ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីនធឺណិត​ភាគ​ច្រើន​នៅ​​អ៊ីរ៉ង់​មិន​ដំណើរ​ការ​ មាន​តែ​បន្តិច​បន្តួច​នៅ​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស


ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង Kermanshah ប្រទេស​អ៊ីរ៉ង់។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង Kermanshah ប្រទេស​អ៊ីរ៉ង់។

ការ​គ្មានដំណើរ​ការ​នៃ​បណ្តាញ​អ៊ីនធឺណិត​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដែល​មាន​គោល​ដៅបង្ក្រាបបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ចូល​ដល់​ថ្ងៃ​ទី៦​ហើយ​ដោយ​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​នេះ​បាន​កើន​ឡើង​បន្តិចនៅ​ពេល​អាជ្ញាធរ​និយាយ​ថា ​ពួក​គេ​បាន​ភ្ជាប់​តំបន់​មួយ​ចំនួន​ទៅ​នឹង​បណ្តាញ​នេះ​ឡើង​វិញ។

នៅ​ក្នុងសារ​នៅ​លើ​បណ្ដាញ Twitter ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​ឃ្លាំ​មើល​បណ្តាញ អ៊ីនធឺណិត ​NetBlocks ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ បាន​និយាយ​ថា​ ការ​គ្មាន​សេវា​អ៊ីនធឺណិត​ សឹង​តែ​ទាំង​ស្រុងនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ធូរ​ស្រាល​នៅ​ក្រោយ​រយៈ​ពេល​១១៣​ម៉ោង​ ដោយ​អត្រា​នៃ​ការ​ភ្ជាប់​នឹង​បណ្តាញ​នេះ​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ពី​៥%​ទៅ​១០%​ ហើយ​បន្ទាប់​មក​ឡើង​ដល់​១៥%​នៅ​ព្រឹក​ថ្ងៃ​សុក្រ​តាម​ពេល​វេលា​ក្នុង​ប្រទេស​អ៊ីរ៉ង់។​

ការ​ភ្ជាប់នឹង​បណ្តាញ​នេះ​បាន​ចុះ​ថយ​មក​ត្រឹម​៥%​នៅ​យប់​ថ្ងៃ​សៅរ៍​ ហើយ​បាន​ឋិត​នៅ​ត្រឹម​កម្រិត​នេះ​រហូត​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

ទីភ្នាក់ងារ​ព័ត៌មានរបស់​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ អាជ្ញាធរ​បាន​ធ្វើ​ឱ្យ​មាន​ជា​លំដាប់​នូវ​សេវា​អ៊ីនធឺណិត​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ខេត្ត​ Hormozgan ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ផង​ដែរ​ ដែល​មាន​កំពង់​ផែ​ធំ ​Bandar Abbas។​

ថ្លែង​ទៅ​កាន់​ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​តេហេរ៉ង​ លោក ​Abolhassan Firouzabadi ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​កំពូល​ខាង​បច្ចេកវិទ្យា​ព័ត៌មាន ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា ​អង្គការ​របស់​រដ្ឋ​នេះ​នឹង​ធ្វើ​សេចក្តី​សម្រេច​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ អំពី​ថា​តើ​នឹង​បញ្ចប់​ការ​បិទ​អ៊ីនធឺណិត​ ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​មក​ហើយ​នេះ​ឬ​ទេ។

ការ​បិទ​សេវា​បណ្តាញ​អ៊ីនធឺណិត ​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ​ដែល​មាន​ភាព​ខ្សោយ​រួច​ស្រេច​ហើយ​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ស.រ.អា.។ លោក​បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា​ការ​គ្មាន​សេវា​អ៊ីនធឺណិត​នឹង​ចប់​ក្នុង​ពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ៕

XS
SM
MD
LG