ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលនិងក្រុមហាម៉ាស់ប្រយុទ្ធគ្នាខ្លាំងក្លានៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្កាហ្សា


ផ្សែងហុយឡើងពីក្រុង Khan Younis ក្នុងតំបន់ហ្កាហ្សា ក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ផ្សែងហុយឡើងពីក្រុង Khan Younis ក្នុងតំបន់ហ្កាហ្សា ក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

កង​កម្លាំង​អ៊ីស្រាអែល​និង​យុទ្ធជន​ហាម៉ាស់ (Hamas) បាន​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា (Gaza) ខណៈ​ដែល​ការ​ប្រយុទ្ធ​នៅតែ​បន្ត​នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា​នៅ​ភាគ​ខាង​ជើង។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​បាន​បញ្ជាក់​ថា ការ​ចែកចាយ​ជំនួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ច្រើន​ត្រូវ​បាន​ផ្អាកលើកលែង​តែ​នៅ​ក្នុង​តំបន់ Rafah នៅ​ជិត​ព្រំដែន​អេហ្ស៊ីប ដោយសារតែ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​និង​ការ​រារាំង​លទ្ធភាព​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ចម្បងៗ​បាន​បង្អាក់​ដល់​ប្រតិបត្តិការ​មនុស្សធម៌។

ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រហែល ១ លាន ៩ សែន​នាក់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដោយ​មនុស្ស​ជា​ច្រើន​បាន​ស្វែងរក​កន្លែង​ជ្រកកោន​នៅ​ភាគ​ខាង​ត្បូង​ក្នុង​ទី​ជម្រក​ដែល​មាន​មនុស្ស​ណែនណាន់​តាន់តាប់ ស្រប​ពេល​ដែល​មាន​ការ​ក្រើន​រំឭក​អំពី​ស្ថានភាព​អនាម័យ​មិន​ល្អ​និង​សញ្ញាណ​គ្រោះថ្នាក់​នៃ​ការ​កើនឡើង​ជំងឺ​ឆ្លង។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​បាន​លើកឡើង​ថា មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់ Rafah ក្នុង​អំឡុង​សប្ដាហ៍​មុន។ ក្នុង​អំឡុង​ពេល​ដូច​គ្នា​នោះ​ដែរ អ៊ីស្រាអែល​បាន​ពង្រីក​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​បន្ថែម​ទៀត ដែល​រួម​មាន​ទាំង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Khan Younis ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ផង​ដែរ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា យោធា​អ៊ីស្រាអែល​បាន​បរាជ័យ​នៅ​ក្នុង​គោល​បំណង​របស់​ខ្លួន​ដែល​បាន​ប្រកាស​ថា​នឹង​ការពារ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ឱ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP , Reuters និង​AFP

XS
SM
MD
LG