ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក នឹង​ចរចា​ដោយ​ប្រយោល​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅ​ថ្ងៃ​អង្គារ​នេះ


រូបឯកសារ៖ ទង់ជាតិ​អ៊ីរ៉ង់ នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) ក្នុង​អំឡុងពេល​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​អភិបាល​នៃ​ទីភ្នាក់ងារ​នៅ​ទីក្រុង​វីយែន នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ប្រទេស​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ការ​ចរចា​ដោយ​ប្រយោល​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស នៅ​ថ្ងៃ​អង្គារ​នេះ អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កន្លង​មក អ៊ីរ៉ង់​បាន​រំលោភ​ជា​បន្តបន្ទាប់​លើ​ការ​ដាក់​កំហិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ការ​រំលោភ​នេះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដក​ខ្លួន​ចេញ​របស់​សហរដ្ឋ​អាមេរិក​ពី​កិច្ច​ព្រមព្រៀង​នេះ​កាលពី​ឆ្នាំ ២០១៨ និង​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​លើ​អ៊ីរ៉ង់។

មន្រ្តី​រដ្ឋាភិបាល​អ៊ីរ៉ង់​ម្នាក់​បាន​បញ្ជាក់​ថា៖ «របៀបវារៈ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​វីយែន​នេះ គឺ​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​អស់​ដែល​ដាក់​លើ​អ៊ីរ៉ង់​ចេញ។ ...ដូច​ដែល​មេដឹកនាំ​កំពូល​របស់​យើង​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​ដែរ រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​មិន​ទទួល​យក​នូវ​អ្វី​ដែល​តិច​ជាង​នេះ​ទេ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Joe Biden ចង់​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នេះ ប៉ុន្តែ​បាន​និយាយ​ថា ការ​ស្ដារ​ឡើង​វិញ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ចរចា។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​វីយែន​នេះ​ផ្ដោត​លើ «វិធានការ​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​នឹង​អនុវត្ត ដើម្បី​ត្រឡប់​មក​គោរព​ឡើង​វិញ» តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ។

នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្សេង​ទៀត​ដែល​ដាក់​លើ​អ៊ីរ៉ង់​ត្រូវ​បាន​ដក​ចេញ​ជា​ថ្នូរ​នឹង​ការ​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG