ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អ៊ីស្រាអែល​១០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ភាគ​ខាង​ជើង​ហ្កាហ្សា ​ខណៈ​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា


ទាហាន​អុីស្រាអែល​ប្រតិបត្តិ​នៅស្រុក Shajaiya ទីក្រុង Gaza city
ទាហាន​អុីស្រាអែល​ប្រតិបត្តិ​នៅស្រុក Shajaiya ទីក្រុង Gaza city

នៅ​ថ្ងៃ​ពុធ​នេះ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​ថា​ទាហាន​អ៊ីស្រាអែល​១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា (Gaza) នៅ​ពេល​ដែល​ខ្លួន​ធ្វើ​យុទ្ធនាការ​វាយ​ប្រហារ​ដើម្បី​កម្ទេច​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​គោលដៅ​ជាង​២៥០​កន្លែង​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក ដោយ​ក្នុង​នោះ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​បាន​ចំ​អ្វី​ដែល​ខ្លួន​ថា​ជា​ក្រុម​មួយ​ដែល​ត្រៀម​លក្ខណៈ​បាញ់​រ៉ុក្កែត​ដាក់​អ៊ីស្រាអែល។

ក្នុង​អំឡុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហ្កាហ្សា ទាហាន​អ៊ីស្រាអែល​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ពីរ​នាក់​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី៧ ខែ​តុលា។

អ្នកនាំពាក្យ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា ក្រុម​ហាម៉ាស់​បាន​ឃុំ​ចំណាប់ខ្មាំង​នៅ​ក្រោម​ដី​នៅ​ផ្នែក​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​នៃ​តំបន់​ហ្កាហ្សា ដោយ​ធ្វើ​ឱ្យ​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មាន​លក្ខណៈ​ស្មុគស្មាញ ប៉ុន្តែ​លោក​បាន​និយាយ​ថា អ៊ីស្រាអែល​នឹង​មិន​រារែក​នៅ​ក្នុង​បេសកកម្ម​រំដោះ​ចំណាប់ខ្មាំង​ទាំងអស់​នោះ​ទេ។

ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រមាន​ជា​ថ្មី​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​លើ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ប្រធាន​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ​លោក Filippo Grandi បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «រឿង​ដែល​គួរ​ឱ្យ​ខ្លោចផ្សា​បំផុត​គឺ​ថា យើង​ប្រមើល​មើល​ឃើញ​ថា​ជន​ស៊ីវិល​បន្ថែម​ទៀត​នឹង​ស្លាប់​និង​រង​ការ​ឈឺចាប់ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង​បន្ថែម​ទៀត​ដែល​គំរាម​ប៉ះពាល់​ដល់​តំបន់​នេះ»។

សម្ដេច​ប៉ាប Francis បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ហើយ​ស្រប​ពេល​នោះ​ដែរ​អំពាវនាវ​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​តំបន់​ហ្កាហ្សា​និង​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​ឃុំ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។


XS
SM
MD
LG