រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែលថា កងទ័ពអ៊ីស្រាអែលត្រូវប្រើពេលជាច្រើនខែ ដើម្បីយកឈ្នះក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
លោក Gallant បាននិយាយថា ក្រុមហាម៉ាស់ បានកសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធក្រោមដីនិងលើដីនៅតំបន់ហ្កាហ្សាអស់ពេលជាង ១០ ឆ្នាំកន្លងទៅ និងថា ការវាយបំផ្លាញក្រុមឥស្លាមមួយនេះ នឹងត្រូវប្រើពេលវេលាយូរ គឺចំនួនច្រើនខែ។
«ប៉ុន្តែយើងនឹងឈ្នះ ហើយយើងនឹងវាយកម្ទេចពួកគេ»។ នេះបើតាមការបញ្ជាក់របស់លោក Gallant ។
គេនៅមិនទាន់ឃើញមានការធ្វើអត្ថាធិប្បាយណាមួយរបស់អាមេរិក ជុំវិញកិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាមួយលោក Gallant នោះឡើយ។
ជាមួយនឹងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ពេលនេះឈានចូលដល់ខែទី ៣ ហើយនោះ ខុទ្ទកាល័យរបស់លោក Gallant និយាយថា មន្ត្រីអ៊ីស្រាអែលនិងអាមេរិកទាំងពីររូបនេះ ក៏បានពិភាក្សាគ្នាផងដែរ ទៅលើភាពចំាបាច់នៃការវិលត្រឡប់របស់ពលរដ្ឋអ៊ីស្រាអែល ទៅកាន់លំនៅដ្ឋានរបស់គេវិញ នៅជិតព្រំដែនជាមួយប្រទេសលីបង់ នៅភាគខាងជើង ក្រោយពីពលរដ្ឋជាច្រើនម៉ឺននាក់បានចាកចេញពីផ្ទះសម្បែងរបស់គេ ដោយសារភ័យខ្លាចនឹងការប្រយុទ្ធគ្នាជាមួយក្រុម Hezbollah ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញលើតំបន់ហ្កាហ្សា មុនដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Sullivan ទៅកាន់អ៊ីស្រាអែល។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា រហូតមកដល់ពេលនេះ មនុស្សជាង ១៨.៦០០ នាក់ បានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ដែល ៧០ ភាគរយនៃអ្នកស្លាប់ទាំងនោះជាស្ត្រីនិងកុមារ ក្រោយពីក្រុមយុទ្ធជនហាម៉ាស់ ដែលត្រូវបានអាមេរិកនិងសហភាពអឺរ៉ុបចាត់ទុកថាជាក្រុមភេរវករ បានសម្លាប់មនុស្សអស់ ១.២០០នាក់ និងចាប់មនុស្សប្រមាណ ២៤០ នាក់ ធ្វើជាចំណាប់ខ្មាំង ក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់ខ្លួនលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ៕
អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន VOA អ្នកស្រី Anita Powell ផ្តល់ព័ត៌មានសម្រាប់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និង Reuters។