ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​ឃ្លាំ​មើល​មួយ​ចោទប្រកាន់​អ្នកស្រី Ivanka Trump ថា​បំពាន​ក្រម​សីលធម៌​នយោបាយ


ទីប្រឹក្សា​ជាន់ខ្ពស់នៃ​សតវិមាន​អ្នក​ស្រី Ivanka Trump ចូល​រួម​ក្នុង​ពិធី​ចេញ​ផ្សាយ​របាយការណ៍ជួញដូរមនុស្ស​ឆ្នាំ២០១៩នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩។
ទីប្រឹក្សា​ជាន់ខ្ពស់នៃ​សតវិមាន​អ្នក​ស្រី Ivanka Trump ចូល​រួម​ក្នុង​ពិធី​ចេញ​ផ្សាយ​របាយការណ៍ជួញដូរមនុស្ស​ឆ្នាំ២០១៩នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថាប័ន​ឃ្លាំមើល​មួយ​បាន​ចោទប្រកាន់​អ្នកស្រី Ivanka Trump ដែល​ជា​កូនស្រី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​លោក​នោះ ថា​បាន​ប្រើប្រាស់​គណនី Twitter របស់​អ្នកស្រី​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​សម្រាប់​រដ្ឋាភិបាល​និង​នយោបាយ ដែល​នេះ​បំពាន​ដល់​ច្បាប់​សហព័ន្ធ​របស់​អាមេរិក។ ​

ស្ថាប័ន​ពលរដ្ឋ​សម្រាប់​ទំនួល​ខុសត្រូវ​និង​ជាតិពន្ធុ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ដែល​លោក ត្រាំ កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​បាន​រយៈពេល​២ឆ្នាំ​កន្លះ​កន្លង​មក​នេះ កូនស្រី​របស់​លោក​ដែល​មាន​អាយុ​៣៧​ឆ្នាំ​បាន​ប្រើប្រាស់​គណនី Twitter ផ្ទាល់​ខ្លួន ដើម្បី​ចែករំលែក​សារ​អំពី​ការងារ​ផ្លូវការ​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ មីនា​ ឆ្នាំ ២០១៨ មក អ្នកស្រី Ivanka Trump ក៏​បាន​បង្ហោះ​សារ​នយោបាយ​មួយ​ចំនួន ដោយ​រួម​ទាំង​សារ​ក្នុង​សប្តាហ៍​នេះ​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ប្រមូល​គ្នា​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ឪពុក​អ្នកស្រី​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​បោះឆ្នោត​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​

ស្ថាប័ន​នេះ​បាន​អំពាវនាវ​ដល់​ការិយាល័យ​ប្រឹក្សា​ពិសេស​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​នេះ។ នេះ​គឺ​ជា​ស្ថាប័នរដ្ឋាភិបាល​តែ​មួយ ដែល​ផ្ដល់​អនុសាសន៍​កាល​ពី​សប្ដាហ៍​មុន​ឲ្យ​ដក​តំណែង​ទីប្រឹក្សា​ម្នាក់​ទៀត​របស់​លោក ត្រាំ គឺអ្នកស្រី Kellyanne Conway បន្ទាប់​ពី​អ្នកស្រី​បង្ហោះ​សារ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ផ្ដល់​បទសម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ពី​ទីវាល​នៅ​ក្នុង​សេតវិមាន ដោយ​និយាយ​វាយប្រហារ​ទៅ​លើ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​នឹង​លោក​ ត្រាំ នៅ​ឆ្នាំ​២០២០។

លោក ត្រាំ បាន​ច្រានចោល​សំណើ​នេះ ហើយ​អ្នកស្រី Conway នៅ​តែ​កាន់​តំណែង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​លោក​ដដែល៕

XS
SM
MD
LG