ការវាយប្រហារដ៏រន្ធត់នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ កើតឡើងរយៈពេលតែ១០២នាទីប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្ស ២.៩៩៦នាក់ បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
លទ្ធផលបន្ទាប់ គឺសង្គ្រាម១៩ឆ្នាំ ១០ខែ ៣សប្តាហ៍ និងពីរថ្ងៃនៅប្រទេសអាហ្វហ្គានីស្ថាន ដោយក្រសួងការពារជាតិបានឱ្យដឹងថា ទាហានអាមេរិកយ៉ាងហោចណាស់២.៣២៥នាក់ បានស្លាប់។ គ្មាននរណាដឹងច្បាស់ថា ជនស៊ីវិលប៉ុន្មាននាក់ ត្រូវបានសម្លាប់នោះទេ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកប្រធានាធិបតី Joe Biden នឹងព្យាយាមគូសបញ្ជាក់អំពីសោកនាដកម្មទាំងពីរនេះ ដោយទៅគោរពវិញ្ញាណក្ខន្ធពួកគេនៅកន្លែងទាំងបីដែលការរងទុក្ខវេទនាដ៏ខ្លាំងក្លានោះ បាននាំឱ្យអាមេរិកធ្វើសង្គ្រាមយូរបំផុត។
សង្គ្រាមប្រឆាំងភេរវកម្មសកលបានរាលដាលហួសពីប្រទេសអាហ្វហ្កានីស្ថាន ហើយឈានទៅដល់ប្រទេសអ៊ីរ៉ាក់ និងកន្លែងផ្សេងទៀតនៃពិភពលោក រហូតដល់ទ្វីបអាហ្វ្រិក។ នៅប្រទេសអ៊ីរ៉ាក់ ជម្លោះនេះ បានឆក់យកជីវិតបុគ្គលិកយោធាអាមេរិកជិត៤.៥០០ នាក់និងជនស៊ីវិលរាប់សែននាក់។
នៅថ្ងៃសៅរ៍ លោក Biden នឹងទៅមើលកន្លែងទាំងបី ដែលជាកន្លែងបង្កផ្កាភ្លើងសង្គ្រាម គឺទីក្រុងញូវយ៉ក ដែលនៅវេលាម៉ោង៨:៤៦នាទីព្រឹកដែលមានថ្ងៃរះល្អក្នុងខែកញ្ញានោះ យន្តហោះ American Airlines Flight 11 បានបុកប៉មខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហើយ១៧នាទីក្រោយមក យន្តហោះ United Airlines Flight 175 បានបុកប៉មខាងត្បូងនៃអគារភ្លោះនោះ។
លោកប្រធានាធិបតី ក៏នឹងទៅទស្សនាមន្ទីរបញ្ចកោណជាទីដែលយន្តហោះ American Airlines Flight 77 បានបុកក្នុងពេល៣៤នាទីក្រោយមកទៀត។ ដោយឡែក លោកនិងអនុប្រធានាធិបតីអ្នកស្រី Kamala Harris នឹងទៅគោរពវិញ្ញាណក្ខន្ធពួកគេនៅឯវាលមួយក្នុងសង្កាត់ Shanksville នៅរដ្ឋ Pennsylvania ជាកន្លែងស្លាប់នៃជនរងគ្រោះក្នុងយន្តហោះ United Airlines Flight 93 ដែលបានធ្លាក់៕