ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​អ៊ីរ៉ាក់​បាន​បញ្ចប់​ទៅ​ដោយ​មាន​អ្នក​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​ទាប​បំផុត


ជនភាគតិច Kurd នៅអ៊ីរ៉ាក់ចុះឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត Arbil ភាគខាងជើង​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ (AFP)
ជនភាគតិច Kurd នៅអ៊ីរ៉ាក់ចុះឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត Arbil ភាគខាងជើង​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ (AFP)

ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ពលរដ្ឋ​ដែល​ចេញ​មក​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មាន​ចំនួន​ទាប​បំផុត​មិន​ដែល​មាន​ពី​មុន​មក ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ពលរដ្ឋ​អ៊ីរ៉ាក់​ជាច្រើន​បាន​និយាយ​ថា ជា​ការ​បាត់បង់​ជំនឿ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​និង​អ្នក​នយោបាយ​របស់​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា មនុស្ស​ដែល​ចេញ​មក​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​មាន​ចំនួន ៤១%។ ចំនួន​មនុស្ស​ដែល​ចេញ​មក​បោះឆ្នោត​ទាប​បំផុត​គឺ​នៅ​ក្នុង​ទីក្រុង​បាកដាដ ដោយ​មាន​ពី​រវាង ៣១% ទៅ ៣៤%។

ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ ២០១៩។ នៅ​ក្នុង​ការ​តវ៉ា​នោះ អ្នក​តវ៉ា​បាន​ទាមទារ​ឲ្យ​មាន​ការងារ សេវាកម្ម និង​ការ​ដក​គណបក្ស​កាន់​អំណាច​ចេញ​ពី​តំណែង​និង​សើរើ​ទាំងស្រុង​នូវ​ប្រព័ន្ធ​នយោបាយ។ នៅ​ពេល​នោះ កង​កម្លាំង​សន្តិសុខ​និង​កង​ជីវពល​បាន​បង្ក្រាប​យ៉ាង​សាហាវ​លើ​ការ​តវ៉ា​នេះ​ដោយ​បាន​សម្លាប់​អ្នក​តវ៉ា​រាប់រយ​នាក់។

ប្រទេស​អ៊ីរ៉ាក់​បាន​រៀបចំ​ការ​បោះឆ្នោត​សភា​ចំនួន ៥ លើក​រួច​មក​ហើយ ចាប់​តាំងពី​ការ​លុកលុយ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០០៣ ដែល​បាន​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ​លោក Sadam Hussein មក។

ក៏ប៉ុន្តែ ពលរដ្ឋ​អ៊ីរ៉ាក់​សាមញ្ញ​ភាគ​ច្រើន​និយាយ​ថា ជីវភាព​រស់នៅ​របស់​ពួកគេ​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ​សូម្បីតែ​ក្នុង​អំឡុង​ពេល​ដែល​មាន​សន្តិភាព​តាំងពី​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​ដួល​រលំ​កាលពី​ឆ្នាំ ២០១៧ មក​ក៏ដោយ។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG