ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ង់​ច្រាន​ចោល​សេចក្តី​អញ្ជើញ​របស់​លោក​ ត្រាំ​ ដែល​ឲ្យ​ខ្លួន​ហៅ​ទូរស័ព្ទ​ទៅ​លោក


រូបឯកសារ៖ ប្រធានាធិបតី​ត្រាំ ក្នុង​ពេល​និយាយ​តាម​ទូរស័ព្ទ​នៅ​ការិយាល័យរាង​ពង​ក្រពើនៃ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ប្រធានាធិបតី​ត្រាំ ក្នុង​ពេល​និយាយ​តាម​ទូរស័ព្ទ​នៅ​ការិយាល័យរាង​ពង​ក្រពើនៃ​សេតវិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ទីភ្នាក់ងារ​ព័ត៌មាន​ពាក់​កណ្តាល​ផ្លូវការ​ Tasnim ​នៃ​ប្រទេស​អ៊ីរ៉ង់បាន​ដក​ស្រង់​ពាក្យ​សម្តី​មេ​បញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដែល​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​ នឹង​មិន​ធ្វើការ​ចរចា​ជាមួយ​ស.រ.អា.​ទេ។​

សេចក្តី​ថ្លែងការណ៍​នេះ​មាន​ឡើង​ក្រោយ​សេចក្តី​អញ្ជើញ​ដោយ​មិន​ផ្ទាល់​របស់​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ ដល់​ពួក​មេដឹកនាំ​អ៊ីរ៉ង់​ឱ្យ​ហៅ ទូរស័ព្ទ​ទៅ​លោក។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក ត្រាំ​ បាន​អំពាវនាវ​បីបួន​ដង​ឱ្យ​មាន​កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់។​ លោក​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ «អ្វីដែល​ខ្ញុំ​ចង់​ឃើញ​ជាមួយ​អ៊ីរ៉ង់ គឺ​ខ្ញុំ​ចង់​ឃើញ​ពួក​គេ​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ»។

ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ ទី​ភ្នាក់ងារព័ត៌មាន ​Tasnim ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ឧត្តមសេនីយ៍​ Yadollah Javani ​ដែល​បាន​និយាយ​ថា​ «នឹង​គ្មាន​ការ​ចរចា​ជាមួយ​ប្រទេស​អាមេរិក​ទេ»។ លោកក៏​បាន​ថ្លែង​ដែរ​ថា​ ស.រ.អា. ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​កង​វាយ​ប្រហារ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិកាំង​ឈ្មោះ ​USS Abraham Lincoln ​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ B-52 បួន​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​នៅ​ក្រោយ​មាន​កង្វល់​ថា​ប្រទេស​អ៊ីរ៉ង់​ប្រហែល​គ្រោង​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ទី​ដៅ​អាមេរិកាំង។

លោក​វរនាវីឯក ​William Urban​ អ្នកនាំ​ពាក្យ​នៃ​ទីបញ្ជាការ​កណ្តាល​ស.រ.អា.​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ កង​វាយ​ប្រហារ​នៃ​កប៉ាល់​ផ្ទុក​យន្ត​ហោះ​ចម្បាំង​នេះ​បាន​ឆ្លង​កាត់​ព្រែក​ជីក​ Suez ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​លោក​ក៏​បាន​ថ្លែង​ដែរ​ថា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន ​B-52 ​ពីរ​គ្រឿង​បាន​ទៅ​ដល់​តំបន់​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ ​ចំណែក​ឯយន្ត​ហោះ​បែប​នេះ​ពីរ​គ្រឿង​ទៀត​បាន​ទៅ​ដល់ទី​នោះ​កាល​ពី​ថ្ងៃ​ពុធ។​

មន្ត្រី​ខាង​ការពារ​ប្រទេស​ម្នាក់​បាន​បញ្ជាក់​ដោយ​មាន​លក្ខខណ្ឌ​មិន​ឱ្យ​ប្រាប់​ឈ្មោះ​លោក​ថា​ នៅ​ពេល​នេះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​នេះ​កំពុង​តាំង​ទី​នៅ​ឯមូលដ្ឋាន​កងទ័ព​អាកាស​ al-Udeid​ នៅ​ក្នុង​ប្រទេស​កាតា៕

XS
SM
MD
LG