ទីភ្នាក់ងារព័ត៌មាន Fars នៃប្រទេសអ៊ីរ៉ង់បានផ្សាយថា សមាជិកជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា កាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការខ្លីរបស់អ៊ីរ៉ង់អាចបាញ់ដល់នាវាចម្បាំងនៅក្នុងឈូងសមុទ្រពែក «បានដោយងាយ»។
អត្ថាធិប្បាយនេះធ្វើឡើងដោយលោក Mohammad Saleh Jokar អគ្គមេបញ្ជាការរងនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលធ្វើឡើងនៅពេលមានកំណើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់នោះដោយបាន
បញ្ជូននាវាចម្បាំងថែមទៀតទៅកាន់តំបន់នោះ និងបានបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដើម្បីនឹងទប់ទល់នឹងការគំរាមកំហែងពីសាធារណរដ្ឋឥស្លាមនេះ។ ឈូងសមុទ្រពែក ជាផ្លូវទឹកមួយក្នុងបណ្តាផ្លូវសមុទ្រយុទ្ធសាស្ត្រសំខាន់ៗក្នុងពិភពលោក ហើយការផ្គត់ផ្គង់ប្រេងមួយភាគបីក្នុងពិភពលោកបានឆ្លងកាត់ឈូងសមុទ្រនេះ។
លោក Jokar បាននិយាយថាសហរដ្ឋអាមេរិក «មិនអាចបង់សោហ៊ុយនៃការធ្វើសង្គ្រាមថ្មីមួយទៀតទេ» ហើយថាសង្គ្រាមមួយអាចនាំឱ្យមានផលមិនល្អដល់ការផ្គត់ផ្គង់ប្រេងសាកល។ លោកបានថ្លែងបន្ថែមថា «ប្រសិនបើមានសង្គ្រាម ពិភពលោកនឹងរងទុក្ខវេទនា»។
សេក្តីថ្លែងនេះរបស់លោក Jokar ធ្វើឡើង នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif កំពុងខិតខំប្រឹងប្រែងខាងការទូតយ៉ាងខ្លាំងដើម្បីថែរក្សាឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយបណ្តាប្រទេសមហាអំណាច។
នៅក្នុងដំណើរទស្សនកិច្ចមួយក្នុងប្រទេសចិនកាលពីថ្ងៃសុក្រ លោក Zarif បានរិះគន់ក្រុមមេដឹកនាំពិភពលោកថា «សេចក្តីថ្លែងការណ៍គាំទ្រ» មិនគ្រប់គ្រាន់ទេដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ៕