ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់​ឲ្យ​សម្រួល​គ្នា​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ


រូបឯកសារ៖ ក្នុង​រូបថត​កាល​ពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ នេះ បុគ្គលិក​ម្នាក់​ជិះកង់​កាត់​រោងចក្រ​ផលិត​នុយក្លេអ៊ែរ Bushehr ដែល​ស្ថិត​នៅ​ជាយក្រុង Bushehr ប្រទេស​អ៊ីរ៉ង់។

ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីរ៉ង់​ឈាន​ជំហាន​ទៅ​វិញ​ទៅ​មក និង​សម្រប​សម្រួល​គ្នា​វិល​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ ស្រប​ពេល​ដែល​ប្រទេស​ហត្ថលេខី​នានា​នៃ​កិច្ច​ព្រមព្រៀង​នេះ​កំពុង​ធ្វើ​ការ​ដើម្បី​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នេះ។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ជាប់​គាំង​តាំងពី​ពេល​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​កាលពី​ឆ្នាំ ២០១៨ មក និង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា៖ «ដើម្បី​ដោះសា្រយ​កិច្ចការ​បន្ទាន់​នេះ យើង​ជឿ​ថា វា​អាច​ទៅ​រួច​ទាំង​ស្រុង​ដែល​ប្រទេស​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ឈាន​ជំហាន​ក្នុង​ពេល​ដំណាល​គ្នា»។

លោក Lavrov បាន​ប្រាប់​អ្នក​កាសែត​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉េត​អារ៉ាប់​រួម​ថា៖ «ប្រសិនបើ​យើង​មាន​ចេតនា​ទុក​ឲ្យ​ភាគី​ណា​មួយ​ធ្វើ​ចំណាត់ការ​មុន​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង នោះ​ការ​ចរចា​បែប​នេះ​នឹង​នៅ​បន្ត​រហូត​គ្មាន​ពេល​បញ្ចប់»។

ក្រោយ​ពី​លោក Joe Biden បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក រដ្ឋាភិបាល​អាមេរិក រដ្ឋាភិបាល​អ៊ីរ៉ង់ និង​ភាគី​អឺរ៉ុប​នៃ​កិច្ច​ព្រមព្រៀង​នេះ ដែល​រួម​មាន​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស បាន​ព្យាយាម​ស្រោចស្រង់​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់​លោក Biden ចង់​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ​មុន ចំណែក​ឯ​អ៊ីរ៉ង់​វិញ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លុបចោល​ទណ្ឌកម្ម​ជា​មុន៕

XS
SM
MD
LG