ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការចរចាគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលត្រូវបានសម្របសម្រួលដោយប្រទេសកាតា ដើម្បីបន្ថយការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា បានបន្តធ្វើឡើងកាលពីសៅរ៍។ នេះបើតាមប្រភពព័ត៌មានដែលបានសង្ខេបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters អំពីការចរចានេះ។ ការចរចានេះកើតមានឡើង ស្របពេលដែលអ៊ីស្រាអែលកំពុងបន្ថែមការវាយប្រហារទៅលើតំបន់ហ្កាហ្សាតាមថ្មើរជើង។
កិច្ចពិភាក្សាមិនទាន់បរាជ័យនៅឡើយទេ ប៉ុន្តែអាចនឹងកើតមានក្នុង «ល្បឿនដ៏យឺតមួយ» ជាងអ្វីដែលធ្លាប់មាន មុនពេលមានការវាយប្រហារកាន់តែខ្លាំង កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។ នេះបើតាមប្រភពព័ត៌មានដែលបានថ្លែងប្រាប់ទីភ្នាក់ងារ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរស៊ើបនៃកិច្ចចរចានេះ។
ពលរដ្ឋនៅតំបន់ហ្កាហ្សាដែលកំពុងស្ថិតក្រោមការហ៊ុមព័ទ្ធ ស្ទើរតែគ្មានទំនាក់ទំនងជាមួយមនុស្សនៅក្រៅតំបន់នេះ ខណៈដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកបន្ថែមទៀតទៅលើដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ មេដឹកនាំយោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុមហាម៉ាស់ដែលបង្កការគំរាមកំហែងជាយូរមកហើយនោះ កំពុងត្រៀមពង្រីកក្នុងទ្រង់ទ្រាយធំ។
ប្រទេសកាតាបានធ្វើសកម្មភាពការទូតនៅក្រោយឆាកអស់រយៈពេលជាង ៣ សប្ដាហ៍មកហើយ ដោយបាននិយាយជាមួយក្រុមមន្ត្រីហាម៉ាស់ និងមន្ត្រីអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានសន្តិភាព និងធានាឲ្យមានការដោះលែងមនុស្សដែលត្រូវបានចាប់ជាចំណាប់ខ្មាំង។ ការសម្របសម្រួលកាលពីសប្ដាហ៍មុនបានឈានទៅដល់ការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកាំងពីរនាក់ គឺម្ដាយនិងកូនស្រីម្នាក់ ហើយនិងស្ត្រីវ័យចំណស់ជនជាតិអ៊ីស្រាអែលពីរនាក់ផងដែរ។
អាជ្ញាធរអ៊ីស្រាអែលនិយាយថា មនុស្សចំនួន ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងវាយឆ្មក់របស់ក្រុមអ៊ិស្លាមហាម៉ាស់ ហើយមនុស្សចំនួន ២២៤ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ដែលភាគច្រើនជាជនកាន់លិខិតឆ្លងដែនបរទេសមកពីប្រទេសផ្សេងៗចំនួន ២៥។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងវាយប្រហារកាន់តែខ្លាំងជាងមុនទៅលើតំបន់ហ្កាហ្សាក្នុងរយៈពេលបីសប្ដាហ៍ចុងក្រោយ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានថ្លែងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៧.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
ប្រទេសកាតា គឺជារដ្ឋតូចមួយសម្បូរទៅដោយធនធានថាមពល និងមានឥទ្ធិពលផ្នែកវិនិយោគ ដែលមានគោលនយោបាយការបរទេសប្រកបដោយមហិច្ឆតា។ ប្រទេសនេះមានបណ្ដាញទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហាម៉ាស់ ដែលមានការិយាល័យនយោបាយមួយនៅរាជធានីដូហាក្នុងប្រទេសកាតា។
ក្រុមបេសកជនកាតា ធ្លាប់បានជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងក្រុមអ៊ិស្លាមហាម៉ាស់និងអ៊ីស្រាអែលពីមុន៕
ប្រែសម្រួលដោយលោក នៀម ឆេង