ការវាយប្រហារពេញមួយយប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាដែលបានឈានចូលដល់ថ្ងៃពុធបានវាយប្រហារចំសាលារៀនមួយកន្លែងរបស់អង្គការសហប្រជាជាតិដែលផ្តល់ទីជម្រកដល់ក្រុមគ្រួសារជនជាតិប៉ាឡេស្ទីនដែលគ្មានទីកន្លែងរស់នៅនិងផ្ទះ២ខ្នងដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៣៤នាក់ រួមទាំងស្ត្រីនិងកុមារ១៩នាក់ផង។ នេះបើតាមសេចក្តីរាយការណ៍របស់ពួកអាជ្ញាធរ។
ការវាយប្រហារដ៏ប្រល័យកាលពីរសៀលថ្ងៃពុធបានត្រូវចំសាលារៀន Al-Jaouni របស់អង្គការសហប្រជាជាតិនៅក្នុងជំរំជនភៀសខ្លួន Nuseirat កណ្តាលតំបន់ហ្កាហ្សាដែលបានសម្លាប់មនុស្ស១៤នាក់និងធ្វើឱ្យរបួសយ៉ាងតិចណាស់ក៏១៨នាក់ដែរ។ យោធាអ៊ីស្រាអែលបាននិយាយថាគោលបំណងរបស់ខ្លួនគឺវាយប្រហារលើពួកសកម្មប្រយុទ្ធហាម៉ាស់ដែលបានរៀបចំផែនការវាយប្រហារពីខាងក្នុងសាលារៀននោះ។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថាឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ខ្លួនបានធ្លាក់នៅក្នុងតំបន់ Gaza Strip ភាគខាងត្បូងដែលបានសម្លាប់ទាហានអ៊ីស្រាអែល២ នាក់និងធ្វើឱ្យ៧នាក់ទៀតរងរបួស។
ការស៊ើបអង្កេតពីដំបូងៗបានបង្ហាញថាការធ្លាក់នោះមិនមែនមកពីការបាញ់ប្រហាររបស់សត្រូវទេ។ ឧទ្ធម្ភាគចក្រនោះបានធ្លាក់ក្នុងអំឡុងនៃការបំពេញបេសកកម្មមួយដើម្បីជម្លៀសទាហានរបួសម្នាក់នៅក្នុងតំបន់ Rafah។
នៅក្នុងតំបន់ West Bank ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងតិចក៏៥នាក់នៅក្នុងទីក្រុង Tubas។ នេះបើតាមពួកមន្ត្រីប៉ាឡេស្ទីន។
យោធាអ៊ីស្រាអែលបានរាយការណ៍ពីការវាយប្រហារមួយសំដៅលើ«ក្រុមភេរវកម្មប្រដាប់អាវុធ»នៅក្នុងតំបន់តែមួយ។
នៅក្នុងផ្នែកមួយទៀតនៃតំបន់ West Bank អង្គការសង្គមអឌ្ឍច័ន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនពួកអ្នកឆ្លើយតបគ្រាអាសន្ន៥នាក់របស់អង្គការនោះ។ ក្រុមនោះបាននិយាយទៀតថាបុគ្គលិកបានដឹកជញ្ជូនអ្នកជំងឺម្នាក់ហើយបានជម្លៀសកុមារពីជំរំជនភៀសខ្លួន Tulkarm នៅពេលដែលបានការឃុំខ្លួនបានកើតមានឡើង។
ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធបានសំដៅលើកន្លែងបាញ់គ្រាប់រ៉ុក្កែតនិងកន្លែងផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធ Hezbollahនៅក្នុងតំបន់ខាងត្បូងប្រទេសលីបង់ នៅពេលដែលការភ័យខ្លាចមានកាន់តែខ្លាំងឡើងនៅក្នុងតំបន់នោះ៕
វេទិកាបញ្ចេញមតិ