ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​រដ្ឋ​ឥស្លាម​បន្ត​បាត់បង់​ដែ​ន​ដី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី


រូបថត​​ឯកសារ៖ កង​កម្លាំង​ប្រឆាំង​នឹង​ភេរវកម្ម​របស់​អ៊ីរ៉ាក់​ប្រជុំ​គ្នា​មុន​ពេល​បើ​ប្រតិបត្តិការ​វាយ​យក​ដែន​ដី​ពី​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ក្រុង​ Fallujah កាល​ពីខែ​ឧសភា។

អង្គការ​ IHS ​ដែល​ជា​អង្គការ​ស្រាវ​ជ្រាវ​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ពួក​រដ្ឋ​ឥស្លាម​កំពុង​បន្ត​បាត់​បង់​ការ​ត្រួត​ត្រា​ដែន​ដី​ដែល​ពួក​គេ​បាន​វាយ​យក​បាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និងប្រទេស​ស៊ីរី។

អង្គការ​ IHS ​បាន​និយាយ​ថា​ ពួក​រដ្ឋ​ឥស្លាម​ បាន​បាត់​បង់​១២ភាគ​រយ​នៃ​ដែន​ដី​ដែល​ពួកគេ​បាន​កាន់​កាប់នៅឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១៦​ បន្ថែម​លើ​ដែន​ដី​ដែល​ពួក​គេ​បាន​បាត់​បង់​កាល​ពី​ឆ្នាំ​ទៅ​មិញ។ អង្គការ​ IHS ​បាន​ថ្លែង​ថា​ជា​សរុប​នៅ​សប្តាហ៍​មុន​ពួក​រដ្ឋ​ឥស្លាម​ ត្រួតត្រា​ផ្ទៃ​ដីប្រមាណ​៦៨៣០០​គ.ម.ក្រឡា​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ។

ពួក​អ្នកធ្វើវិភាគ​របស់អង្គការ​ IHS បាននិយាយ​ថា​ពួក​រដ្ឋ​ឥស្លាម​បាន​បាត់បង់ដែន​ដីនៅ​ក្នុង​ប្រទេស​ស៊ីរី​ពី​ព្រោះ​ពួកគេ​បាន​ឋិត​នៅ​ក្រោម​ការ​គាប​សង្កត់​ខ្លាំង​ឡើងៗ​ពី​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​គាំ​ទ្រ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​យន្តហោះចម្បាំង​រុស្ស៊ី​និង​សម្ព័ន្ធភាព​រវាង​ពួក​អារ៉ាប់​និង​ពួក ​Kurde ទ្រទ្រង់​ដោយ​ក្រុម​ចម្រុះ​មួយ​ដឹកនាំ​ដោយ​ស.រ.អា.។

នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់ ​កង​កម្លាំង​រដ្ឋាភិបាល​គាំទ្រ​ដោយការ​ទម្លាក់គ្រាប់​បែក​ពី​កង​យន្តហោះ​ចម្បាំង​អាមេរិកាំង​បាន​បញ្ចប់​ការ​កាន់កាប់​របស់​ពួក​រដ្ឋឥស្លាម ​នៅក្រុង​សំខាន់ៗ​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ក្រុង​ Ramadi និង​ក្រុង​ Fallujah ទោះ​ណា​ជា​ពួក​រដ្ឋ​ឥស្លាម នៅ​តែ​ត្រួតត្រា​ក្រុង​ Mosul ​ដែល​ជា​ក្រុង​ធំទី​ពីរ​របស់​ប្រទេស​អ៊ីរ៉ាក់​ក៏​ដោយ។

ការ​ប៉ាន់​ប្រមាណរបស់​អង្គការ​ IHS ​មិន​បាន​បែង​ចែក​ការ​បាត់បង់​ដែន​ដី​ដោយ​ពួករដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នេះ​កាល​ពី​ឆ្នាំ២០១៥ ​និង​ក្នុង​ពេល​៦ខែ​មុន​នេះ​ទេ។ ក៏​ប៉ុន្តែវា​ហាក់​ដូចគ្នា​នឹង​ការ​សន្មត​ដោយ​កង​យោធា​ស.រ.អា.​កាល​ពី​ខែ​ឧសភា​ដែល​ថា ​ពួក​រដ្ឋ​ឥស្លាម​ បាន​បាត់បង់​៤៥ភាគរយ​នៃ​ដែន​ដី​ដែល​ពួក​គេ​ធ្លាប់​កាន់​កាប់​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​ និង​ពី១៦​ទៅ​២០ភាគ​រយ​នៅក្នុង​ប្រទេសស៊ីរី។

ទោះ​ណា​ជា​ពួក​រដ្ឋឥស្លាម​ បាន​បាត់​បង់​ដែនដី​ក៏​ដោយ​ ​ក៏​ពួក​គេ​អាច​បើក​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​និង​បាន​បាញ់​កាំ​ភ្លើង​ដែល​បាន​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​រដ្ឋធានី​បាកដាដនៃ​ប្រទេស​អ៊ីរ៉ាក់ ក្រុងប៉ារីស ​និង​ក្រុង​ប្រ៊ុចសែល ព្រម​ទាំង​បាន​បំផុស​គំនិត​ឱ្យ​មានការ​វាយ​ប្រហារ​នៅ​កន្លែង​ឯទៀតៗ​ក្នុង​ទ្វីប​អឺរ៉ុប​និង​ស.រ.អា.​ផង​ដែរ។

លោក Columb Strack អ្នក​វិភាគ​ជាន់​ខ្ពស់​នៃ​អង្គការ​ IHS​ បាន​និយាយ​ថា​ ការ​បាត់​បង់​ដែន​ដី​របស់​ពួក​រដ្ឋឥស្លាម​ ទំនង​ជានឹង​នាំ​ឱ្យ​ពួក​គេ​ធ្វើការ​វាយ​ប្រហារ​បែប​នេះ​ថែមទៀត៕

XS
SM
MD
LG