លោក Masoud Barzani មេដឹកនាំក្រុមឃឺដក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ជាក់ថា លោកនឹងចុះចេញពីតំណែង ដោយរំលាយតំណែងរបស់លោកជាប្រធានាធិបតីតំបន់ឃឺដ ដែលស្ថិតនៅប៉ែកខាងជើង ហើយបែងចែកកាតព្វកិច្ចរបស់លោកទៅជា នាយករដ្ឋមន្ត្រីឃឺដ សភា និងប្រព័ន្ធយុត្តិធម៌វិញ។
នៅក្នុងលិខិតមួយច្បាប់ទៅកាន់សភាកាលពីថ្ងៃអាទិត្យ លោក Barzani បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតនោះទេ ដោយអាណត្តិរបស់លោកនឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ។
សភាបានសម្រេចរួចទៅហើយថា នឹងផ្អាកសកម្មភាពរបស់រដ្ឋាភិបាលលោក Barzani ហើយបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សភានេះនឹងអានសេចក្តីថ្លែងការណ៍របស់លោក Barzani ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
បើទោះជាការបោះឆ្នោតប្រជាមតិដើម្បីសុំឯករាជ្យទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីក៏ដោយ ក៏លោកBarzani យល់ថា តំណែងរបស់លោកមានភាពរង្គោះរង្គើ បន្ទាប់ពីកងកម្លាំងសហព័ន្ធអ៊ីរ៉ាក់បានចាត់វិធានការដណ្តើមយកដែនដីនៅក្បែរទីក្រុង Kirkuk។
លោក Haider al-Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានហៅការបោះឆ្នោតប្រជាមតិនោះថាខុសច្បាប់ ហើយជាការឆ្លើយតប លោកបានបញ្ជូនកងកម្លាំងរបស់លោកឲ្យដណ្តើមយកតំបន់ដែលមានជម្លោះដែលត្រូវបានកាន់កាប់ដោយក្រុមឃឺដត្រឡប់មកវិញ៕