ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ការពារ​កន្លែង​មនុស្សធម៌


ជន​ជាតិ​ប៉ាឡេស្ទីន​ដើរ​នៅ​ក្នុង​ទីធ្លា​សាលា បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ទីតាំង​នោះ នៅ​ក្នុង​ក្រុង Nuseirat កណ្តាល​តំបន់ Gaza កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៤។
ជន​ជាតិ​ប៉ាឡេស្ទីន​ដើរ​នៅ​ក្នុង​ទីធ្លា​សាលា បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ទីតាំង​នោះ នៅ​ក្នុង​ក្រុង Nuseirat កណ្តាល​តំបន់ Gaza កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៤។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​បន្ត​ដាក់​ការគាបសង្កត់​លើ​អ៊ីស្រាអែល​ដើម្បី​ការពារ​កន្លែង​មនុស្សធម៌​នៅ​ក្នុង​តំបន់​ហ្កាហ្សា មួយ​ថ្ងៃ​បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ត្រូវចំ​បរិវេណ​សាលារៀន​មួយ​កន្លែង​របស់​អង្គការ​សហប្រជាជាតិ​ដែល​ផ្តល់​ទីជម្រក​ដល់​ជន​ជាតិ​ប៉ាឡេស្ទីន​ដែល​គ្មាន​ទី​កន្លែង​រស់នៅ។ ការ​វាយ​ប្រហារ​នេះ​បាន​សម្លាប់​មនុស្ស១៤នាក់​នៅ​ទីនោះ រួម​ទាំង​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ៦នាក់​ផង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅឯ​សន្និ សីទ​កាសែត​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ​ថា«យើង​ចាំបាច់​មើល​ឃើញ​ទីកន្លែង​មនុស្សធម៌​ត្រូវ​បាន​ការពារ ហើយ​នេះ​ជា​អ្វី​ដែល​យើង​បន្ត​លើកឡើង​ជាមួយ​អ៊ីស្រា អែល»។

ប្រមុខការទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​ថ្លែង​ទៀត​ថា«នៅពេល​ជាមួយ​គ្នា​នោះ​ដែរ យើង​បន្ត​មើលឃើញ​ពួក​ហាម៉ាស់​លាក់​ខ្លួន​ក្នុង​ទីកន្លែង​នោះ កំពុង​កាន់កាប់​និង​ប្រើ ប្រាស់​ទីកន្លែង​ទាំង​នោះដើម្បី​ធ្វើ​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​និង​ធ្វើឱ្យ​មាន​ការគំរាម​កំហែង​ដែល​បន្ត​កើត​មាន​ឡើង ហើយ​ជា​ការពិត ការណ៍​នេះ​ត្រូវតែ​បញ្ឈប់ ពីព្រោះ​សកម្មភាព​ទាំង​នេះ​កំពុង​ធ្វើ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល»។

លោក Blinken បាន​មាន​ប្រសាសន៍​ទៀត​ថាការវាយ​ប្រហារ​«ក៏​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ភាពបន្ទាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការឈប់​បាញ់​គ្នា»​ដើម្បី​បញ្ឈប់​សង្គ្រាម​អ៊ីស្រាអែល​ជាមួយ​ក្រុម​សកម្មប្រយុទ្ធហាម៉ាស់​ដែល​ឥឡូវ​នេះស្ថិត​ក្នុង​រយៈពេល១២ខែ​ហើយ។

ក្នុង​ខណៈ​នោះ​ដែរ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​បាន​ជម្លៀស​មនុស្ស​ជិត១០០នាក់​ពី​តំបន់ Gaza Strip ទៅកាន់​ប្រទេស​អេមីរ៉ាត​ អារ៉ាប់​រួម ហើយ​ខ្លួន​បាន​អំពាវនាវ​ឱ្យ​មាន​ប្រព័ន្ធ​សុខាភិបាល​អាច​ផ្ទេរបាន​ជា​ប្រចាំ ស្ថិតស្ថេរ​ដើម្បី​ជួយ​មនុស្ស​ដែល​ត្រូវការ​ការថែទាំ​ជា​បន្ទាន់៕

XS
SM
MD
LG