ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​កាន់​តែ​ឯកោ​លើ​ឆាក​អន្តរជាតិ​​រឿង​បញ្ហា​ហ្កាហ្សា លោក Biden ស្តី​បន្ទោស​លោក Netanyahu


លោក​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​នៅ​ក្នុងសេតវិមាន​កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣។REUTERS/Evelyn Hockstein/
លោក​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​នៅ​ក្នុងសេតវិមាន​កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣។REUTERS/Evelyn Hockstein/

ផ្សារ​មួយ​ទៀត​ត្រូវ​បាន​បំផ្លាញ​នៅ​តំបន់ Gaza។ ផ្សារ​នេះ​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Jabalia។

កម្រិត​នៃការ​ស្លាប់​និង​របួស​ជន​ស៊ីវិល​ជាច្រើន​កំពុង​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ព្រួយ​បារម្ភ​ខ្លាំង​ឡើង។

លោក​ថ្លែង​ថា៖ «យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ភាគី​អ៊ីស្រាអែល ហើយ​ពួកគេ​បាន​ដឹង​ថា សុវត្ថិភាព​របស់​ប្រជាជន​ប៉ាឡេស្ទីន​ស្លូតត្រង់​នៅតែ​ជា​កង្វល់​ដ៏​ធំ។ ដូច្នេះ​ហើយ​សកម្មភាព​ដែល​ពួកគេ​កំពុង​ធ្វើ​ត្រូវតែ​ស្រប​នឹង​ការប៉ុនប៉ង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ស្លូតត្រង់​មិន​ឱ្យ​ត្រូវគេ​ធ្វើបាប​ ធ្វើឃាត​ សម្លាប់​ បាត់​ខ្លួន ​ជាដើម។

លោក Biden បាន​និយាយ​ដូច្នេះ​ក្នុង​អំឡុង​ពេល​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​មួយកាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ​ថា អ៊ីស្រាអែល​កំពុង​បាត់បង់​ការ​គាំទ្រ​ពី​អន្តរជាតិ​ជុំវិញ​ការ​ទម្លាក់​គ្រាប់​បែក​មិន​រើសមុខ​របស់​ខ្លួន។ នេះ​ជា​ការ​រិះគន់​ជា​សាធារណៈ​ខ្លាំង​បំផុត​របស់​លោក​ចំពោះ​អ៊ីស្រាអែល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​សេតវិមាន​ លោក​ថ្លែង​ថា​ នាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវការ​ផ្លាស់ប្តូរ​សម្ពន្ធភាព​របស់​លោក និង​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ប៉ាឡេស្ទីន​ ដើម្បី​ក្លាយ​ជា​ដៃគូ​ក្នុង​ដំណើរ​ការ​សន្តិភាព។

លោក Biden និយាយ​ចំ​ឈ្មោះរដ្ឋមន្ត្រី​សន្តិសុខជាតិ​ស្តាំនិយម​របស់​អ៊ីស្រាអែលលោក Itamar Ben-Gvir ដែល​ប្រឆាំង​នឹង​ដំណោះ​ស្រាយ​មាន​រដ្ឋ​ពីរ។

អត្ថាធិប្បាយ​លោក​ Biden ​បាន​កើត​ឡើង​ពេល​ប្រទេស​ចំនួន​ ១៥៣ បាន​បោះឆ្នោត​គាំទ្រលើសលប់​ចំពោះ​សេចក្តីសម្រេច​អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់។ ប្រទេស​ចំនួន ១០ បាន​ជំទាស់​នឹង​វិធានការ​នេះ​ ខណៈ​ប្រទេស​ចំនួន​ ២៣ ​បាន​អនុប្បវាទ។

លោក Riyad Mansour ​អ្នក​សង្កេតការណ៍​អចិន្ត្រៃយ៍​ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​ថា៖ «ភារកិច្ច​របស់​យើង​គឺ​ព្យាយាម​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​មាន​ជីវិត​ ដោយធ្វើ​ឱ្យ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត និង​ដោយ​បង្ខំ​អ៊ីស្រាអែល​ឱ្យ​អនុវត្ត​តាម។ ហើយ​អ្នក​ដែល​ការពារ​អ៊ីស្រាអែល​ត្រូវ​គោរព​តាម​ឯកច្ឆន្ទ​ភាព​ជា​សាកល»។

ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​បន្ទាប់​ពី​សេចក្តី​សម្រេច​ស្រដៀង​គ្នា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ​ដែលបរាជ័យ​ដោយសារ​អាមេរិកវេតូ ដែល​នេះ​ជា​ជំហរ​មួយ​ត្រូវ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​បាន​បំផ្លាញ​ផល​ប្រយោជន៍​អាមេរិក​ហួស​ពី​មជ្ឈិមបូព៌ា។

លោក Josh Paul ​អតីត​អ្នក​ការទូត​អាមេរិក​ ដែល​បាន​លា​លែង​ពី​តំណែង​ ក្នុង​ការ​តវ៉ា​ជុំវិញ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​អ៊ីស្រាអែល​ថ្លែង​តាម​ប្រព័ន្ធ Skype ថា៖ «ប៉ុន្តែ​ កន្លែង​ដែល​យើង​កំពុង​តវ៉ា​គ្នា​ ឧទាហរណ៍​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ភាគ​ខាង​ត្បូង សម្រាប់​ការ​ថ្កោលទោស​ដ៏​ត្រឹមត្រូវ​របស់​យើង​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៉ី​លើ​អ៊ុយក្រែន​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​។ យើង​ក៏​នឹង​បាត់​សន្លឹក​ឆ្នោត​ដែរ បើ​គេ​មើល​ឃើញ​ថា​យើង​លាក់​ពុត​មិន​យុត្តិធម៌ បើ​គេ​ឃើញ​ថា​យើង​ដើរ​ចេញ​ពី​គុណ​តម្លៃ​របស់​យើង»។

សេចក្តី​សម្រេច​របស់​មហាសន្និបាត​អ.ស.ប.​គឺ​មិន​ជាប់​កាតព្វកិច្ច​ទេ ប៉ុន្តែ​មាន​ទម្ងន់​នយោបាយ។

លោក Richard Gowan នាយក​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៃ​ក្រុម​ដោះស្រាយ​វិបត្តិ​អន្តរជាតិ ឬ International Crisis Group ថ្លែង​តាម​ប្រព័ន្ធ Skype ថា៖ «ក្រុម​មន្ត្រី​អ.ស.ប.​ និងរដ្ឋសមាជិក​របស់​អ.ស.ប.ភាគ​ច្រើន គឺ​គ្រាន់តែ​ស្វែងរក​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្កើតនូវសម្ពាធ​ខាង​សីលធម៌​លើ​សហរដ្ឋ​អាមេរិក​ ឱ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ប៉ុណ្ណោះ»។

អ៊ីស្រាអែល ​និង​អ្នក​គាំទ្រ​បាន​ថ្លែង​ថា​ បទ​ឈប់បាញ់​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​ហាម៉ាស់​តែ​ប៉ុណ្ណោះ ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រមូល​ផ្តុំគ្នា​ឡើងវិញ​ដើម្បី​វាយប្រហារ​អ៊ីស្រាអែល​នា​ពេល​អនាគត។

អ្នកស្រី Julie Rayman នាយិកា​គ្រប់គ្រង​គោល​នយោបាយ​ និង​កិច្ចការ​នយោបាយ​ នៅ​ក្រុម​តស៊ូ​មតិ​ឈ្មោះ​គណៈកម្មាធិការ​ជ្វីហ្វ​អាមេរិក​ បានថ្លែង​ តាមរយៈ Skype ថា៖ «រឿង​នេះ​អនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់​មាន​ភាព​ស្រប​ច្បាប់​ដែល​ខ្លួន​មិន​គួរ​ទទួល​បាន។ វា​ជា​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​មេដឹកនាំ​ភេរវករ​ ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួកគេ​មិន​គួរ​ឱ្យ​ទុក​ចិត្ត​បាន‍»។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧ ខែ​តុលា​របស់​ក្រុម​ហាម៉ាស់​នៅ​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១.២០០​នាក់ការ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ដោយ​អ៊ីស្រាអែល​វិញ​នៅ​តំបន់​ហ្កាហ្សា​បាន​សម្លាប់​មនុស្ស​ជាង​១៨.០០០​នាក់។ នេះ​បើតាម​ការ​រាប់​ចំនួន​ប្រជាជន​ដោយ​ភាគីប៉ាឡេស្ទីន​នៅ​ក្នុង​យុទ្ធនាការ​បង្ហូរ​ឈាម​ខ្លាំង​បំផុត​ នៃ​ជម្លោះ​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​កន្លង​មក៕

ប្រែសម្រួល​ដោយ​លោក សុខ ខេមរា

XS
SM
MD
LG