ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ប្រទេស​អ៊ីរ៉ាក់ អ្នកស្រី Angelina Jolie អំពាវនាវ​ឲ្យ​ផ្តោត​លើ​ការ​ទប់ស្កាត់​ជម្លោះ​កាន់​តែ​ខ្លាំង


អ្នកស្រី Angelina Jolie ចូលរួម​សន្និសីទ​កាសែត​មួយ​ក្នុង​ពេល​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅ​កាន់​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរី​នៅ​ក្នុង​ក្រុង Dohuk​ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

តារាសម្តែង Hollywood អ្នកស្រី Angelina Jolie កាល​ពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​ឲ្យ​ផ្តោត​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​ទប់ស្កាត់​ជម្លោះ​ ជាជាង​ឆ្លើយតប​ទៅ​នឹង​ផលវិបាក​នៃ​ជម្លោះនានា នៅ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​នឹង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

អ្នកស្រី Jolie បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ជំរំ​ជនភៀសខ្លួន Domiz ក្នុង​តំបន់​ស្វយ័ត Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់​ថា «ខ្ញុំ​សង្ឃឹម​ថា យើង​អាច​រកឃើញ​មធ្យោបាយ​ល្អ​ជាង​នេះ​ទៅ​ថ្ងៃ​មុខ ដើម្បី​ឲ្យ​យើង​អាច​ទប់ស្កាត់​ជម្លោះ​និង​កាត់បន្ថយ​អស្ថិរភាព ជាជាង​ដោះស្រាយ​បញ្ហា​ក្រោយ​ជម្លោះ​កើតឡើង​រួច​ហើយ»។

នេះ​គឺ​ជា​លើក​ទី​បី​ហើយ ដែល​អ្នកស្រី Jolie ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន​នោះ ក្នុង​នាម​ជា​បេសកជន​ពិសេស​របស់​ទីភ្នាក់ងារ UNHCR បន្ទាប់​ពី​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៦។

ជំរំ Domiz បាន​បើក​នៅ​ក្នុង​ឆ្នាំ ២០១១ និង​ជា​ជម្រក​របស់​ជនភៀសខ្លួន​ស៊ីរី​៤ម៉ឺន​នាក់ ដែល​រត់ភៀសខ្លួន​ពី​សង្គ្រាម​ស៊ីវិល​រយៈពេល​៧​ឆ្នាំ តាមរយៈការ​ឆ្លង​ព្រំដែន។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា «នៅ​ពេល​ការ​ឆ្លើយ​តប​ទៅ​លើ​បញ្ហា​ស៊ីរី​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR​ ត្រូវ​បាន​ផ្តល់​ថវិកា​ឲ្យ​ត្រឹម​តែ​៥០​ភាគរយ​កាល​ពី​ឆ្នាំ​មុន ហើយ​ឆ្នាំ​នេះ​ផ្តល់​ថវិកា​ត្រឹម​តែ​១៧​ភាគរយ នាំ​ឲ្យ​មាន​បញ្ហា​មនុស្សធម៌​ជាច្រើន‍។ យើង​មិន​គួរ​ត្រូវ​បាន​គេ​បំភ័ន្ត​ភ្នែក​ចំពោះ​រឿង​នេះ​នោះ​ទេ‍»។ ​

អ្នកស្រី​បាន​បន្ថែម​ថា ​«នៅ​ពេល​ដែល​គ្មាន​សូម្បី​តែ​ជំនួយ​អប្បបរមា ក្រុមគ្រួសារ​របស់​ជនភៀសខ្លួន​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​ទេ ស្ត្រី​និង​កុមារី​ប្រឈម​នឹង​អំពើ​ហិង្សា​ផ្លូវភេទ កុមារ​ជាច្រើន​មិន​អាច​ទៅ​រៀន​បាន ហើយ​យើង​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ជនភៀសខ្លួន ដើម្បីឲ្យ​ពួកគេ​អាច​ទទួល​បាន​ជំនាញ​ថ្មី​និង​គាំទ្រ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ‍»៕

XS
SM
MD
LG