ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប៖ ក្រុម ISIS ​រំលោភ បង្ក​ទាសភាព​ និង​សម្លាប់​ជនជាតិ​យ៉ាហ្ស៊ីឌីស​នៅ​ក្នុង​យុទ្ធនាការ​ប្រល័យ​ពូជសាសន៍​


លោក Bones ដែល​គេ​សង្ស័យ​ថា​ជា​សមាជិក​នៃ​សហគមន៍Yazidi របស់​អ៊ីរ៉ាក់ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ផ្នូរ​មួយ​នៅ​ជាយ​ក្រុង Sinjar កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុម​អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា យុទ្ធនាការ​ជាប្រព័ន្ធ​ដើម្បី​រំលោភ ដាក់​ជា​ទាសករ​ និង​សម្លាប់​ដែល​ប្រព្រឹត្ត​ដោយ​ជន​សកម្ម​ប្រយុទ្ធ​ ISIS ឬ​ក្រុម​រដ្ឋ​ឥស្លាម​មក​លើ​ជនជាតិ​យ៉ាហ្ស៊ីឌីស គឺ​មាន​ទំហំ​ស្មើ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ប្រទេសស៊ីរី​បាន​ចេញ​របាយការណ៍​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​រៀបរាប់​លម្អិត​ពី​យុទ្ធនាការ​ដោយ​ចេតនា​មួយ​របស់​ក្រុម​អាយស៊ីស​ដើម្បី​លុបបំបាត់​ជនជាតិ​យ៉ាហ្ស៊ីឌីស​ដែល​មាន​ភាគច្រើន​រស់​នៅ​ជុំវិញ​ទីក្រុង​ Sinjar ប្រទេស​អ៊ីរ៉ាក់។

លោក​ Paulo Pinheiro ​ប្រធាន​គណៈកម្មការ​នេះ​បាន​និយាយ​បន្ថែម​ថា៖

«អំពើ​ប្រល័យ​ពូជសាសន៍​នេះ​បាន​កើត​មាន​ឡើង​និង​កំពុង​តែ​នៅ​កើត​មាន​នៅ​ឡើយ​ទេ។ ក្រុម​ISIS ​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ដ៏​គួរ​ឱ្យ​ខ្លាច​មក​លើ​ស្ត្រី កុមារ​និង​បុរស​ជនជាតិ​យ៉ាហ្ស៊ីឌីស​គ្រប់ៗ​រូប​ដែល​ពួកគេ​ចាប់​បាន‍»។​

អ្នក​ប្រយុទ្ធ​របស់​ក្រុម​ ISIS បាន​សម្រុក​ចូល​ទៅក្នុង​ទីក្រុង Sinjar​ ក្នុង​ខែ​សីហា​ឆ្នាំ​២០១៤ ដោយ​បាន​សម្លាប់​ជនជាតិ​យ៉ាហ្ស៊ីឌីស​រាប់​រយ​នាក់​ក្នុងនោះ មាន​ការសម្លាប់​ដោយ​មិនកាត់​ទោស​លើ​បុរស​និង​កុមារា​ដែល​បដិសេធ​មិន​ព្រម​ប្តូរ​មក​កាន់​សាសនា​ឥស្លាម​វិញ។ អ្នក​ដែល​បាន​គេច​ចេញ​ពី​អំពើ​ហិង្សា​ដំបូងៗ​បាន​រត់​ឡើង​លើ​ភ្នំ​ Sinjar ហើយ​ត្រូវ​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ុំព័ទ្ធនិង​ត្រូវ​តស៊ូ​រស់​ដោយ​ខ្វះ​ខាត​ស្បៀងអាហារ​ ទឹក​ និង​ថ្នាំពេទ្យ។

ការ​វាយ​ប្រហារ​នោះ​បាន​ជំរុញ​ឱ្យ​អង្គការ​សហប្រជាជាតិ​បើក​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​ក្រុម​ចម្រុះ​ប្រឆាំង​នឹង​គោលដៅ​ក្រុម ISIS ដោយ​អាទិភាព​ដំបូង​គឺ​ដើម្បី​រំដោះ​ជនជាតិ​យ៉ាហ្ស៊ីឌីស​ដែល​បាន​ជាប់​នៅ​ទីនោះ។

អង្គការ​សហប្រជាជាតិ​និយាយ​ថា​ក្រុម​ ISIS ​នៅ​តែ​រក្សាស្ត្រី និង​កុមារ​ជាង​៣២០០នាក់​នៅ​ឡើយ ដោយ​ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​គេ​ទុក​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ និង​ក្មេង​ប្រុសៗ​ត្រូវ​គេ​អប់រំ​ធ្វើ​ជា​អ្នក​ប្រយុទ្ធ​ថ្មី​សម្រាប់​ក្រុម​ពួកគេ។ របាយការណ៍​នោះ​បាន​លើកឡើង​ពី​ករណី​កុមារី ដែល​បាន​ធ្វើ​អត្តឃាត​ដើម្បី​គេច​ចេញ​ពី​ការ​លក់​ដូរ​ទៅ​ឱ្យ​ក្រុម ISIS និង​និយាយ​ថា​អ្នក​ដែល​ព្យាយាម​រត់​គេ​ចខ្លួន​ទទួល​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​រួមទាំង​ការ​វាយដុំ​និង​ការ​រំលោភ​បូក៕

XS
SM
MD
LG