ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​សិទ្ធិ​​មនុស្ស​​និយាយ​​ថា​ ពួក​​រដ្ឋ​​អ៊ីស្លាម​​ដណ្តើម​យក​​បាន​​ទី​ក្រុង​​បុរាណ​​ Palmyra​​ របស់​​ស៊ីរី


នេះ​ជា​រូបភាព​មួយ​បញ្ចេញ​នៅ​ថ្ងៃ​ទី២០​ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​វេប​សាយ​របស់ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​​ដែល​បាន​បង្ហាញ​ពីរថក្រោះ​​ក្រុម​យុទ្ធជន​​រដ្ឋ​អ៊ីស្លាម​ធ្វើ​ការ​ប៉ះ​ទង្គិច​គ្នា ជា​មួយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នៅ​លើ​ផ្លូវ​រវាង​​ក្រុង​ Homs និង​Palmyra ក្នុង​ប្រទេសស៊ីរី។
នេះ​ជា​រូបភាព​មួយ​បញ្ចេញ​នៅ​ថ្ងៃ​ទី២០​ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​វេប​សាយ​របស់ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​​ដែល​បាន​បង្ហាញ​ពីរថក្រោះ​​ក្រុម​យុទ្ធជន​​រដ្ឋ​អ៊ីស្លាម​ធ្វើ​ការ​ប៉ះ​ទង្គិច​គ្នា ជា​មួយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នៅ​លើ​ផ្លូវ​រវាង​​ក្រុង​ Homs និង​Palmyra ក្នុង​ប្រទេសស៊ីរី។

អង្គការ​ឃ្លាំ​មើល​មួយ​បាន​និយាយ​ថា​ ពួក​រដ្ឋ​អ៊ីស្លាម​ ឥឡូវ​នេះ​បាន​ចូល​ត្រួត​ត្រា​សំណង់​បែក​បាក់​នៃ​ទី​ក្រុង​បុរាណ​ Palmyra​ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ដណ្តើម​យក​បាន​ទី​ក្រុង​នេះ​ពី​កង​កម្លាំង​រដ្ឋាភិបាល។​

អង្គការ​សិទ្ធិ​មនុស្ស​ Syrian​ Observatory​ for​ Human​ Rights​ បាន​និយាយ​ថា​ ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ បាន​ចូល​កាន់​កាប់​កន្លែង​ដែល​មាន​អាយុ​ ២​ ពាន់​ឆ្នាំ​ ហើយ​ដែល​អង្គការ​ UNESCO​ ចាត់​ទុក​ជា​កន្លែង​កេរ្ត៍​ដំណែល​ពិភពលោក​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។​

មក​ទល់​នឹង​ពេល​នេះ ​មិន​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ខូចខាត​ទៅ​លើ​សំណង់​បាក់​បែក​នេះ​ទេ។​ ក៏​ប៉ុន្តែ​ពួក​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​ បាន​បំផ្លាញ​ទីកន្លែង​បុរាណ​មួយ​ចំនួន​ធំ​ នៅ​ពេល​ដែល​ពួក​គេ​ដណ្តើម​យក​បាន​ទឹក​ដី។​

លោក​ Maamoun​ Abdulkarim​ នាយក​វត្ថុ​បុរាណ​របស់​ ស៊ីរី​ និយាយ​ថា​ គេ​បាន​ដក​យក​រូប​សំណាក់​ជា​ច្រើន​រយ​ចេញ​ពី​ទីក្រុង​នេះ​ នៅ​មុន​ពេល​ពួក​រដ្ឋ​អ៊ីស្លាម​ចូល​កាន់​កាប់​ នៅ​សល់​តែ​រូប​សំណាក​ធំៗ​ដែល​មិន​អាច​ដក​ចេញ​បាន។​

លោក​ស្រី​ Marie Harf​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ មន្រ្តី​អាមេរិកាំង​ មាន​សេចក្តី​ព្រួយ​បារម្ភ​ ហើយ​សង្ឃឹម​ថា​ទីកន្លែង​បុរាណ​នៅ​ Palmyra​ នឹង​មិន​មាន​ការ​ខូច​ខាត​អ្វី​ទេ​ តែ​លោក​ស្រី​ថ្លែង​ថា​ លោក​ស្រី​មិន​ប្រាកដ​ថា​ តើ​គេ​អាច​ធ្វើ​អ្វី​ទៀត​បាន​ទេ​ នៅ​ពេល​នេះ៕​

XS
SM
MD
LG