ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ចាប់ផ្ដើម​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​ឡើង​វិញ​ទៅ​លើ​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់


សមាជិក​ម្នាក់​នៃ​កង​សន្តិសុខ​អ៊ីរ៉ាក់ ចុះត្រួតពិនិត្យ​មើល​ការខូចខាត​នៅ​ខាងក្រៅ​ឧទ្យាន Zawraa ក្នុង​រដ្ឋធានី​បាកដាដ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី​គ្រាប់រ៉ុកែតមួយចំនួន ​ត្រូវ​បាន​បាញ់​ទៅលើ​​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់។
សមាជិក​ម្នាក់​នៃ​កង​សន្តិសុខ​អ៊ីរ៉ាក់ ចុះត្រួតពិនិត្យ​មើល​ការខូចខាត​នៅ​ខាងក្រៅ​ឧទ្យាន Zawraa ក្នុង​រដ្ឋធានី​បាកដាដ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី​គ្រាប់រ៉ុកែតមួយចំនួន ​ត្រូវ​បាន​បាញ់​ទៅលើ​​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់។

ភាពស្ងប់ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​នៅ​ខាង​ក្នុង​ និង​នៅ​ជុំវិញ​តំបន់ Green Zone ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ ត្រូវ​បាន​បង្អាក់​កាលពី​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​គ្រាប់​រ៉ុកកែត​មួយ​ចំនួន​ ត្រូវបាន​គេ​បាញ់​ទៅ​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ការការពារ​រឹងមាំ​ និង​ជាទីកន្លែងដែលមាន​ការិយាល័យសំខាន់ៗ​របស់​រដ្ឋាភិបាល​ និង​ការិយាល័យ​ការទូត​ផ្សេងៗ​ទៀត​នៅ​ក្នុង​នោះ។

មន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា មាន​គ្រាប់​រ៉ុកកែត​យ៉ាង​តិច​ណាស់​ក៏​ចំនួន ​៣ គ្រាប់​ដែរ​នៃ​គ្រាប់​រ៉ុកកែត​ទាំងអស់​ចំនួន ​៧ គ្រាប់​ ដែល​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​ប្រព័ន្ធ​ចាប់​រ៉ុកកែត (C-Ram) ដែល​ត្រូវ​បានបំពាក់​នៅ​ជិត​ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ គ្រាប់​រ៉ុកកែត​ខ្លះ​បាន​ធ្លាក់​នៅ​ក្បែរ​តំបន់​ដែល​ជនស៊ីវិល​រស់នៅ ​ដោយ​បាន​សម្លាប់​កូនក្មេង​យ៉ាង​តិច​ណាស់​ម្នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ទៀត​រង​របួស។ ការ​វាយប្រហារ​នេះ​មិន​បាន​ធ្វើ​ឲ្យពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​ស្លាប់​ ឬ​រងរបួស​ទេ។

កាល​ពី​ដំបូង​ឡើយ ក្រុម​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ដែល​ហៅថា Ashab al-Kahf ដែល​ប្រភព​ស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ាក់​ពណ៌នា​ថា ជា​សាខា​របស់​ក្រុម Kataib Hezbollah ដែល​ជា​ក្រុម​មួយ​ដែល​គេ​តែងតែ​សង្ស័យ​ថា​ ជា​អ្នក​បើក​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​នានា​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​បាន​អះអាង​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា​ ខ្លួន​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ​នេះ​។

ប៉ុន្តែ​ក្រោយ​ពី​ព័ត៌មាន​អំពី​ជនស៊ីវិល​រងរបួស​ត្រូវ​បាន​ចេញផ្សាយ ក្រុម Kataib Hezbollah និង​សម្ព័ន្ធមិត្ត​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​សភា​អ៊ីរ៉ាក់ គឺ​ក្រុម Fatah Coalition បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ ដោយ​បដិសេធ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ Shiite នៅ​ក្នុង​ការ​វាយប្រហារ​នេះ។ ពួកគេ​បាន​ស្ដីបន្ទោស​ដោយ​គ្មាន​ភស្តុតាង​ ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វាយប្រហារ​នេះ ដោយ​គូសបញ្ជាក់​នូវ​សេចក្ដីរាយការណ៍​ដែល​ថា «ក្រុម​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ធ្វើ​ការ​វាយប្រហារ​នេះ​ម្ដង​ទៀត»។ សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាប់​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ដែល​ហិង្សា​នោះ ​ទទួល​ខុសត្រូវ​ផង​ដែរ៕ ​

XS
SM
MD
LG