ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តួកគី​ដក​កងទ័ព​ពី​អ៊ីរ៉ាក់​ បន្ទាប់​ពី​មាន​ការ​ស្នើ​ពី​លោក​អូបាម៉ា


បាតុករ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋាភិបាល​តួកី​នៅ​អំឡុងពេល​បាតុកម្ម​កោះ​ហៅ​ឲ្យ​មាន​ការ​ដក​កងទ័ព​តួកគី​ពី​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ នៅ​ក្រុង Basra នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។

ប្រទេស​តួកគី​កំពុង​ដក​កងទ័ព​ចេញ​ពី​តំបន់​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​មួយ​ថ្ងៃ ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​តួកគី​ដក​កងទ័ព​របស់​ខ្លួន។

​កាល​ពី​ថ្ងៃ​សៅរ៍ ក្រសួងការ​បរទេសតួកគី​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​យល់​ច្រឡំ​ជាមួយ​អ៊ីរ៉ាក់​លើ​បញ្ហា​ដាក់ពង្រាយ​កងទ័ព​នៅ​ពេល​ថ្មី​ៗ​នេះ​នៅ​បន្ទាយ​កងទ័ព Bashiqa នៅ​ជិតទី​ក្រុម Mosul ដែល​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

ក្រសួង​ការបរទេស​តួកគី​មិន​បានប្រាប់​ឲ្យ​ដឹងថា​តើ​ កងទ័ព​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ចាក​ចេញ ​ឬ​ថាតើ​កងទ័ពទាំង​នោះ​នឹង​ត្រូវ​ចាក​ចេញ​ទៅ​កាន់​ទី​កន្លែង​ណា​ទេ។

ការ​ដាក់​ពង្រាយ​កងទ័ព​តួគី​នៅ​ Bashiqa ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ខឹង​សម្បារ ​ហើយ​បាន​និយាយ​ថា ​ទាហាន​ទាំងអស់​នោះ​មិន​បាន​ត្រូវ​អញ្ជើញ​មក​កាន់​ទី​នេះទេ ​ហើយ​ចំណាត់​ការ​បែប​នេះ​ជា​ការ​ឈ្លាន​ពាន​ខុសច្បាប់។

ក៏ប៉ុន្តែ​តួកគីបាន​និយាយ​ថា ​កងទ័ព​របស់​ខ្លួន​ជាផ្នែក​មួយ​នៃ​បេសកកម្ម​អន្តរជាតិ​ដើម្បី​ហ្វឹកហាត់​ និង​បំពាក់​អាវុធ​ដល់​កងទ័ព​អ៊ី​រ៉ាក់ ​ដែល​ចង់​ដណ្តើម​យក​ទី​ក្រុង​ Mosul ​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​មក​វិញ។

​ក្នុងការ​សន្ទនា​តាម​ទូ​ស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី​អាមេរិក​អូបាម៉ា​បាន​ស្នើរ​ឲ្យ​ប្រធានា​ធិបតី​តួគី Recep Tayyip Erdogan ​ចាត់​វិធានការ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​អ៊ីរ៉ាក់ ដែល​រួមមាន​ការ​បន្ត​ដកកងទ័ព​តួកគី។ លោក​ប្រធានា​ធិបតី ​ក៏បាន​ជំរុញ​តួកគី​ឲ្យ​គោរព​បូរណភាព​ទឹក​ដី​របស់​អ៊ីរ៉ាក់​ផង​ដែរ៕

XS
SM
MD
LG