអូ​ដដែល។​

លោក​មេធាវីគង់ សំអុន​បន្ថែម​ថា​ ​លោក​បាន​ស្នើ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​ដើម្បី​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ពីព្រះ​មហា​ក្សត្រ​ ​បន្ទាប់​ពី​លោក​ ​James Ricketson​ ​ត្រូវ​បាន​កាត់​ទោស។​ ​លោក​ថា​ ​លោក​ ​James Ricketson​ ​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​សុំ​ទោស​លោក​នាយក​រដ្ឋមន្រ្តី​ ​នៅ​មុន​ពេល​ដែល​តុលាការ​កាត់​ទោស​លោក​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការងារ​របស់​គាត់​មិនមែន​ជាអ្វី​ខុស​ច្បាប់​ទេ​ ​អ៊ីចឹងបញ្ហា​គឺ​ទៅ​លើ​កិច្ចការ​មួយ​ចំនួន​ ​តែ​មិនមែន​មាន​ន័យ​ថា ​ខុស​ច្បាប់​ទេ ​គ្រាន់តែ​ថា​ ​ព័ត៌មាន​ខ្លះ​គាត់​មិន​គួរ​ផ្សព្វផ្សាយ​ ​មិនគួរ​ថត​អី​អ៊ីចឹង​ បាទ!​ ​គាត់​មាន​សរសេរ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​លោក​ដែរ»។​

ការ​កាត់​ទោស​លោក​ ​James Ricketson​ ​នា​ពេល​នោះ​ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​រិះគន់​ថា ជា​ការ​កាត់ទោស​ដែល​មាន​ចរិត​នយោបាយ។​ ​ពួកគេ​ក៏​បាន​ប្រតិកម្ម​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ ​និង​ដោះលែង​លោកផង​ដែរ។​

ព្រះ​រាជទាន​លើកលែង​ទោស​ដល់​លោក​ ​James Ricketson​ ​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាលកម្ពុជា​កំពុង​ព្យាយាម​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ ​តាមរយៈ​ការធ្វើ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ឲ្យ​មាន​ការ​ដោះ​លែង​ ​និង​លើក​លែង​ទោស​ដល់​សកម្មជន​នយោបាយ​ សកម្មជនសិទ្ធិ​មនុស្ស​ ​សកម្មជន ​ ដីធ្លី​ ​និង​អ្នក​សារព័ត៌មាន​ដែល​ជាប់​ទោសក្នុង​ពន្ធនាគារ​នា​ពេល​កន្លង​មក៕

XS
SM
MD
LG