ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​កម្មវិធី​ផ្តល់​អំណាច​ដល់​ស្រ្តី​សាកល​លោក​របស់​លោកស្រី Ivanka Trump បង្ហាញ​ជោគជ័យ​ជាលើកដំបូង


លោក​ស្រី Ivanka Trump ប្រកាស​អំពី​ប្រាក់ជំនួយ​​ឥតសំណង​លើក​ដំបូង​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​សេតវិមាន​ ដើម្បី​ជួយ​ស្ត្រី​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៩ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន។
លោក​ស្រី Ivanka Trump ប្រកាស​អំពី​ប្រាក់ជំនួយ​​ឥតសំណង​លើក​ដំបូង​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​សេតវិមាន​ ដើម្បី​ជួយ​ស្ត្រី​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៩ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន។

កូនស្រី​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី​​ Ivanka Trump ​បាន​សរសើរ​ការ​អនុម័ត​ច្បាប់​នៅ​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​ដែល​ទាក់​ទិន​​ការ​ផ្លាស់​ប្តូរ​ដែល​លោក​ស្រី​បាន​ជំរុញ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​កាល​ពី​ខែ​មេសា​ទៅកាន់​ទ្វីប​អាហ្វ្រិក។​

កិច្ច​ផ្តួច​ផ្តើម​របស់​សេតវិមាន​ដែល​ដឹកនាំ​ដោយ​លោកស្រី​ Ivanka Trump​ ដើម្បី​ផ្តល់​អំណាច​ខាង​សេដ្ឋ​កិច្ច​ដល់​ស្រ្តី​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​បាន​ប្រកាសពី​ជោគជ័យ​លោក​ដំបូង​របស់​ខ្លួន ​រួម​មានប្រាក់​ជំនួយ​២៧​លាន​ដុល្លារ​សម្រាប់​គម្រោងនានា​នៅ​ក្នុង​ប្រទេស​ចំនួន​២២។

គម្រោង​នោះ​ក៏ត្រូវ​បាន​គេ​រាយការណ៍​ពីជោគជ័យលើក​ជា​ដំបូង​របស់​ខ្លួន​ដូច​ជា៖ គាំទ្រ​ការ​ផ្លាស់​ប្តូរ​ច្បាប់​គ្រួសារ​ក្នុង​ប្រទេស​កូតឌីវ័រដើម្បី​ធ្វើ​ច្បាប់​នោះ​មាន​សមភាព​កាន់​តែ​ខ្លាំង​ឡើង​ដល់​ស្រ្តី។

​ថ្លែងក្នុង​ការ​ពិភាក្សា​របស់​គណៈកម្មការ​ដែល​រៀប​ចំ​រួម​គ្នា​ជាមួយ​ទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ហៅកាត់​ថា USAID​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​លោកស្រី ​Ivanka Trump​ បាន​បញ្ជាក់​ថា ​ការ​ផ្តល់​អំណាច​ខាងសេដ្ឋ​កិច្ច​ដល់​ស្រ្តី ជា​ការ​ឈ្លាស​វៃ​មួយ​តាម​ទស្សនៈ​ជំនួយ​អភិវឌ្ឍន៍​និង​ជា​ការ​សំខាន់​បំផុត​តាម​ទស្សនៈ​សន្តិសុខ​ជាតិ។

លោកស្រី​ Ivanka​ ដែល​ជា​កូនស្រី​របស់​ប្រធានា​ធិបតីអាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​និយាយ​ថា ប្រសិនបើ​លោក ​អ្នក​ក្រឡេក​មើល​ប្រទេស​នានា​ដែល​មាន​កម្រិត​នៃ​ការរើស​អើង​ខាង ​Gender​ ខ្ពស់​ «៨០​ភាគរយ​នៃ​ប្រទេស​ទាំង​នោះ បាន​ជួប​ប្រទះ​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ»។

រូបឯកសារ៖ លោក​ស្រី ​Ivanka Trump ​មើល​ស្ត្រី​បង្ហាញ​ពី​ការ​ផលិត​កាហ្វេ​ កាល​ពី​ខែ​មេសា ២០១៩ ក្នុង​ក្រុង Adzpe ប្រទេសកូតឌីវ័រ។
រូបឯកសារ៖ លោក​ស្រី ​Ivanka Trump ​មើល​ស្ត្រី​បង្ហាញ​ពី​ការ​ផលិត​កាហ្វេ​ កាល​ពី​ខែ​មេសា ២០១៩ ក្នុង​ក្រុង Adzpe ប្រទេសកូតឌីវ័រ។

កម្មវិធី​អភិវឌ្ឍន៍​សាកល​និង​កិច្ច​ផ្តួច​ផ្តើម​ប្រកប​ដោយ​វិបុលភាព​របស់​ស្រ្តី​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កុម្ភៈ​ ដោយមាន​ការវិនិយោគទុនដំបូង​ចំនួន​៥០​លាន​ដុល្លារ​មក​ពី​ទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេ​រិក​ហៅ​កាត់​ថា USAID។ គោលដៅ​របស់​កម្ម​វិធី​នោះ គឺ​ជួយ​ដល់​ស្រ្តី​ចំនួន​៥០​លាន​នាក់​នៅ​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍​នៅ​ត្រឹម​ឆ្នាំ​២០២៥​ តាម​រយៈ​សកម្ម​ភាព​របស់ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដៃគូ​ឯកជន​និង​សាធារណៈ ​ហើយ​និង​ថវិកា​លើក​ទឹក​ចិត្តថ្មី​ដែល​លើក​តម្កើង​ភាព​ជាដៃគូទាំង​នោះ​ជាមួយ​ពាណិជ្ជករ​និង​អង្គការក្រៅ​រដ្ឋាភិបាល​ NGOs។

លោក Mark Green មន្រ្តីរដ្ឋ​បាលទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិរបស់​សហ​រដ្ឋ​អាមេរិក​ហៅកាត់​ថា (USAID)បាននិយាយថា ​ការ​វិនិយោគ​ទុនលើស្រី្ត​គឺជាការ​ស្ថាប​នា​ប្រទេស​ដោយភាព​រឹងមាំនិង​ខ្លួន​ទី​ពឹង​ខ្លួន​។

គម្រោង​ទាំង​នោះ ​រួម​មាន​ការ​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា ​ដើម្បី​ជួយ​ស្រ្តីនៅ​ក្នុង​ផ្នែក​ថាម​ពល​របស់​ប្រទេស​នោះ ​កិច្ច​ផ្តួច​ផ្តើម​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​មាន​គោល​បំណងផ្តល់​ឲ្យ​ស្រ្តី​នូវ​ជំនាញ​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ការផ្នែក​បច្ចេក​វិទ្យាក្នុង​ប្រទេសប្រស៊ីល​ ឈីលី កូឡុំប៊ី ម៉ិកស៊ិក​ និងប៉េរូនិង​កម្មវិធី​ដែល​ជួយ​ស្រ្តីធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​បសុបក្សី​នៅប្រទេស​ឥណ្ឌូ​នេស៊ី។

ក្នុង​សុន្ទកថារបស់​លោកស្រី​នៅ​ពេល​ថ្មីៗ​នេះ ​លោកស្រី ​Ivanka Trump​ ទី​ប្រឹក្សា​ប្រធានា​ធិបតី ​បាន​ចង្អុល​បង្ហាញ​អំពី​រដ្ឋាភិបាល​កូតឌីវ័រ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​គ្រួសារ​របស់​ប្រទេស​នោះ​ដើម្បី​ធ្វើ​ឲ្យមាន​សម​ភាព​កាន់តែ​ច្រើន​ឡើង​ដល់​ស្រ្តី ​ជា​ការ​ផ្លាស់​ប្តូរដែលលោក​ស្រីបាន​ជំរុញ​ក្នុង​អំឡុង​ជំនួប​របស់​លោកស្រី​ជាមួយ​លោក​ Daniel Kablan Duncan​ អនុប្រ​ធា​នា​ធិបតី​នៅ​ពេល​ដែល​លោក​ស្រី​ទៅ​ទស្សនកិច្ច​រដ្ឋ​ធានី Abidjan ​កាល​ពី​ខែ​មេសា។

លោកស្រី ​Ivanka Trump​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ប្រាកដ​ជា​រំភើប​ដើម្បី​សាទរ​និង​អបអរប្រទេស​កូតឌីវ័រ​ដែល​បាន​ផ្លាស់ប្តូរ​ច្បាប់​អាពាហ៍​ពិពាហ៍​ដែល​ឥឡូវ​នេះ ​អាច​ឲ្យ​ស្រ្តី​ទទួល​កេរ​ជា​ទ្រព្យសម្បត្តិ​និងមាន​ទ្រព្យសម្បត្តិ​ដែល​ច្បាប់កាល​ពី​មុន​មិន​បាន​អនុញ្ញាត»។

កាល​ពីឆ្នាំ​២០១៨​ វេទិកា​សេដ្ឋកិច្ច​សាកល​លោក បានឲ្យ​ចំណាត់​ថ្នាក់​ប្រទេស​កូតឌីវ័រ​លេខ​១៣១​នៃបណ្តាប្រទេស​១៤៤​ក្នុង​សមភាព​យេនឌ័រ ហើយ​រដ្ឋាភិបាល ​បាន​សន្យា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សម្រាប់​ស្រ្តី​ដែល​ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ថវិកា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​រយៈ​កម្មវិធី​ក្រុមហ៊ុន​សាជីវកម្ម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សហ​ស្សវត្សរ៍​ឬ MCC។

MCC​ ជាទីភ្នាក់​ងារ​ផ្តល់​ជំនួយ​បរទេសឯករាជ្យ​មួយ​ដែល​ដឹកនាំ​ការ​ខំប្រឹងប្រែង​របស់រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ភាពក្រីក្រសាកល​លោក ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយឧបត្ថម្ភ​របស់​សភា​គណបក្ស​ទាំង​២នៅ​ឆ្នាំ​២០០៤។

លោក​ស្រី​ ត្រាំ សរសើរ​កិច្ច​ផ្តួចផ្តើម​នេះ​ថា៖ «ជា​ការ​ខំ​ប្រឹងប្រែង​លើក​ដំបូង​របស់​ រដ្ឋា​ភិបាល​ទាំង​មូល​ដើម្បី​ធ្វើ​ឲ្យ​ជឿន​លឿន​ដល់​ការ​ផ្តល់​អំណាច​ខាង​សេដ្ឋ​កិច្ច​ដល់​ស្រ្តី​ទូទាំង​សាកល​លោក ​ក៏ប៉ុន្តែ គោលដៅ​នៃការ​ផ្តល់​អំណាច​ខាង​សេដ្ឋ​កិច្ច​របស់​ស្រ្តី​ជា​ផ្នែក​មួយ​នៃយុទ្ធ​សាស្រ្ត​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ជាការ​បន្ត​គោល​នយោបាយ​របស់​រដ្ឋបាល​មុនៗ»។

លោក​ស្រី Jamille Bigio អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​ស្រ្តី​និង​កម្មវិធី​គោល​នយោបាយ​ការបរទេស​នៅឯក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស ​បាន​និយាយ​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​មាន​ប្រវត្តិតាម​ដានការ​ប្រើ​កម្មវិធី​ជំនួយ​បរ​ទេស​ដើម្បី​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ខាង​ផ្លូវ​ច្បាប់​ដែល​រារាំង​ការ​ចូល​រួម​ខាង​សេដ្ឋ​កិច្ច​របស់​ស្រ្តី។លោក​ស្រី ក៏​ធ្លាប់​ធ្វើ​ជានាយិកា​ខាង​សិទ្ធិ​មនុស្ស​និងGenderនៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​សេតវិមាន​ក្នុង​អំឡុង​រដ្ឋបាល​ប្រធានាធិបតី​ អូបាម៉ា​ ដែរ។

លោកស្រី Bigio បាន​និយាយ​ទៀត​ថា កម្មវិធី MCC កំណត់​ថា​តើ​ត្រូវធ្វើ​ការវិនិយោគ ទុន​ប្រទេស​ណា​មួយ ​មួយ​ផ្នែក​ត្រូវ​ផ្អែកលើ​សមភាព​កម្លាំង​ការងារ​របស់​ស្រ្តី»។លោក ស្រី ​បាន​មាន​ប្រសាសន៍​ថា កាល​ពី​អតីត​កាល រដ្ឋាភិបាល​បរទេស ​បាន​ចាត់​វិធានការ​នៅពេល​ដែលពួកគេ ចង់​បានការ​វិនិយោគទុន​សហរដ្ឋ​អាមេរិកដោយ​មានការ​គាំទ្រ​ពី​កម្មវិធី MCC។​ លោកស្រី ​បានយោង​ដល់​ករណីនៃ​ប្រទេស​ឡេសូថូ​ដែល​បាន​បញ្ចប់​ឋានៈភាព​របស់​ស្រ្តីជាអនីតិ​ជន​នៅក្រោម​ច្បាប់​ឆ្នាំ២០០៦។

លោក Daniel Runde នាយក​គម្រោង​វិបុលភាព​និង​ការ​ភិវឌ្ឍ​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុត្តិ​សាស្រ្ត​និង​អន្តរជាតិ ​បាន​និយាយថា ​ខណៈ​ដែល​រដ្ឋាភិ​បាលសហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ងារ​អស់​រាប់​ទសវត្សរ៍​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចរបស់ស្រ្តី ​វា​ជាការ​ណ៍ពិត​ថា ​លោកស្រី​ត្រាំ​ដែល​ជា​កូន​ស្រី​របស់​ប្រធានា​ធិបតីអាមេ​រិក​លោក​ដូណាល់ ​ត្រាំ ​កំពុង​ព្យាយាម​បញ្ចូល​ផ្នែក​នានា​ទាំងអស់​នៃ​ការងារ​របស់រដ្ឋាភិ​បាលសហរដ្ឋ​អាមេរិក​ស្តីពី​បញ្ហា​នេះ​នៅ​ក្នុង​របៀបមួយ​ដែល​មានការ​គ្រោង​ទុក​ជា​មុន​កាន់​តែ​ខ្លាំង​ឡើង។

​លោក Runde បាន​សួរថា៖ «សំណួរ​គឺ​ថា​តើ​រដ្ឋបាល​នេះ ​អាច​ថ្លឹង​ថ្លែង​គម្រោង​ការ​ងារ​នេះ​ត្រឹមត្រូវទេ ហើយ​ធ្វើការ​តែលើ​គម្រោង​បន្ថែម ​និង​មិន​ឲ្យ​មាន​សកម្ម​ភាព​ជាន់​គ្នា​ ​រួមទាំង​គម្រោង​ការងារ​របស់​ធនាគារ​ពិភព​លោក​ផងនោះ?»។

​កិច្ច​ផ្តួច​ផ្តើមអភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក ​រួមមានកម្មវិធី​អភិវឌ្ឍន៍សាកល​និង​កិច្ច​ផ្តួចផ្តើម​ប្រកប​ដោយ​វិបុលភាព​របស់​ស្រ្តីឬ (W-GDP) ​ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​នានា​ឲ្យ​កែប្រែ​ច្បាប់​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវ​ភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ដែល​ផ្ទុយ​គ្នា​ទៅនឹង​ការ​ច្រាន​ចោល​លទ្ធិសាកល​និយម​របស់​ប្រធានា​ធិបតីត្រាំ។​

នៅឯ​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​២០១៨ ប្រធានា​ធិបតី​អា​មេរិក​លោក​ដូណាល់ ​ត្រាំ ​និយាយ​ថា៖ «ខ្ញុំ​គោរព​សិទ្ធិ​ប្រទេស​នានា​នៅ​ក្នុង​បន្ទប់​នេះឲ្យ​អនុវត្ត​ទៅតាម​ទំនៀម​ទម្លាប់ ​ជំនឿ​និង​ប្រពៃណី​របស់​ខ្លួន។សហ​រដ្ឋ​អាមេរិក នឹង​មិន​ប្រាប់​អស់​លោក អ្នក​ថាតើ​ត្រូវ​រស់​នៅ ​ធ្វើការងារ​ឬ​ធ្វើ​សក្ការៈ​យ៉ាង​ដូចម្តេច​នោះ​ទេ»។

រូបឯកសារ៖ លោក​ស្រី Ivanka Trump ថ្លែង​ទៅ​កាន់​ស្ត្រី​សហគ្រិន​ នៅ​ឯ​ចម្ការ​ផលិត​កាហ្វេ​ ក្នុង​ទីក្រុង​ Adzope ប្រទេស​កូតឌីវ័រ។
រូបឯកសារ៖ លោក​ស្រី Ivanka Trump ថ្លែង​ទៅ​កាន់​ស្ត្រី​សហគ្រិន​ នៅ​ឯ​ចម្ការ​ផលិត​កាហ្វេ​ ក្នុង​ទីក្រុង​ Adzope ប្រទេស​កូតឌីវ័រ។

​ទោះជា​យ៉ាង​នៅក៏ដោយ លោកស្រី Ivanka Trump ​ហាក់​ដូចជា​អនុវត្តនូវបុព្វ​ហេតុ​នៃ​ការ​ផ្តល់​អំណាច​ដល់​ស្រ្តីសាកល​ហើយ​បាន​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​ក្នុង​ពិធី​អន្តរ​ជាតិ​សំខាន់​ៗ​ជា​ច្រើន ​រួមមាន​កិច្ច​ផ្តួចផ្តើមហិរញ្ញវត្ថុ​សហគ្រិន​ស្រ្តី​ ឬ(We-Fi) ​ដែល​បាន​ចាប់​ផ្តើម​នៅឯសន្និសីទ​កំពូល G-20 ក្នុង​ឆ្នាំ​២០១៧ ​កម្មវិធី​ ​របស់ទីភ្នាក់​ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិរបស់​សហ​រដ្ឋ​អាមេរិក​ហៅកាត់​ថា (USAID) ឆ្នាំ​២០១៨​ដែល​ស្វះស្វែង​អនុញ្ញាតឲ្យ​ស្រ្តីប្រើ​បច្ចេក​វិទ្យា Digital។

កាលពី​ខែមិថុនា លោកស្រី ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​យុទ្ធ​សាស្រ្ត​ជាតិដើម្បីឲ្យ​ស្រ្តី​ចូលរួម​ក្នុងការ​រារាំង​សង្គ្រាម​និងការ​រៀប​ចំ​ចាត់​ចែង​សន្តិភាព​សាកលដែល​ត្រូវបានអនុញ្ញាតដោយ​ច្បាប់​ស្រ្តី សន្តិភាព​និង​សន្តិសុខ​ឆ្នាំ​២០១៧។

ឧបសគ្គ​ខាង​ផ្លូវច្បាប់ដល់​ការ​ចូល​រួម​របស់​ស្រ្តី ​នឹង​ស្ថិត​នៅលើ​របៀបវារៈ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ​ចូលរួម​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ក្រុម​ប្រទេស​៧​ដែល​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​ជាងគេ​ហៅ​កាត់ G-7 ​នៅទីក្រុង Biarritz នៃ​ប្រ​ទេស​បារាំង​នៅ​ខែ​ក្រោយ។

លោក​ស្រី Bigio នៃ​ក្រុមប្រឹក្សា​ទំនាក់​ទំនង​ការបរទេស បាន​និយាយ​ទៀត​ថា «នៅពេល​ដែល​សហរដ្ឋ​អាមេរិក ដឹកនាំ​ក្រុម​ប្រទេសG-7នៅ​ឆ្នាំ​ក្រោយ បញ្ហា​សម​ភាពGender នឹង​ស្ថិតក្នុង​របៀប​វារៈ​របស់​ប្រមុខ​រដ្ឋាភិបាល»។​លោកស្រី មាន​ប្រសាសន៍ទៀត​ថា ​ការ​បង្កើន​ការ​វិនិយោគ​ទុនដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ដល់​ការ​ចូល​រួម​យ៉ាងពេញ​ទំហឹង​របស់​ស្រ្តី​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច ​នយោបាយ​និង​ជីវភាព​សង្គមជាគន្លឹះ​ដ៏​សំខាន់​មួយ។

សេតវិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដល់​សំណួរ​របស់​ VOA ​ថាតើ​លោកស្រី Ivanka Trump នឹង​ចូល​រួម​ក្នុង​ជំនួប​កំពូល G-7 នោះ​ដែរ​ឬ​ទេ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG