ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​កើត​ឡើង​នៅ​ព្រំដែន​រវាង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់


មនុស្ស​ម្នា​មើល​នៅ​តាម​អគារ​បែកបាក់ បន្ទាប់​ពី​គ្រោះ​រញ្ជួញដី​នៅ​ក្នុង​ក្រុង Sarpol-e-Zahab ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
មនុស្ស​ម្នា​មើល​នៅ​តាម​អគារ​បែកបាក់ បន្ទាប់​ពី​គ្រោះ​រញ្ជួញដី​នៅ​ក្នុង​ក្រុង Sarpol-e-Zahab ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​រញ្ជួយ​ដី​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ បាន​សម្លាប់​មនុស្ស​ជាង ៣ រយ​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ២ ពាន់ ៥ រយ​នាក់​ផ្សេង​ទៀត​រង​របួស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​ចំនួន ៣២៨ នាក់​ត្រូវ​បាន​សម្លាប់ ដែល​ជន​រងគ្រោះ​ភាគ​ច្រើន​មាន​ទីលំនៅ​នៅ​ក្នុង​ក្រុង Sarpol-e-Zahab នៃ​ខេត្ត Kermanshah។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ធ្វើ​ការ​ពេញ​មួយ​យប់​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​នេះ​មាន​កម្រិត ៧,៣ វ៉ិចទ័រ ដែល​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​កើត​ឡើង​នៅ​ជិត​ក្រុង Halabja ក្នុង​តំបន់ Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​និយាយ​ថា លោក​ដឹកនាំ​ទីភ្នាក់ងារ​សុខាភិបាល និង​ជំនួយ​មនុស្សធម៌ ដើម្បី​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។

មាន​គ្រោះ​រញ្ជួយ​ដី​តូចៗ​មួយ​ចំនួន​បាន​កើត​ឡើង​ក្រោយ​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​ខាង​លើ​បាន​កើត​ឡើង​រួច​មក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​កាល​ពី​យប់​មិញ។

គ្រោះ​រញ្ជួយ​ដី​នេះ​ក៏​បាន​កាត់​ផ្ដាច់​សេវា​អគ្គិសនី និង​ទូរស័ព្ទ​នៅ​តាម​ក្រុង​ជា​ច្រើន​របស់​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​បន្ថែម​ទៀត​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ៕

XS
SM
MD
LG