ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​ប្រកាស​ថា ​សង្គ្រាម​រយៈ​ពេល​៣ឆ្នាំ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​បញ្ចប់


នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៩ ខែ​ធ្នូ នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ ដោយលោក​បាន​ប្រកាស​ថា សង្គ្រាម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចប់​ហើយ។

លោក ​Haider al-Abadi​ នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ​សង្គ្រាម​រយៈ​ពេល​៣​ឆ្នាំ​ដែល​មាន​គោល​បំណង​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​បាន​ទទួល​ជោគជ័យ​ហើយ​បាន​ដល់​ទី​បញ្ចប់។

លោក ​Abadi​ បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​បាដាកដែល​រៀប​ចំ​ឡើង​សម្រាប់​សហជីព​អ្នក​កាសែត​អ៊ីរ៉ាក់​ថា៖ «កងទ័ព​របស់​យើង​បាន​ត្រួតត្រា​ទាំង​ស្រុង​ព្រំ​ដែន​អ៊ីរ៉ាក់​ជាមួយ​ប្រទេស​ស៊ីរី ​ហើយ​ខ្ញុំ​សូម​ប្រកាសពីការ​បញ្ចប់​សង្គ្រាម​ប្រឆាំង​នឹងក្រុមរដ្ឋ​ឥស្លាម‍»។

ពួក​អ្នក​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាមបានត្រួតត្រា​ទឹក​ដី​អ៊ីរ៉ាក់​១ភាគ៣​នៅ​រដូវក្តៅ​ឆ្នាំ​២០១៤ ដោយ​បាន​គំរាម​កំហែង​ដល់​រដ្ឋ​អ៊ីរ៉ាក់។ ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​កន្លះកន្លង​មក​នេះ ​កងទ័ព​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ​បាន​ដណ្តើម​យក​ទឹក​ដី​នោះ​មក​វិញ។

​ក្រុម​ជន​សកម្ម​ប្រយុទ្ធ ​នៅ​មាន​សមត្ថភាព​ធ្វើ​ការ​វាយ​ប្រហារ​បះបោរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ឡើយ ​ដូច​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ក្នុង​ខែ​វិច្ឆិកា​នៅ​ពេល​ដែល​ក្រុម​នោះ​ បាន​ត្រួត​ត្រា​ទីក្រុង ​Rawah​ ឡើង​វិញ ​ដែល​ជា​ទីក្រុង​ចុងក្រោយ​ដែល​ក្រុម​នោះ​បាន​កាន់កាប់​នៅ​ជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​ស៊ីរី​ មុន​បោះ​បង់​ចោល​ម្តង​ទៀត​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក។

អ៊ីរ៉ាក់​ឥឡូវ​នេះ​បាន​បង្វែ​ការ​យក​ចិត្ត​ទុក​ដាក់របស់​ខ្លួន​ដើម្បី​ស្ថាបនា​តំបន់​ជា​ច្រើនឡើង​វិញ​របស់​ប្រទេស​នោះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ប្រយុទ្ធ​គ្នា​ហើយ​និង​ជួយ​ជន​ជាតិអ៊ីរ៉ាក់​៣​លាន​នាក់​ដែលគ្មាន​ទី​កន្លែង​រស់​នៅ៕

XS
SM
MD
LG