ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីរ៉ាក់​ចូល​រួម​ជាមួយ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ក្នុង​ការ​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត


រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ាក់ Ibrahim al-Jaafari ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ខែ​មុន។

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួលនៅ​ក្នុង​ជម្លោះ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​ជិតខាង​នោះ។

ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​កម្តៅ​ខ្លាំង​កាល​ពី​សប្តាហ៍​មុន​ដោយសារ​ការ​កាត់​ទោស​ប្រហារ​ជីវិត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទៅ​លើ​បព្វជិត Shi'ite​ ដ៏​សំខាន់​មួយ​រូប​ ហើយ​អ្នកតវ៉ា​ដ៏​ខឹង​សម្បារ​បាន​ប្រជុំ​គ្នា​នៅ​ស្ថាតទូត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​តេហេរ៉ង់​។ បន្ទាប់​មក​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​សម្រេច​កាត់​ចំណង​ការទូត​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។

លោក ​Ibrahim al-Jaafari ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​របស់​អ៊ីរ៉ាក់​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​នឹង​ដៃគូ​អ៊ីរ៉ង់​របស់​លោក​គឺ​លោក ​Mohammad Javad Zarif ​ថា ការ​ដាក់​តួនាទី​ជា​អ្នក​សម្រប​សម្រួល​របស់​អ៊ីរ៉ាក់​នៅ​ក្នុង​តំបន់​នេះ​ជួយ​ដល់​ការបន្ធូរ​បន្ថយ​នូវ​ភាព​តានតឹង។

ប្រទេស​រុស្ស៊ី​ក៏​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នកសម្រប​សម្រួល​ដែរ ហើយ​លោក ​John Kerry រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ជាមួយ​នឹង​ភាគី​ទាំង​សងខាង​ ទាំង​លោក ​Zarif ​និង​លោក​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអូឌីត​គឺ​លោក Adel al-Jubeir។

​អ្នកនាំពាក្យ​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​គឺ​លោក ​John Kirby​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​ Kerry​ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​អ៊ីរ៉ង់​និង​ អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ដើម្បី​ព្យាយាម​បង្កើត​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​ ដោយ​ជំរុញ​ឲ្យ​ពួកគេ​ប្រើប្រាស់​ការសន្ទនា​និង​ចង​ចាំ​ថា មាន​បញ្ហា​ធំៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​ រួមទាំង​ស្ថានភាព​ក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេស​យេម៉ែន​ជាដើម៕

XS
SM
MD
LG