ការគំរាមកំហែងភេរវកម្មសាកល កំពុងក្លាយជាការបែកសាខាកាន់តែកើនឡើងដោយមានក្រុមនានាដូចជា ក្រុមរដ្ឋឥស្លាមដែលបានរាលដាលនៅក្នុងតំបន់នានារួមមានតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ តំបន់ Caucasus ភាគខាងជើងនៃប្រទេសរុស្ស៊ីនិងតំបន់អាហ្វ្រិក នេះតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីភេរវកម្ម។
ខណៈដែលក្រុម al-Qaida ក្រុម Boko Haram និងក្រុម Al-Shabab បន្តចាប់ផ្តើមវាយប្រហារធ្វើឲ្យមានចលាចល ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ក្រុមរដ្ឋឥស្លាម នៅតែជាការគំរាមកំហែងដ៏ធំបំផុតនៅទូទាំងសាកលលោកកាលពីឆ្នាំទៅ ដោយមានកម្លាំងដ៏គួរឲ្យខ្លាចនៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងទៀតថា ខណៈដែលកម្លាំងខ្លះរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសទាំង២នោះ បានចុះខ្សោយនៅពាក់កណ្តាលឆ្នាំ២០១៥ ពួកអ្នកប្រយុទ្ធរបស់ក្រុមជនសកម្មប្រយុទ្ធនោះ អាចធ្វើការវាយប្រហារជាបន្តបន្ទាប់នៅទីកន្លែងផ្សេងទៀត នៅក្នុងប្រទេសនានារួមមានប្រទេសបារាំងនិងប្រទេសតួកគី។
ក្រុមរដ្ឋឥស្លាម ក៏បានធ្វើឲ្យមានការជឿនលឿននៅក្នុងប្រទេសលីប៊ី ហើយបានបង្កើតសាខានៅក្នុងប្រទេសនានារួមមានប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាននិងប្រទេសនីហ្សេរីយ៉ា។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយឈ្មោះក្រុមភេរវកម្មបរទេសជិត៦០នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ហើយក្រសួងការបរទេស ក៏បានចុចឈ្មោះប្រទេសជាច្រើនថាជាតួឯកអាក្រក់នៅក្នុងការប្រយុទ្ធភេរវកម្មសាកលលោកប្រឆាំងនឹងលទ្ធិជ្រុលនិយម៕