ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តើ​ចិន​កំពុង​​ធ្វើ​សំណើ​ក្លែងក្លាយ​​ដាក់​អាមេរិក​ឬ​យ៉ាងណា?


មនុស្ស​ដើរ​កាត់​អេក្រង់​វីដេអូ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ដែល​បង្ហាញ​រូបភាព​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​​បញ្ចប់​សម័យ​ប្រជុំ​សភា​ចិន​ប្រចាំ​ឆ្នាំ​មួយ​នៅ​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២២។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​ចិន មិន​ត្រូវ​បិទ​ទ្វារ​វប្បធម៌រវាង​ប្រទេស​ទាំង​ពីរ ខណៈដែល​ការដាក់​ទណ្ឌកម្មលើរុស៊្សី​ដែល​ជា​ប្រទេសជិត​ខាង​របស់​ចិន កំពុង​រីក​កាន់តែ​ធំឡើង​នោះ។

លោក Li បាន​ថ្លែង​ថា ចាប់តាំង​ពី​ប្រទេស​ទាំង​ពីរ បាន​បើក​ទ្វារ​បង្កើត​ទំនាក់​ទំនង​ការទូតឡើង​វិញកាល​ពី៥០ឆ្នាំ​កន្លង​មក ទ្វារ​នោះ មិន​ត្រូវ​បិទ​ហើយ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ត​ទៅ​ទៀត។ លោក បាន​ថ្លែង​នៅ​ក្នុង​ឱកាសខួប​ទំនាក់ទំនង​ការទូត​លើក​ទី៥០​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​បាន​ចាប់ផ្តើម​ដោយ​មាន​ដំណើរ​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​១៩៧២​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Richard Nixon។

ដោយ​គាំទ្រ​សុន្ទករថា​នានារបស់​មេដឹកនាំ​ចិន​ចាប់តាំងពី​ការចូល​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​មក លោក Li បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ជុំវិញ​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​អឺរ៉ុប​ខាង​កើត​នោះ។

លោក Li បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មាននៅពេលបញ្ចប់​សម័យ​ប្រជុំ​សភា​ចិន​ប្រចាំ​ឆ្នាំ​ថា៖ «យើង​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​មាន​សារៈសំខាន់​ពី​ព្រោះសន្តិភាពនិង​ការអភិវឌ្ឍ​ពិភពលោក ពឹង​ផ្អែក​ទៅលើកិច្ចសហប្រត្តិបត្តិការ​នេះ។ បើ​ទោះ​បី​យើង​ជា​ប្រទេស​ប្រកួត​ប្រជែង​ទីផ្សារសម្រាប់​សមរភូមិ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មក្តី តែការប្រកួត​ប្រជែង​នេះ គួរត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ភាពស្មោះត្រង់​និង​ស្មើភាព​គ្នា»។

ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា​កន្លង​ទៅ​នេះ បាន​និយាយ​ថា ប្រទេស​របស់​លោក​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការងារ​ដ៏​សកម្ម​ជាមួយ​សហគមន៍​អន្តរជាតិដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ទោះជា​យ៉ាង​ណា​ក្តី ក៏​អ្នក​វិភាគ​ខ្លះ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ធ្វើ​សំណើ​នេះ​ឡើង​ក្នុង​ហេតុផល​ហិរញ្ញវត្ថុ​និងនយោបាយ​តែ​ប៉ុណ្ណោះ។

លោក​ William Burns នាយក​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិកCIA បាន​ផ្តល់​កសិណ​សាក្សី​នៅ​ចំពោះ​មុខសមាជិក​សភា​អាមេរិក​នា​ពេល​ថ្មីៗ​នេះ​ថា៖ «ខ្ញុំ​គិត​ថា ប្រធានាធិបតី​ចិន​លោកXi និង​ថ្នាក់​ដឹកនាំ​ចិន មិន​អស់​ចិត្ត​ចំពោះ ​អ្វី​ដែល​គេ​កំពុង​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ ពួក​គេ​មិន​បានរំពឹង​ទុកនូវ​ផល​លំបាក​នានា​ដែល​រុស្ស៊ីត្រូវ​ទទួល​រង​នោះ​ឡើយ»។

នាយក CIA អាមេរិក​រូបនេះ បាន​និយាយ​ទៀត​ថា ចិន​មាន​ក្តី​កង្វល់អំពី​ផល​ប៉ះពាល់​ខាង​ភូមិសាស្ត្រ​នយោបាយ ដោយសារ​តែការ​ឈ្លាន​ពាន​របស់​រុស្សី​លើ​អ៊ុយក្រែន​ដែល​ក្នុង​នោះ​រួម​មាន​ទាំងលោក Putin ធ្វើ​ឲ្យអឺរ៉ុប​និង​អាមេរិក​ងាក​ខិតជិត​គ្នា​កាន់តែ​ខ្លាំង​ឡើង»។

អ្នកវិភាគ​ខ្លះ​និយាយ​ថា រដ្ឋាភិបាលក្រុង​ប៉េកាំង កំពុង​ព្យាយាម​អូសបន្លាយ​ពេលវេលា​ រហូត​ដល់ខ្លួន​អាចដាក់​ចេញ​នូវគោលនយោបាយ​ឆ្លើយតប​សមរម្យ​ណា​មួយ​លើ​ស្ថានភាព​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​នោះ។ បើ​ទោះ​បី​ជា​ទណ្ឌកម្មត្រូវ​បាន​ដាក់សំដៅ​តែ​ទៅ​លើ​ពាណិជ្ជកម្ម​រុស្ស៊ី​ក្តី ក៏​ទណ្ឌកម្ម​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក្រុមហ៊ុននិង​ធនាគារ​របស់​ចិន​ជា​ច្រើន​ដែល​កំពុង​មាន​ទំនាក់​ទំនង​ជា​មួយ​ស្ថាប័ន​រុស្ស៊ី៕

XS
SM
MD
LG