អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារ ពីការពង្រីកសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់របស់ខ្លួន ដោយរួមបញ្ចូលគោលដៅធ្វើឱ្យពួកអ្នកស្រុកនៅភាគខាងជើងអ៊ីស្រាអែលអាចវិលត្រឡប់ទៅផ្ទះដែលពួកបានជម្លៀសចេញ ដោយសារការប៉ះទង្គិចរវាងកងទ័ពអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធ Hezbollah នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តចំណាត់ការនេះកាលពីយប់ថ្ងៃចន្ទ។
ក្រុម Hezbollah ដែលជាសម្ពន្ធមិត្តរបស់ក្រុមហាម៉ាស់បានចាប់ផ្តើមការវាយប្រហារប្រចាំថ្ងៃរបស់ខ្លួន ភ្លាមៗបន្ទាប់ពីសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាបានចាប់ផ្តើមដែលកំពុងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្រុម Hezbollah ដែលទទួលការគាំទ្រពីអ៊ីរ៉ង់ដូចក្រុមហាម៉ាស់ បាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្រាប់តំបន់ហ្កាហ្សា។
កិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យសម្រេចកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះ បានអូសបន្លាយរាប់សិបខែ ដោយមន្ត្រីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាបានព្យាយាមដើម្បីស្វែងរកលក្ខខណ្ឌដែលអាចព្រមព្រៀងគ្នាបាន ដល់ទាំងអ៊ីស្រាអែលនិងហាម៉ាស់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារ នៅពេលដែលមានការខំប្រឹងប្រែងបន្តកើតមានឡើងដើម្បីទាក់ទងនឹងដៃគូក្នុងតំបន់សំខាន់ៗនៅតំបន់មជ្ឈឹមបូព៌ា ដើម្បីបង្ហាញសំណើនៃការឈប់បាញ់គ្នាដែលត្រូវបានកែប្រែ។
នៅក្នុងរដ្ឋធានីគែរ លោក Blinken នឹងធ្វើជាសហប្រធាននៃការបើកសម័យប្រជុំនៃកិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអេហ្ស៊ីប ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty។ លោក Blinken ក៏នឹងជួបជាមួយពួកមេដឹកនាំអេហ្ស៊ីបដើម្បីពិភាក្សាការខំប្រឹងប្រែង ដើម្បីការពារការឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា ដើម្បីធ្វើឱ្យប្រាកដថា មានការដោះលែងចំណាប់ខ្មាំងទាំងអស់ បន្ធូបន្ថយការឈឺចាប់របស់ពលរដ្ឋប៉ាឡេស្ទីន ហើយនិងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខក្នុងតំបន់៕