ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេបញ្ជាការ​រដ្ឋ​ឥស្លាម​បាន​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​ការពារ​ទីក្រុង​ Mosul


រូបឯកសារ៖ មេ​ដឹកនាំ​រដ្ឋ​ឥស្លាម​ដែល​គេ​តាម​ប្រមាញ់​យូរ​មក​ហើយ​ ឈ្មោះ Omar al-Shishani ទី​បញ្ចប់​ត្រូវ​បាន​សម្លាប់។

មេបញ្ចាការ​ដ៏​សំខាន់​មួយ​រូប​របស់​ក្រុម​ភេរវកម្ម​រដ្ឋឥស្លាម​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​បាន​ប្រើ​យុទ្ធសាស្រ្ត​ដ៍​ព្រៃផ្សៃ​ និង​បាន​គេច​រួច​ពី​ការប៉ុនប៉ង​សម្លាប់​ជា​ច្រើន​លើក​មក​ហើយ​នោះ​ បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​មួយ​។

ទីភ្នាក់ងារ​សារពត៌មាន​ Aamaq​ បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក Abu Omar al-Shishani ឬ​ស្គាល់​ថា​ «Omar the Chechen» ត្រូវ​គេ​សម្លាប់​នៅក្នុង​ទីក្រុង​ Shirqat នៅ​ពេល​ព្យាយាម​«បញ្ឈប់​យុទ្ធនាការ​យោធា​»ប្រឆាំង​នឹង​ការ​ប្រកាស​ទីក្រុង​Mosul របស់​អ៊ីរ៉ាក់​ជា​រដ្ឋធានី​របស់​ក្រុម Caliphat។​

សហរដ្ឋអាមេរិក​ និង​កងកម្លាំង​ចម្រុះ​បាន​តាម​វាយប្រហារ Shishani ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ មាន​ទាំង​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មិនា​កន្លង​ទៅ​ក្នុង​ក្រុង​ al-Shaddadi នៃ​ប្រទេស​ស៊ីរីផង។​

លោក Peter Cook អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ថ្លែង​ថា​«ការ​វាយ​តម្លៃ​របស់​យើង​ពី​ការ​វាយប្រហារ​នេះ​ គឺ​ទទួល​បាន​ជោគជ័យ​ ហើយ​បាន​សម្លាប់​មេបញ្ជាការ​រូប​នោះ​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​»។​

រហូត​មក​ដល់​ពេល​នេះ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តែ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ពី​ការ​ស្លាប់​របស់​ Shishani​។

ក្រុម​មន្រ្តី​ពី​ក្រសួង​ការពារ​ប្រទេស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ពួកគេ​បាន​ដឹង​តាមរយៈ​សារពត៌មាន Aamaq ពី​ការ​ស្លាប់​របស់​ Shishani នៅ​ក្នុង​ទីក្រុង Shirqat ប៉ុន្តែ​ពួកគេ​មិន​ទាន់​អាច​បញ្ជាក់​ ឬ​បដិសេធ​ពត៌មាន​នៅ​ឡើយ​ទេ​។​

ការ​អះអាង​ពី​ការ​ស្លាប់​មុន​ៗ

​លោក Patrick Skinner អតីត​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ ដែល​ឥឡូវ​នេះ​ធ្វើ​ការ​នៅ​ក្នុង​Soufan Group ​ថ្លែង​ថា ​«មាន​ការរាយការណ៍​ពី​ការស្លាប់​របស់​ Shishani៩​ដង​រួម​មក​ហើយ​មក​ទល់​ពេលឥឡូវ​នេះ​ ប៉ុន្តែ​ម្តង​នេះ​ប្រហែល​ជា​ការ​ពិត​»។​

លោក​ Skinner បន្ថែម​ទៀត​ថា៖ «ទីក្រុង​ Shirqat គឺ​ជា​ទីតាំង​សំខាន់​មួយ​របស់​ទីក្រុង​ Mosul​ ហើយ​ Shishani គឺ​ជា​មេបញ្ជាការ​ខាង​កលល្បិច​ប្រចាំ​តំបន់​នេះ​»​«វា​គួរ​តែ​ជា​ការ​សមហេតុ​សមផល​ហើយ​ដែល Shishani ត្រូវ​តែ​ស្ថិត​នៅ​កន្លែង​ណា​ដែល​មាន​ការប្រយុទ្ធ​នោះ​»។​

ទីក្រុង​ Shirqat ស្ថិត​នៅ​ប្រហែល​ជា​១០០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ក្រុង​ Mosul និង​ប្រហែល​ជា​៣៥​គីឡូម៉ែត្រ​ពី​ក្រុង Qayyarah​។​ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ដែល​គាំទ្រ​ដោយ​កងកម្លាំង​អាកាស​សហរដ្ឋអាមេរិក​ បាន​ចាប់​ផ្តើម​វាយប្រហារ​ជា​មុនទៅ​លើ​តំបន់​នេះ​កាល​ពី​ដើម​ខែ​មុន​ ហើយ​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពួកគេ​ដណ្តើម​បាន​មូលដ្ឋាន​អាកាស​ដ៏​សំខាន់​នៅ​ភាគ​ខាងលិច​ក្រុង​ Qayyarah។​

ក្នុង​អំឡុងពេល​ទស្សនៈកិច្ច​នៅ​រដ្ឋធានី​បាកដាដ​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក Ash Carter រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ លោក​បាន​បញ្ចូន​កងទ័ព​ចំនួន​៥៦០​នាក់​បន្ថែម​ទៀត​ទៅ​ប្រទេស​អ៊ីរ៉ាក់​ មួយ​ផ្នែក​ដើម្បី​ជួយ​ធ្វើ​មូលដ្ឋាន​នេះ​ ទៅ​ជា​មូលដ្ឋាន​ភស្តុភា​ និង​ទ័ពអាកាស​សម្រាប់​វាយប្រហារ​ទៅ​ក្រុង​ Mosul។​

ក្រុម​មន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​ថា​ Shishani ដែល​ជា«​មេបញ្ជាការ​ដ៍​ខ្លាំង​»​ របស់​ក្រុម​រដ្ឋ​ឥស្លាម​ គឺ​ជា​មេបញ្ជាការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​មួយ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​មេ​ដឹក​នាំ​រដ្ឋ​ឥស្លាម​ Abu Bakr al-Baghdadi។​

Shishani បាន​សន្យា​ថា​នឹង​ស្មោះស័គ្រ្ម​ជាមួយ​នឹង​រដ្ឋ​ឥស្លាម​ ដោយ​លោក​បាន​នាំ​ក្រុម​អ្នក​ប្រយុទ្ធ​និយាយ​ភាសា​រុស៊ី​រាប់រយ​នាក់​ចូល​រួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៣។​ លោក​បាន​ឡើង​តំណែង​យ៉ាង​ឆាប់​រហ័ស​ជា​មេ​បញ្ជាការ​ប្រចាំ​តំបន់​ភាគខាងជើង​របស់​រដ្ឋ​ឥស្លាម​ និង​ទទួល​បាន​តំណែង​នៅ​ក្នុង​ក្រុមប្រឹក្សា​ភេរវកម្ម​ Shura ទទួល​បន្ទុក​ជួយ​ផ្នែក​អនុវត្ត​លិទ្ធសាសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម។

ជា​ជនជាតិ​ហ្សកហ្ស៊ី

ជនជាតិ​ហ្សកហ្ស៊ី​ដែល​មាន​ទឹក​ដី​នៅ​ប្រទេស​ស៊ីរី​ ដែល​ពី​មុន​បាន​បម្រើការ​នៅ​ក្នុង​អង្គភាព​ស៊ើបការណ៍​ជាមួយ​នឹង​ក្រុម​កងទ័ព​ហ្សកហ្ស៊ី​ ជា​កន្លែង​ដែល​លោក​ទទួល​ការ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​ ពី​កលយុទ្ធ​ប្រឆាំង​ភេវរកម្ម​ និង​ការ​បះបោល​។​

Shishani​ ក៏​ត្រូវ​គេ​កោតសសើរ​ផងដែរ​ ថា​ជា​អ្នក​ដឹកនាំ​មួយ​រូប ​ក្នុង​ចំណោម​អ្នកដឹក​នាំ​ស្នូល​ទាំងឡាយ ​នៅពី​ក្រោយ​ការ​វាយ​ដណ្តើម​យក​ខេត្ត Anbar បាន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពីឆ្នាំ​២០១៤។

លោក Daveed Gartenstein-Rose សមាជិក​ជាន់​ខ្ពស់​មក​ពី​មូលនិធិ​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​ថា«វា​គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​ឆ្លាត​វៃ​មួយ​»។

លោក Gartenstein-Rose បន្ត​ទៀត​ថា ​«Shishani មិន​បាន​ប្រើប្រាស់​កងកម្លាំង​ច្រើន​នោះ​ទេ​ ក្នុង​ការ​វាយ​ដណ្តើម​យក​ទឹក​ដី​នេះ​»​។​«គាត់​បាន​ប្រើ​កងកម្លាំង​តិចតួច​ណាស់​ដើម្បី​វាយ​ដណ្តើម​កាន់កាប់​ទីតាំង​សំខាន់​ៗ​»។

ក្រុម​មន្រ្តី​ការពារ​ប្រទេស​ថា​ ការសម្លាប់ ​Shishani ​នឹង​ធ្វើ​ឲ្យ​ខាតបង់​ដល់​សមត្ថភាព​របស់​ក្រុម​នេះ​ ដើម្បី​សម្រប​សម្រួល​ការ​ការពារ​ទីក្រុង​សំខាន់​ៗ​ របស់​ខ្លួន​ មាន​ដូចជា​ទីក្រុង Mosulហើយ​នឹង​ទីក្រុង​ Raqqa ​ដែល​ជា​រដ្ឋធានី​របស់​ក្រុម​នោះ​។​

ពួកគេ​ក៏​បាន​ថ្លែង​ដែរ​ថា​ ការ​ស្លាប់​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​សមត្ថភាព​របស់​ក្រុម​រដ្ឋ​ឥស្លាម ដើម្បី​ជ្រើរើស​កម្លាំង​ និង​មិន​ឲ្យ​ក្រុម​ប្រយុទ្ធ​បរទេស​មក​ពី​តំបន់​ Chechnya និង​តំបន់​ Caucus ចូល​ក្នុង​រដ្ឋ​ឥស្លាម​នេះ​។​

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ឲ្យ​រង្វាន់​ជា​ប្រាក់​រហូត​ដល់​ ៥​លាន​ដុល្លារ ​ជា​ថ្នូរ​នឹង​ព៌តមាន​ដែល​ឲ្យ​គេ​ចាប់​ខ្លួន​ ឬ​សម្លាប់​ Shishani បាន។

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG