ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​វាយប្រយុទ្ធ​យក​ខេត្ត​ Anbar ពី​ពួក​រដ្ឋ​អ៊ីស្លាម​មកវិញ


កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ឋិតនៅ​កន្លែង​ត្រួតពិនិត្យ​មួយ​ក្នុង​តំបន់​ Jurf al-Sakher ៥០គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​បាកដាដ​ ដើម្បីការពារ​ការ​វិវត្តទៅមុខ​របស់​ពួក​រដ្ឋ​អ៊ីស្លាម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ពួក​គេ​បាន​បើកធ្វើ​កិច្ច​ប្រតិបត្តិការ​មួយ​មាន​គោលដៅ​វាយ​យក​មកវិញ​នូវ​ក្រុង​ Ramadi ​និង​ខេត្ត​ Anbar ​នា​ប៉ែក​ខាង​លិច​ប្រទេស​ពី​ការគ្រប់់​គ្រង​របស់​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

សេចក្តី​ប្រកាស​នេះត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃអង្គារ​ ក្នុងរយៈពេល​តិច​ជាង​ពីរ​អាទិត្យ​ក្រោយ​ពី​ពួក​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​និយម​បាន​ត្រួតត្រា​ទី​រួម​ខេត្ត​នេះ។​ ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​និង​ពួក​ជីវពល​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​បាន​ប្រុង​ប្រៀប​នៅ​ខាង​កើត​ក្រុង​នេះ​ដើម្បី​ធ្វើការ​វាយ​លុក​យក​មក​វិញ​នូវ​ខេត្ត​នេះ​ដែល​មាន​អ្នក​ស្រុក​ភាគច្រើន​ជា​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​សុន្នី។

នៅ​ក្រោយ​សេចក្តី​ប្រកាសរបស់​រដ្ឋាភិបាល​ក្រុង​បាកដាដ​ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ បាន​មាន​ប្រសាសន៍នៅ​ឯ​សេតវិមាន​ថា ​ស.រ.អា.​ត្រូវតែ​«គិត​ថា​តើ​យើង​បាន​បញ្ជូន​និង​បាន​ចាត់ចែង​ធ​នធាន​យើង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ឬទេ»​ដើម្បី​ឱ្យ​បាន​សម្រេច​គោលដៅ​ក្នុង​ការ​វាយ​យក​ក្រុង​ Ramadi ​មកវិញ។

អ្នកនាំ​ពាក្យ​ម្នាក់​របស់​ពួក​ជីវពល Shi'ite ​បាន​និយាយ​ថា ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាន​តាំង​ទី​នៅ​លើ​ចំហៀង​បី​នៃ​ក្រុង​ Ramadi។​

ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ពួក​មន្ត្រី​ខេត្ត Anbar​ ដែល​បាន​និយាយ​ថា ​មាន​ការ​ប្រយុទ្ធ​គ្នា​និង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅផ្នែក​ខាង​លិច​និង​ខាងត្បូង​ក្រុង Ramadi ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​វាយ​យក​តំបន់​ជាយ​ក្រុង​នេះ​មកវិញ៕

XS
SM
MD
LG