ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ីរ៉ាក់​ទៅ​បោះឆ្នោត​មាន​ចំនួន​ទាប​នៅ​ក្នុង​ការ​បោះឆ្នោត​ដំបូង​បង្អស់​ក្រោយ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម


ស្ត្រី​ម្នាក់​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ខ្មៅ​របស់​គាត់ បន្ទាប់​ពី​មាន​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​មិន​ដល់​ពាក់កណ្តាល​ផង​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជាតិ។ នេះ​បើ​យោង​តាម​មន្ត្រី​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជាតិ​ដំបូង​បង្អស់ ចាប់​តាំង​ពី​កម្ចាត់​ក្រុម​រដ្ឋឥស្លាម​មក។ ​

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​អ៊ីរ៉ាក់​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ការ​បំពេញ​អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន​៣២៩​អាសនៈ​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ។ ​

ក្រុម​មន្ត្រី​បាន​និយាយ​ថា មាន​ប្រជាពលរដ្ឋ​តែ​៤៤​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​នេះ​ជា​តួលេខ​អ្នក​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ទាប​ចាប់​តាំង​ពី​ Saddam Hussein ត្រូវ​បាន​ទម្លាក់​ពី​តំណែង​កាល​ពី​ឆ្នាំ​២០០៣​មក។ មន្ត្រី​បោះឆ្នោត​បាន​បន្ទោស​តួលេខ​អ្នក​បោះឆ្នោត​ទាប​នេះ ទៅ​លើ​ការ​បង្កើន​ការ​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​មណ្ឌល​បោះឆ្នោត ការ​មិន​ខ្វល់ខ្វាយ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត និង​ភាព​មិន​ប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូនិច​ថ្មី។ ​

ខណៈ​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍ អាកាសយានដ្ឋាន​និង​ដងផ្លូវ​នានា​ត្រូវ​បាន​បិទ​ដើម្បី​ការពារ​សន្តិសុខ។ កាល​ពី​ខែ​មុន​ សមាជិក​ក្រុម​រដ្ឋឥស្លាម​ដែល​នៅ​ប្រតិបត្តិការ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​គំរាម​វាយប្រហារ​ទៅ​លើ​អ្នកណា​ដែល​ទៅ​បោះឆ្នោត បើ​ទោះ​ជា​ក្រុម​នេះ​បាន​ចាញ់​នៅ​ក្នុង​ការ​ប្រយុទ្ធ​យោធា​ហើយ​ក៏​ដោយ។

ខណៈ​ដែល​មណ្ឌល​បោះឆ្នោត​ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​នៅ​តែ​មាន​សុវត្ថិភាព កាល​ពី​ព្រឹកថ្ងៃ​បោះឆ្នោត​មាន​ការ​រាយការណ៍​ថា​មាន​ការវាយប្រហារ​មួយ​នៅ​ខាង​ត្បូង​ទីក្រុង Kirkuk ដែល​ជា​ទីក្រុង​មួយ​សម្បូរ​ទៅ​ដោយ​ប្រេង។ គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​រកឃើញ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ទីក្រុង បាកដាដ ហើយ​មាន​សេចក្តីរាយការណ៍​ផ្សេង​ទៀត​អំពី​ការ​ប៉ុនប៉ង​វាយប្រហារ​នានា។
លោក​នាយករដ្ឋមន្ត្រី Haider al-Abadi បច្ចុប្បន្ន កំពុង​តែ​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ទៀត។ គូប្រជែង​នាំ​មុខ​របស់​លោក រួម​មាន​លោក​អតីត​នាយករដ្ឋមន្ត្រី Nuri al-Maliki ផង​ដែរ៕

XS
SM
MD
LG